Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។
ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើ...
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវ...