Royal Academy of Cambodia
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសត្រៀមខ្លួនធ្វើការងារជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។
បើគេពិនិត្យលើស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៧ ដែលបានកំណត់គោលនយោបាយការបរទេស ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តថ្មី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិ និងការថែរក្សាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលពុំមានប្រធានបទធ្វើឱ្យទំនាក់ទំនងនេះល្អក់កករ ដោយទំហំពាណិជ្ជកម្ម ពិសេសការបញ្ជាទិញពីសហរដ្ឋអាម៉េរិកនៅតែរក្សាបានក្នុងកម្រិតល្អប្រសើរមួយ។ ទំនាក់ទំនងពាណិជ្ជកម្មនេះ គឺជាផ្នែកមួយ ដែលបង្ហាញអំពីការចូលរួមចំណែករបស់សហរដ្ឋអាម៉េរិកនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅក្នុងអាណត្តិកន្លងទៅរបស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ពុំមានសញ្ញាណណាមួយដែលឈានទៅដល់ការធ្លាក់ចុះនៃកម្រិតទំនាក់ទំនងផងដែរ។ ដូច្នេះ នៅក្នុងរដ្ឋបាលដឹកនាំថ្មី របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧នេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ទំនងជានឹងបន្តប្រក្រតីភាពនិងអាចមានលទ្ធភាពប្រសើរឡើងជាងមុនផងដែរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋានដែលមានស្រាប់ ព្រោះលោក ដូណាល់ ត្រាំ ក៏នឹងនៅតែបន្តរក្សាគោលជំហរគាំពារនិយមរបស់ខ្លួន។ តាមរយៈនេះ លោក ដូណាល់ ត្រាំ នឹងកែសម្រួលតួនាទីនយោបាយការបរទេសសហរដ្ឋអាម៉េរិកនៅលើពិភពលោក ដោយងាកទៅពង្រឹងនយោបាយក្នុងស្រុក និងគិតគូរទៅលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកជាចម្បង ជាជាងការពង្រីកលទ្ធភាពធ្វើសង្គ្រាមនៅឯក្រៅប្រទេសច្រើនដូចរដ្ឋបាលមុន។
សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងព្យាយាមបញ្ចប់បញ្ហានៅខាងក្រៅដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនជាដើម ហើយងាកទៅពង្រឹងកិច្ចការខាងក្នុងវិញ។ ហេតុនេះ សម្រាប់ប្រទេសកម្ពុជា មិនមែនជាប្រធានបទដែលជះឥទ្ធិពលធំធេងទៅដល់សណ្ដាប់ធ្នាប់ពិភពលោក ទំនងជាងនឹងមិនមានការប្រែប្រួលធំធេងនោះទេ ហើយកម្ពុជាអាចព្យាយាមជំរុញទំនាក់ទំនងល្អប្រសើរបន្ថែមទៅទៀតផងដែរ។
ទោះជាយ៉ាងណា សម្រាប់ប្រទេសកម្ពុជា នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច មិនមែនតែជាមួយសហរដ្ឋអាម៉េរិកតែមួយនោះទេ។ កម្ពុជាត្រូវតែប្រើប្រាស់នយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលមានន័យថា កម្ពុជាត្រូវតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់មហាអំណាចទាំងអស់តាមរយៈការស្វែងយល់អំពីឥរិយាបថរបស់មេដឹកនាំ គោលនយោបាយការបរទេសរបស់មហាអំណាច ព្រោះនៅក្នុងអតីតកាលនិងបច្ចុប្បន្ន គ្រប់មហាអំណាចទាំងអស់ សុទ្ធសឹងតែមានឥទ្ធិពល ទោះជាដោយផ្ទាល់ឬប្រយោលក៏ដោយក្ដី លើស្ថានភាពតំបន់ និងប្រទេសកម្ពុជា។
សម្រាប់សហរដ្ឋអាម៉េរិកក្រោយការផ្លាស់ប្ដូរមេដឹកនាំ កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងព្រមគ្នាជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងមហាអំណាចផ្សេងៗទៀត។ បច្ចុប្បន្ន មិនមែនជាយុគសម័យសង្គ្រាមត្រជាក់ ដែលត្រូវបង្ខំចិត្តជ្រើសរើសយកមហាអំណាចណាមួយ ហើយចោលមហាអំណាចម្ខាងទៀតនោះទេ។ មេដឹកនាំកម្ពុជាត្រូវពិនិត្យមើលលើការចង់បានរបស់មហាអំណាចចំពោះកម្ពុជា ហើយត្រូវសិក្សាទៅលើសារនយោបាយ ដែលបេក្ខភាពប្រធានាធិបតីបានយកមកឃោសនានៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមកនេះ។ អ្នកតាក់តែងគោលនយោបាយការបរទេស ត្រូវពិនិត្យពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយចំពោះលទ្ធភាពដែលមហាអំណាចអាចផ្លាស់ប្ដូរជំហរនយោបាយការបរទេស ឬក៏ការសម្រេចចិត្តផ្សេងៗទៅលើបញ្ហាក្នុងតំបន់និងពិភពលោក ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រទេសកម្ពុជា។
នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាច្រើនតែទទួលបានផលប្រយោជន៍នៅក្នុងទិដ្ឋភាពផ្សេងៗគ្នាអាស្រ័យលើកម្រិតនៃទំនាក់ទំនង ភាពអនុគ្រោះ ឬឧត្ដមភាពរបស់កម្ពុជាផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់មហាអំណាចសហរដ្ឋអាម៉េរិក កម្ពុជាទទួលបាននូវផលប្រយោជន៍នៅក្នុងការដោះដូរពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ការនាំចេញផលិតផលកម្ពុជា ដែលសុទ្ធសឹងជាផលិតផលឧស្សាហកម្មធន់ស្រាល។ ការនាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនេះទៀតសោត គឺជាការចូលរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជាមានភាពចាំបាច់ត្រូវតែព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងដោះស្រាយនូវការយល់ឃើញខុសគ្នា ឬករណីភ័ន្តច្រឡំណាមួយដែលកើតមានដោយសារតែពុំទាន់មានការបកស្រាយ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនៅឡើយ។
បន្ថែមពីលើនេះ កម្ពុជាត្រូវតែពង្រឹងជំហរនៅក្នុងនយោបាយការបរទេស តាមរយៈការថ្លឹងថ្លែងយុទ្ធសាស្ត្រនយោបាយការបរទេសជាមួយនឹងមហាអំណាចទាំងអស់ ដោយត្រូវព្យាយាមថែរក្សានយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាត្រូវតែខិតខំប្រឹងប្រែងរក្សាឱ្យបាននូវស្ថិរភាពនយោបាយនិងសង្គមនៅក្នុងប្រទេស ព្រោះនៅពេលដែលស្ថានភាពនយោបាយនិងសង្គមមានស្ថិរភាព ដើម្បីទទួលបានការវិនិយោគពីក្រៅប្រទេស និងការដោះដូរពាណិជ្ជកម្មក្នុងលក្ខខណ្ឌអំណោយផល ដែលជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចប្រទេស ហើយនិងឈានទៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...