Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។
ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ
កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...
(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...
(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...