ព័ត៌មាន

របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

2024-11-12 04:14:47 ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
អ្នកមើល 783
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិវឌ្ឍនៃការអភិវឌ្ឍសង្គមជាតិត្រូវការអ្នកមានចំណេះដឹងច្រើន ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអ្នកចេះដឹងនៅក្នុងនោះដែរ បែរជាដឹកនាំកម្ពុជាឆ្ពោះទៅរកអន្តរាយទៅវិញ។ ការលើកឡើងអំពីចម្ងល់នេះ គេហាក់ដូចជាមិនបានសិក្សាឱ្យបានជាក់ច្បាស់អំពីស្ថានភាពនៃការដឹកនាំនៃរបបនោះឡើយ។

មេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអ្នកមានសិទ្ធិអំណាចសម្រេចចិត្តគឺ ប៉ុល ពត គឺជាមនុស្សដែលពុំបានទទួលការសិក្សាទូលំទូលាយនោះឡើយ ពោល ប៉ុល ពត បានចូលរៀនត្រឹមតែកម្រិតកម្មករជំនាញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានជនជាតិអាម៉េរិកឈ្មោះ Nate Thayer ដែលជាអ្នកបានសម្ភាសន៍ ប៉ុល ពត ផ្ទាល់តែម្នាក់គត់ មុន ប៉ុល ពត ស្លាប់ ប៉ុល ពត បានសារភាពថាខ្លួនមិនបានរៀនចេះដឹងអ្វីនោះទេ ដោយ ប៉ុល ពត រៀននៅប្រទេសបារាំង គ្មានលុយកាក់អ្វីនោះឡើយ ហើយមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ នឹកស្រមៃឃើញតែវណ្ណៈអធននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប៉ុល ពត បានមើលតែសៀវភៅក្រហម ជាសៀវភៅកុម្មុយនីស្តតែមួយគត់ដែល ប៉ុល ពត បានអាន នៅស្ទឹងសែន ទីក្រុងប៉ារីស ប្រទេសបារាំង។

ជាសក្ខីភាពផ្ទាល់ដែលបញ្ជាក់ថា របបប្រល័យមនុស្សជាតិនេះ បានចាត់ទុកបញ្ញវន្តជាសត្រូវនោះគឺ ក្រោយការឡើងកាន់អំណាច ប៉ុល ពត បានធ្វើការអំពាវនាវឱ្យបញ្ញវន្តខ្មែរ ដែលនៅបរទេសទាំងអស់ ចូលមកកម្ពុជាដើម្បីកសាងប្រទេសជាតិជាមួយនឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំដ៏ឃោរឃៅរូបនេះ បានយកបញ្ញវន្តដែលវិលត្រឡប់ទៅមាតុភូមិកំណើត ដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញនោះ ទៅសម្លាប់ចោលទាំងអស់ ដែលនេះបានបញ្ជាក់អំពីកំហឹងនិងការគុំគួនវណ្ណៈរបស់ ប៉ុល ពត ចំពោះបញ្ញវន្តនិងអ្នកមានចំណេះដឹងជាទូទៅ។

បន្ថែមពីនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ថែមទាំងបានចាត់ទុកជនទាំងឡាយណាដែលឃើញមានពាក់វែនតា ឬត្រូវបានស៊ើបដឹងថាជាគ្រួសារ សាច់ញាតិរបស់កងទ័ព នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋការសម័យមុន ត្រូវបានកម្លាំងនៃរបបនេះនាំយកទៅសម្លាប់ចោលទាំងអស់ ដោយពួកគេបានអះអាងថា ជីកស្មៅ ត្រូវជីកទាំងឫស ចៀសវាងបន្សល់ដានទៅដល់ថ្ងៃក្រោយ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មេដឹកនាំនៃរបបនេះ បានសម្លាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរដែលស្ថិតនៅក្នុងប្រទេសចោលស្ទើតែទាំងអស់ ឱ្យតែខ្លួនរកឃើញថាជាមនុស្សមានចំណេះដឹង។ ត្រង់នេះ ប៉ុល ពត ហាក់មានការព្រួយបារម្ភចំពោះអ្នកចេះដឹង ដែលអាចនឹងងើបឡើងលេចធ្លោជាងខ្លួនទាំងនៅក្នុងជួរអ្នកដឹកនាំឬកម្មាភិបាលកណ្ដាល ក៏ដូចជាលទ្ធភាពនៃការជំរុញចរន្តប្រឆាំងនឹងខ្លួនពីមូលដ្ឋាននានានៅតាមតំបន់និងភូមិភាគ។

ការដឹកនាំប្រទេសដោយយកការកាប់សម្លាប់ជាតិសាសន៍ឯង ពិសេសផ្ដោតទៅលើការកាប់សម្លាប់អ្នកចេះដឹងដែលនៅសេសសល់ពីសង្គ្រាម គឺជានយោបាយដឹកនាំជាតិដ៏ល្ងង់ខ្លៅមួយ ដែលក្រុមជនកុម្មយនីស្តខ្មែរទាំងនេះ ពិសេស ប៉ុល ពត បានសាងនូវវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិមាតុភូមិ។ ជាលទ្ធផល ប្រទេសកម្ពុជា​នៅក្រោមការដឹកនាំរបស់ ប៉ុល ពត បានឈានទៅរកភាពទន់ខ្សោយជាទីបំផុត ទាំងក្នុងដំណើរការអភិវឌ្ឍប្រទេស ក៏ដូចជាការកសាងកម្លាំងដើម្បីការពារជាតិ ក៏ព្រោះតែភាពសង្ស័យ និងការភ័យខ្លាចចំពោះអ្នកមានចំណេះដឹង មិនអាចប្រមូលយកអ្នកមានចំណេះដឹងឱ្យចូលរួមជំរុញការអភិវឌ្ឍជាតិ និងពង្រឹងការដឹកនាំរដ្ឋរបស់ខ្លួន។

ជារួម សង្គមជាតិដែលដឹកនាំដោយសម្បូរធនធានមនុស្ស និងមានការចូលរួមពីបញ្ញវន្ត និងអ្នកមានចំណេះដឹងនៅក្នុងវិស័យឬជំនាញផ្សេងៗគ្នា នឹងឈានឆ្ពោះទៅកាន់ការរីកចម្រើន បើទោះបីជាមានការយល់ឃើញខុសៗគ្នាទៅតាមជ្រុងផ្សេងៗក្ដី ក៏តាមរយៈរបកគំហើញនៃបញ្ញវន្ត និងអ្នកប្រាជ្ញនានា សង្គមជាតិនោះនឹងមានវឌ្ឍនភាពជឿនលឿនឆ្ពោះទៅមុខជានិច្ច៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា​«វិថីសម្ដេចវិបុលបញ្ញា សុខ អាន»

តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាល​ខេត្ត​សៀម​រាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់​ពី​ចំណុច​កែ...

2018-10-26 04:02:56   ថ្ងៃសុក្រ, 26 តុលា 2018 ម៉ោង 11:02 AM
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត នៅ សម្បត្តិ»

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជ...

2018-10-25 15:28:03   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 10:28 PM
«ការរៀបចំរចនាសម្ព័ន្ធ​ និង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ​ការពិភាក្សារូបសញ្ញាវិទ្យាស្ថាន និងការងារសន្និបាតប្រចាំឆ្នាំ២០១៨»

វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យស...

2018-10-25 10:30:10   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 05:30 PM
«វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម៖ កិច្ចប្រជុំវិសាមញ្ញស្តីពី ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន...»

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាម...

2018-10-25 09:22:39   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 04:22 PM
វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​សង្គម៖ កិច្ច​ប្រជុំរៀបចំរចនាសម្ព័ន្ធ​ សមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩

នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨​ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.)​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបើកកិច្ចប្រជុំ​ស្តីពី​ ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន​ សមិទ្ធផលកា...

2018-10-25 04:38:29   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 11:38 AM
«បច្ចេកសព្ទ ចំនួន០៥ពាក្យរបស់គណៈកម្មការគីមីវិទ្យានិងរូបវិទ្យាត្រូវបានអនុម័ត...»

ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2018-10-24 13:48:06   ថ្ងៃពុធ, 24 តុលា 2018 ម៉ោង 08:48 PM

សេចក្តីប្រកាស