ព័ត៌មាន

របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

2024-11-12 04:14:47 ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
អ្នកមើល 966
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិវឌ្ឍនៃការអភិវឌ្ឍសង្គមជាតិត្រូវការអ្នកមានចំណេះដឹងច្រើន ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអ្នកចេះដឹងនៅក្នុងនោះដែរ បែរជាដឹកនាំកម្ពុជាឆ្ពោះទៅរកអន្តរាយទៅវិញ។ ការលើកឡើងអំពីចម្ងល់នេះ គេហាក់ដូចជាមិនបានសិក្សាឱ្យបានជាក់ច្បាស់អំពីស្ថានភាពនៃការដឹកនាំនៃរបបនោះឡើយ។

មេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអ្នកមានសិទ្ធិអំណាចសម្រេចចិត្តគឺ ប៉ុល ពត គឺជាមនុស្សដែលពុំបានទទួលការសិក្សាទូលំទូលាយនោះឡើយ ពោល ប៉ុល ពត បានចូលរៀនត្រឹមតែកម្រិតកម្មករជំនាញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានជនជាតិអាម៉េរិកឈ្មោះ Nate Thayer ដែលជាអ្នកបានសម្ភាសន៍ ប៉ុល ពត ផ្ទាល់តែម្នាក់គត់ មុន ប៉ុល ពត ស្លាប់ ប៉ុល ពត បានសារភាពថាខ្លួនមិនបានរៀនចេះដឹងអ្វីនោះទេ ដោយ ប៉ុល ពត រៀននៅប្រទេសបារាំង គ្មានលុយកាក់អ្វីនោះឡើយ ហើយមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ នឹកស្រមៃឃើញតែវណ្ណៈអធននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប៉ុល ពត បានមើលតែសៀវភៅក្រហម ជាសៀវភៅកុម្មុយនីស្តតែមួយគត់ដែល ប៉ុល ពត បានអាន នៅស្ទឹងសែន ទីក្រុងប៉ារីស ប្រទេសបារាំង។

ជាសក្ខីភាពផ្ទាល់ដែលបញ្ជាក់ថា របបប្រល័យមនុស្សជាតិនេះ បានចាត់ទុកបញ្ញវន្តជាសត្រូវនោះគឺ ក្រោយការឡើងកាន់អំណាច ប៉ុល ពត បានធ្វើការអំពាវនាវឱ្យបញ្ញវន្តខ្មែរ ដែលនៅបរទេសទាំងអស់ ចូលមកកម្ពុជាដើម្បីកសាងប្រទេសជាតិជាមួយនឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំដ៏ឃោរឃៅរូបនេះ បានយកបញ្ញវន្តដែលវិលត្រឡប់ទៅមាតុភូមិកំណើត ដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញនោះ ទៅសម្លាប់ចោលទាំងអស់ ដែលនេះបានបញ្ជាក់អំពីកំហឹងនិងការគុំគួនវណ្ណៈរបស់ ប៉ុល ពត ចំពោះបញ្ញវន្តនិងអ្នកមានចំណេះដឹងជាទូទៅ។

បន្ថែមពីនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ថែមទាំងបានចាត់ទុកជនទាំងឡាយណាដែលឃើញមានពាក់វែនតា ឬត្រូវបានស៊ើបដឹងថាជាគ្រួសារ សាច់ញាតិរបស់កងទ័ព នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋការសម័យមុន ត្រូវបានកម្លាំងនៃរបបនេះនាំយកទៅសម្លាប់ចោលទាំងអស់ ដោយពួកគេបានអះអាងថា ជីកស្មៅ ត្រូវជីកទាំងឫស ចៀសវាងបន្សល់ដានទៅដល់ថ្ងៃក្រោយ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មេដឹកនាំនៃរបបនេះ បានសម្លាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរដែលស្ថិតនៅក្នុងប្រទេសចោលស្ទើតែទាំងអស់ ឱ្យតែខ្លួនរកឃើញថាជាមនុស្សមានចំណេះដឹង។ ត្រង់នេះ ប៉ុល ពត ហាក់មានការព្រួយបារម្ភចំពោះអ្នកចេះដឹង ដែលអាចនឹងងើបឡើងលេចធ្លោជាងខ្លួនទាំងនៅក្នុងជួរអ្នកដឹកនាំឬកម្មាភិបាលកណ្ដាល ក៏ដូចជាលទ្ធភាពនៃការជំរុញចរន្តប្រឆាំងនឹងខ្លួនពីមូលដ្ឋាននានានៅតាមតំបន់និងភូមិភាគ។

ការដឹកនាំប្រទេសដោយយកការកាប់សម្លាប់ជាតិសាសន៍ឯង ពិសេសផ្ដោតទៅលើការកាប់សម្លាប់អ្នកចេះដឹងដែលនៅសេសសល់ពីសង្គ្រាម គឺជានយោបាយដឹកនាំជាតិដ៏ល្ងង់ខ្លៅមួយ ដែលក្រុមជនកុម្មយនីស្តខ្មែរទាំងនេះ ពិសេស ប៉ុល ពត បានសាងនូវវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិមាតុភូមិ។ ជាលទ្ធផល ប្រទេសកម្ពុជា​នៅក្រោមការដឹកនាំរបស់ ប៉ុល ពត បានឈានទៅរកភាពទន់ខ្សោយជាទីបំផុត ទាំងក្នុងដំណើរការអភិវឌ្ឍប្រទេស ក៏ដូចជាការកសាងកម្លាំងដើម្បីការពារជាតិ ក៏ព្រោះតែភាពសង្ស័យ និងការភ័យខ្លាចចំពោះអ្នកមានចំណេះដឹង មិនអាចប្រមូលយកអ្នកមានចំណេះដឹងឱ្យចូលរួមជំរុញការអភិវឌ្ឍជាតិ និងពង្រឹងការដឹកនាំរដ្ឋរបស់ខ្លួន។

ជារួម សង្គមជាតិដែលដឹកនាំដោយសម្បូរធនធានមនុស្ស និងមានការចូលរួមពីបញ្ញវន្ត និងអ្នកមានចំណេះដឹងនៅក្នុងវិស័យឬជំនាញផ្សេងៗគ្នា នឹងឈានឆ្ពោះទៅកាន់ការរីកចម្រើន បើទោះបីជាមានការយល់ឃើញខុសៗគ្នាទៅតាមជ្រុងផ្សេងៗក្ដី ក៏តាមរយៈរបកគំហើញនៃបញ្ញវន្ត និងអ្នកប្រាជ្ញនានា សង្គមជាតិនោះនឹងមានវឌ្ឍនភាពជឿនលឿនឆ្ពោះទៅមុខជានិច្ច៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   ថ្ងៃចន្ទ, 15 វិច្ឆិកា 2021 ម៉ោង 07:09 PM
សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

2021-10-30 10:45:10   ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM

សេចក្តីប្រកាស