Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។
ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន...
យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥...
ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្...
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។...
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែ...
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយ...