ព័ត៌មាន

របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

2024-11-12 04:14:47 ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
អ្នកមើល 2704
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិវឌ្ឍនៃការអភិវឌ្ឍសង្គមជាតិត្រូវការអ្នកមានចំណេះដឹងច្រើន ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអ្នកចេះដឹងនៅក្នុងនោះដែរ បែរជាដឹកនាំកម្ពុជាឆ្ពោះទៅរកអន្តរាយទៅវិញ។ ការលើកឡើងអំពីចម្ងល់នេះ គេហាក់ដូចជាមិនបានសិក្សាឱ្យបានជាក់ច្បាស់អំពីស្ថានភាពនៃការដឹកនាំនៃរបបនោះឡើយ។

មេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអ្នកមានសិទ្ធិអំណាចសម្រេចចិត្តគឺ ប៉ុល ពត គឺជាមនុស្សដែលពុំបានទទួលការសិក្សាទូលំទូលាយនោះឡើយ ពោល ប៉ុល ពត បានចូលរៀនត្រឹមតែកម្រិតកម្មករជំនាញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានជនជាតិអាម៉េរិកឈ្មោះ Nate Thayer ដែលជាអ្នកបានសម្ភាសន៍ ប៉ុល ពត ផ្ទាល់តែម្នាក់គត់ មុន ប៉ុល ពត ស្លាប់ ប៉ុល ពត បានសារភាពថាខ្លួនមិនបានរៀនចេះដឹងអ្វីនោះទេ ដោយ ប៉ុល ពត រៀននៅប្រទេសបារាំង គ្មានលុយកាក់អ្វីនោះឡើយ ហើយមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ នឹកស្រមៃឃើញតែវណ្ណៈអធននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប៉ុល ពត បានមើលតែសៀវភៅក្រហម ជាសៀវភៅកុម្មុយនីស្តតែមួយគត់ដែល ប៉ុល ពត បានអាន នៅស្ទឹងសែន ទីក្រុងប៉ារីស ប្រទេសបារាំង។

ជាសក្ខីភាពផ្ទាល់ដែលបញ្ជាក់ថា របបប្រល័យមនុស្សជាតិនេះ បានចាត់ទុកបញ្ញវន្តជាសត្រូវនោះគឺ ក្រោយការឡើងកាន់អំណាច ប៉ុល ពត បានធ្វើការអំពាវនាវឱ្យបញ្ញវន្តខ្មែរ ដែលនៅបរទេសទាំងអស់ ចូលមកកម្ពុជាដើម្បីកសាងប្រទេសជាតិជាមួយនឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំដ៏ឃោរឃៅរូបនេះ បានយកបញ្ញវន្តដែលវិលត្រឡប់ទៅមាតុភូមិកំណើត ដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញនោះ ទៅសម្លាប់ចោលទាំងអស់ ដែលនេះបានបញ្ជាក់អំពីកំហឹងនិងការគុំគួនវណ្ណៈរបស់ ប៉ុល ពត ចំពោះបញ្ញវន្តនិងអ្នកមានចំណេះដឹងជាទូទៅ។

បន្ថែមពីនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ថែមទាំងបានចាត់ទុកជនទាំងឡាយណាដែលឃើញមានពាក់វែនតា ឬត្រូវបានស៊ើបដឹងថាជាគ្រួសារ សាច់ញាតិរបស់កងទ័ព នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋការសម័យមុន ត្រូវបានកម្លាំងនៃរបបនេះនាំយកទៅសម្លាប់ចោលទាំងអស់ ដោយពួកគេបានអះអាងថា ជីកស្មៅ ត្រូវជីកទាំងឫស ចៀសវាងបន្សល់ដានទៅដល់ថ្ងៃក្រោយ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មេដឹកនាំនៃរបបនេះ បានសម្លាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរដែលស្ថិតនៅក្នុងប្រទេសចោលស្ទើតែទាំងអស់ ឱ្យតែខ្លួនរកឃើញថាជាមនុស្សមានចំណេះដឹង។ ត្រង់នេះ ប៉ុល ពត ហាក់មានការព្រួយបារម្ភចំពោះអ្នកចេះដឹង ដែលអាចនឹងងើបឡើងលេចធ្លោជាងខ្លួនទាំងនៅក្នុងជួរអ្នកដឹកនាំឬកម្មាភិបាលកណ្ដាល ក៏ដូចជាលទ្ធភាពនៃការជំរុញចរន្តប្រឆាំងនឹងខ្លួនពីមូលដ្ឋាននានានៅតាមតំបន់និងភូមិភាគ។

ការដឹកនាំប្រទេសដោយយកការកាប់សម្លាប់ជាតិសាសន៍ឯង ពិសេសផ្ដោតទៅលើការកាប់សម្លាប់អ្នកចេះដឹងដែលនៅសេសសល់ពីសង្គ្រាម គឺជានយោបាយដឹកនាំជាតិដ៏ល្ងង់ខ្លៅមួយ ដែលក្រុមជនកុម្មយនីស្តខ្មែរទាំងនេះ ពិសេស ប៉ុល ពត បានសាងនូវវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិមាតុភូមិ។ ជាលទ្ធផល ប្រទេសកម្ពុជា​នៅក្រោមការដឹកនាំរបស់ ប៉ុល ពត បានឈានទៅរកភាពទន់ខ្សោយជាទីបំផុត ទាំងក្នុងដំណើរការអភិវឌ្ឍប្រទេស ក៏ដូចជាការកសាងកម្លាំងដើម្បីការពារជាតិ ក៏ព្រោះតែភាពសង្ស័យ និងការភ័យខ្លាចចំពោះអ្នកមានចំណេះដឹង មិនអាចប្រមូលយកអ្នកមានចំណេះដឹងឱ្យចូលរួមជំរុញការអភិវឌ្ឍជាតិ និងពង្រឹងការដឹកនាំរដ្ឋរបស់ខ្លួន។

ជារួម សង្គមជាតិដែលដឹកនាំដោយសម្បូរធនធានមនុស្ស និងមានការចូលរួមពីបញ្ញវន្ត និងអ្នកមានចំណេះដឹងនៅក្នុងវិស័យឬជំនាញផ្សេងៗគ្នា នឹងឈានឆ្ពោះទៅកាន់ការរីកចម្រើន បើទោះបីជាមានការយល់ឃើញខុសៗគ្នាទៅតាមជ្រុងផ្សេងៗក្ដី ក៏តាមរយៈរបកគំហើញនៃបញ្ញវន្ត និងអ្នកប្រាជ្ញនានា សង្គមជាតិនោះនឹងមានវឌ្ឍនភាពជឿនលឿនឆ្ពោះទៅមុខជានិច្ច៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​បុរី​ញូវ​យ៉​ក​សហរដ្ឋអាម៉េរិក​ប្រក​បដោយ​សុ​វត្ថិភាព​នៅ​ម៉ោង​ជិត​៤​ទាបភ្លឺ​ថ្ងៃទី​២៨​កញ្ញា​នេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ ​«​ធ្វើ​ឱ្យ​អង្គការសហប្រជាជាតិ​​មាន​សារសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​   ភាពជា​អ្នកដឹក...

2018-09-28 08:20:50   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:20 PM
«សេចក្តីអំពាវនាវចំនួន១០​ចំណុច ដើម្បី​ចូលរួមបង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន បានចេញ​ផ្សាយ​នូវ​សេចក្តីអំពាវនាវ ស្តីពី ការបង្ការ...

2018-09-28 08:12:11   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:12 PM
«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...

2018-09-28 04:45:20   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...

2018-09-28 04:05:07   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:05 AM
«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្...

2018-09-28 02:49:27   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:49 AM
«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...

2018-09-28 02:22:00   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:22 AM

សេចក្តីប្រកាស