ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស

2024-11-11 10:29:47 ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 05:29 PM
អ្នកមើល 826
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ឆ្លើយតបទៅនឹងសំណួរដែលលើកឡើងដោយអ្នកចូលរួម ក្នុងឱកាសលោកបណ្ឌិត ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា»។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់អំពីទ្រឹស្ដី ដែលលើកឡើងដោយអ្នកប្រាជ្ញ អារីស្តូត ដែលលើកឡើងថា «វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាចម្បងនៃមុខវិជ្ជាវិទ្យាសាស្ត្រ (Political Science is the master of science)» ដែលមានន័យថា មុខជំនាញវិទ្យាសាស្ត្រនយោបាយ គឺជាមុខជំនាញសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តតាមរយៈការទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយ ដែលអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ មានសិក្សាមុខជំនាញផ្សេងៗជាច្រើន ជាហេតុនាំឱ្យអ្នកសម្រេចចិត្តដែលមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយ អាចធ្វើសេចក្ដីសម្រេចបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ថានការណ៍។ លោកបណ្ឌិតអះអាងថា ទ្រឹស្ដីដែលលើកឡើងដោយអារីស្តូតនេះ មានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ហើយនៅតែមានភាពត្រឹមត្រូវ ព្រោះការសម្រេចចិត្តធំៗលើវិស័យ និងជំនាញផ្សេងៗ សុទ្ធសឹងជាការសម្រេចចិត្តបែបនយោបាយ។

ជាការពិតណាស់ មនុស្សម្នាក់សុទ្ធសឹងតែមានការគិតខុសៗគ្នា មានសម្បជញ្ញៈផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីដឹកនាំមនុស្សបាន គេត្រូវមានមូលដ្ឋានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តអាចធ្វើឡើងប្រកបដោយភាពបត់បែន មានការថ្លឹងថ្លែងពិចារណាបានហ្មត់ចត់។ កន្លងមក មានការលើកឡើងថា "នយោបាយគឺជានយោបោក" ត្រូវបានលោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។ លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។

ជាចុងក្រោយ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«៦ចំណុចដែលគេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងករណីវេណេស៊ុយអេឡាបាន...»

ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ភ្នំពេញ៖ ក្នុងរយៈពេលប្រហែលជាមួយសប្ដាហ៍មកនេះ ទាំងអ្នកនយោបាយ អ្នកវិភាគ សកម្មជននយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងបណ្ដាញសង្គម Facebook បានផ្ដោតចំណាប់អារម្មណ៍ខ្លាំង...

2019-02-03 13:46:36   ថ្ងៃអាទិត្យ, 03 កុម្ភៈ 2019 ម៉ោង 08:46 PM
«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបន...

2019-02-01 09:48:20   ថ្ងៃសុក្រ, 01 កុម្ភៈ 2019 ម៉ោង 04:48 PM
«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ...

2019-01-30 10:30:03   ថ្ងៃពុធ, 30 មករា 2019 ម៉ោង 05:30 PM
«រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»

នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ​ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ...

2019-01-30 04:02:40   ថ្ងៃពុធ, 30 មករា 2019 ម៉ោង 11:02 AM
«អ្នកបឹងកេងកងប្រែមុខមាត់ថ្មី៖ ប្តូរពីសង្កាត់ ក្លាយជាខណ្ឌ ក្នុងដែនដីរាជធានីភ្នំពេញ»

បើយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ដីពីការបង្កើតខណ្ឌបឹងកេងកង ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបំបែកខណ្ឌចំការមន ដោយកាត់យកសង្កាត់ចំនួន៧ ដើម្បីបង្កើតខណ្ឌថ្មីមួយ គឺខណ្ឌបឹងកេងកង។ នៅ...

2019-01-29 11:48:44   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 06:48 PM
«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM

សេចក្តីប្រកាស