Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ឆ្លើយតបទៅនឹងសំណួរដែលលើកឡើងដោយអ្នកចូលរួម ក្នុងឱកាសលោកបណ្ឌិត ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា»។
លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់អំពីទ្រឹស្ដី ដែលលើកឡើងដោយអ្នកប្រាជ្ញ អារីស្តូត ដែលលើកឡើងថា «វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាចម្បងនៃមុខវិជ្ជាវិទ្យាសាស្ត្រ (Political Science is the master of science)» ដែលមានន័យថា មុខជំនាញវិទ្យាសាស្ត្រនយោបាយ គឺជាមុខជំនាញសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តតាមរយៈការទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយ ដែលអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ មានសិក្សាមុខជំនាញផ្សេងៗជាច្រើន ជាហេតុនាំឱ្យអ្នកសម្រេចចិត្តដែលមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយ អាចធ្វើសេចក្ដីសម្រេចបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ថានការណ៍។ លោកបណ្ឌិតអះអាងថា ទ្រឹស្ដីដែលលើកឡើងដោយអារីស្តូតនេះ មានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ហើយនៅតែមានភាពត្រឹមត្រូវ ព្រោះការសម្រេចចិត្តធំៗលើវិស័យ និងជំនាញផ្សេងៗ សុទ្ធសឹងជាការសម្រេចចិត្តបែបនយោបាយ។
ជាការពិតណាស់ មនុស្សម្នាក់សុទ្ធសឹងតែមានការគិតខុសៗគ្នា មានសម្បជញ្ញៈផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីដឹកនាំមនុស្សបាន គេត្រូវមានមូលដ្ឋានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តអាចធ្វើឡើងប្រកបដោយភាពបត់បែន មានការថ្លឹងថ្លែងពិចារណាបានហ្មត់ចត់។ កន្លងមក មានការលើកឡើងថា "នយោបាយគឺជានយោបោក" ត្រូវបានលោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។ លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។
ជាចុងក្រោយ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត។
RAC Media | លឹម សុវណ្ណរិទ្ធ
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...
កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...