Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។
ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជំុពិភាក្សាការងារជាមួយក្រុមប្រឹក្សាជា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ បណ្ឌិត្យសភាបីប្រទេស កម្ពុជា ឡាវ និងវៀតណាម (CLV) ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំ ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ស្របតាមតួនាទីភារក...
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ន...