ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច

2024-11-08 13:42:36 ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 08:42 PM
អ្នកមើល 905
post_detail1

          ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសត្រៀមខ្លួនធ្វើការងារជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។

          បើគេពិនិត្យលើស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៧ ដែលបានកំណត់គោលនយោបាយការបរទេស ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តថ្មី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិ និងការថែរក្សាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលពុំមានប្រធានបទធ្វើឱ្យទំនាក់ទំនងនេះល្អក់កករ ដោយទំហំពាណិជ្ជកម្ម ពិសេសការបញ្ជាទិញពីសហរដ្ឋអាម៉េរិកនៅតែរក្សាបានក្នុងកម្រិតល្អប្រសើរមួយ។ ទំនាក់ទំនងពាណិជ្ជកម្មនេះ គឺជាផ្នែកមួយ ដែលបង្ហាញអំពីការចូលរួមចំណែករបស់សហរដ្ឋអាម៉េរិកនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅក្នុងអាណត្តិកន្លងទៅរបស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ពុំមានសញ្ញាណណាមួយដែលឈានទៅដល់ការធ្លាក់ចុះនៃកម្រិតទំនាក់ទំនងផងដែរ។ ដូច្នេះ នៅក្នុងរដ្ឋបាលដឹកនាំថ្មី របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧នេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ទំនងជានឹងបន្តប្រក្រតីភាពនិងអាចមានលទ្ធភាពប្រសើរឡើងជាងមុនផង​ដែរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋានដែលមានស្រាប់ ព្រោះលោក ដូណាល់ ត្រាំ ក៏នឹងនៅតែបន្តរក្សាគោលជំហរគាំពារនិយមរបស់ខ្លួន។ តាមរយៈនេះ លោក ដូណាល់ ត្រាំ នឹងកែសម្រួលតួនាទីនយោបាយការបរទេសសហរដ្ឋអាម៉េរិកនៅលើពិភពលោក ដោយងាកទៅពង្រឹងនយោបាយ​ក្នុងស្រុក និងគិតគូរទៅលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកជាចម្បង ជាជាងការពង្រីកលទ្ធភាពធ្វើសង្គ្រាមនៅឯក្រៅប្រទេសច្រើនដូចរដ្ឋបាលមុន។

          សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងព្យាយាមបញ្ចប់បញ្ហានៅខាងក្រៅដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនជាដើម ហើយងាកទៅពង្រឹងកិច្ចការខាងក្នុងវិញ។ ហេតុនេះ សម្រាប់ប្រទេសកម្ពុជា មិនមែនជាប្រធានបទដែលជះឥទ្ធិពលធំធេងទៅដល់សណ្ដាប់ធ្នាប់ពិភពលោក ទំនងជាងនឹងមិនមានការប្រែប្រួលធំធេងនោះទេ ហើយកម្ពុជាអាចព្យាយាមជំរុញទំនាក់ទំនងល្អប្រសើរបន្ថែមទៅទៀតផងដែរ។

          ទោះជាយ៉ាងណា សម្រាប់ប្រទេសកម្ពុជា នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច មិនមែនតែជាមួយសហរដ្ឋអាម៉េរិកតែមួយនោះទេ។ កម្ពុជាត្រូវតែប្រើប្រាស់នយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលមានន័យថា កម្ពុជាត្រូវតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់មហាអំណាចទាំង​អស់តាមរយៈការស្វែងយល់អំពីឥរិយាបថរបស់មេដឹកនាំ គោលនយោបាយការបរទេសរបស់មហាអំណាច ព្រោះនៅក្នុងអតីតកាលនិងបច្ចុប្បន្ន គ្រប់មហាអំណាចទាំងអស់ សុទ្ធសឹងតែមានឥទ្ធិពល ទោះជាដោយផ្ទាល់ឬប្រយោលក៏ដោយក្ដី លើស្ថានភាពតំបន់ និងប្រទេសកម្ពុជា។

          សម្រាប់សហរដ្ឋអាម៉េរិកក្រោយការផ្លាស់ប្ដូរមេដឹកនាំ កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងព្រមគ្នាជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងមហាអំណាចផ្សេងៗទៀត។ បច្ចុប្បន្ន មិនមែនជាយុគសម័យសង្គ្រាមត្រជាក់ ដែលត្រូវបង្ខំចិត្តជ្រើសរើសយកមហាអំណាចណាមួយ ហើយចោលមហាអំណាចម្ខាងទៀតនោះទេ។ មេដឹកនាំកម្ពុជាត្រូវពិនិត្យមើលលើការចង់បានរបស់មហាអំណាចចំពោះកម្ពុជា ហើយត្រូវសិក្សាទៅលើសារនយោបាយ ដែលបេក្ខភាពប្រធានាធិបតីបានយកមកឃោសនានៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមកនេះ។ អ្នកតាក់តែងគោលនយោបាយការបរទេស ត្រូវពិនិត្យពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយចំពោះលទ្ធភាពដែលមហាអំណាចអាចផ្លាស់ប្ដូរជំហរនយោបាយការបរទេស ឬក៏ការសម្រេចចិត្តផ្សេងៗទៅលើបញ្ហាក្នុងតំបន់និងពិភពលោក ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់​ប្រទេសកម្ពុជា។

          នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាច្រើនតែទទួលបានផលប្រយោជន៍នៅក្នុងទិដ្ឋ​ភាពផ្សេងៗគ្នាអាស្រ័យលើកម្រិតនៃទំនាក់ទំនង ភាពអនុគ្រោះ ឬឧត្ដមភាពរបស់កម្ពុជាផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់មហាអំណាចសហរដ្ឋអាម៉េរិក កម្ពុជាទទួលបាននូវផលប្រយោជន៍នៅក្នុងការដោះដូរពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ការនាំចេញផលិតផលកម្ពុជា ដែលសុទ្ធសឹងជាផលិតផលឧស្សាហកម្មធន់ស្រាល។ ការនាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនេះទៀតសោត គឺជាការចូលរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជាមានភាព​ចាំ​បាច់ត្រូវតែព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងដោះស្រាយនូវ​ការយល់ឃើញខុសគ្នា ឬករណីភ័ន្តច្រឡំណាមួយដែលកើតមានដោយសារតែពុំទាន់មានការបកស្រាយ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនៅឡើយ។

          បន្ថែមពីលើនេះ កម្ពុជាត្រូវតែពង្រឹងជំហរនៅក្នុងនយោបាយការបរទេស តាមរយៈការថ្លឹងថ្លែងយុទ្ធសាស្ត្រនយោបាយការបរទេសជាមួយនឹងមហាអំណាចទាំងអស់ ដោយត្រូវព្យាយាមថែរក្សានយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាត្រូវតែខិតខំប្រឹងប្រែងរក្សាឱ្យបាននូវស្ថិរភាពនយោបាយនិងសង្គមនៅក្នុងប្រទេស ព្រោះនៅពេលដែលស្ថានភាពនយោបាយនិងសង្គមមានស្ថិរភាព ដើម្បីទទួលបានការ​វិនិយោគពីក្រៅប្រទេស និងការដោះដូរពាណិជ្ជកម្មក្នុងលក្ខខណ្ឌអំណោយផល ដែលជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចប្រទេស ហើយនិងឈានទៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង​ជាលំដាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM

សេចក្តីប្រកាស