ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញតាមទេពកោសល្យ ទើបមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន

2024-11-11 07:21:01 ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 02:21 PM
អ្នកមើល 760
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។

ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។

ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម

ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន​ ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...

2023-12-13 14:13:10   ថ្ងៃពុធ, 13 ធ្នូ 2023 ម៉ោង 09:13 PM
​ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន

ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...

2023-12-11 01:44:46   ថ្ងៃចន្ទ, 11 ធ្នូ 2023 ម៉ោង 08:44 AM
ទស្សនវិជ្ជាខ្មែរអំពី អាបោធាតុ(WATER in Khmer Philosophy) ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា- នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជានៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...

2023-12-04 08:36:59   ថ្ងៃចន្ទ, 04 ធ្នូ 2023 ម៉ោង 03:36 PM
កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន

ប្រទេសចិនបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ៣ខែ នៃការចេញដំណើររបស់រដ្ឋាភិបាលថ្មី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនា...

2023-12-01 14:34:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:34 PM
ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា

ចាប់តាំងពីប្រទេសអាចគ្រប់គ្រងបានទាំងស្រុង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ប្រមុខដឹកនាំកម្ពុជា ព្យាយាមស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបន្តបន្ទាប់ និងបានដាក់ចេញ នូវ គោលនយោបាយយុទ្ធសាស្ត្រជាច្រើន និងជាបន្តបន...

2023-12-01 14:18:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:18 PM
ប្រវត្តិស្រុករតនមណ្ឌល និងរមណីយដ្ឋានទេសចរណ៍ ដោយ៖ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ

ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិរឿងរ៉ាវបែបប្រវត្តិសាស្រ្ត ស្មុគស្មាញជាមួយប្រទេសជិតខាង។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ តម្រូវឱ្យ...

2023-11-29 07:46:58   ថ្ងៃពុធ, 29 វិច្ឆិកា 2023 ម៉ោង 02:46 PM

សេចក្តីប្រកាស