ព័ត៌មាន

មិនគួរយកបញ្ហានិទ្ទេសកំណត់ព្រំដែននៃការគិតអំពីដំណើរឆ្ពោះទៅមុខនោះទេ

2024-11-08 07:01:36 ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 02:01 PM
អ្នកមើល 1054
post_detail1

ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភាពតានតឹងចិត្ត និងឱ្យតម្លៃខ្លួនឯងទាប។ ជាការពិតណាស់ លទ្ធផលនៃការប្រឡងបាក់ឌុប គឺជាសារមួយសម្រាប់យុវជនសិស្សបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ដោយនេះគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជាការក្រើនរំឭកដាស់តឿនដល់យុវសិស្សដែលទទួលបានលទ្ធផលពុំគាប់ប្រសើរ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ដំណើររៀនសូត្រនាពេលខាងមុខ។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគ​វាសនា​ទាំងស្រុងរបស់ប្អូនៗនោះឡើយ។ គេត្រូវគិតថា ការសិក្សារៀនសូត្រ មិនមែនត្រូវបញ្ចប់នៅត្រឹមការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះឡើយ ពោលការសិក្សារៀនសូត្រ ត្រូវធ្វើឡើងជារៀងដរាបពេញមួយជីវិត។

លោកបណ្ឌិត យង់ ពៅ បានថ្លែងបញ្ជាក់បន្ថែមថា ដំណើរជីវិតរបស់មនុស្ស ត្រូវធ្វើឡើងទៅតាមលំនាំ "រស់ រៀន រីកចម្រើន" ដោយគេមិនអាចមានមោទនភាពនឹងលទ្ធផលគាប់ប្រសើររបស់ខ្លួននាពេលបច្ចុប្បន្ន រួចបោះបង់ការសង្វាតសិក្សារៀនសូត្រនោះឡើយ ហើយគេក៏មិនអាចបោះបង់ក្ដីសង្ឃឹមរបស់ខ្លួន ដោយសារតែលទ្ធផលមិនគួរជាទីគាប់ចិត្តរបស់ខ្លួនដូចគ្នាដែរ។ ត្រង់ចំណុចនេះ ក៏ដូចគ្នាដែរ អាណាព្យាបាលទាំងអស់ត្រូវចងចាំថា បើទោះបីជាកូនរបស់ខ្លួនមិនបានទទួលលទ្ធផលល្អប្រសើរដូចជាកូនអ្នកដទៃ ឬសិស្សផ្សេងទៀត ក៏នេះ ពុំតំណាងថា ពួកគេនឹងត្រូវមានស្ថានភាពរស់នៅ និងការបំពេញការងារទទួលបានលទ្ធផលទាបជាងសិស្សដែលបាននិទ្ទេសល្អប្រសើរនោះដែរ។ ដំណើរជីវិតរបស់សិស្សដែលទើបបានបញ្ចប់ការសិក្សានៅមធ្យមសិក្សា នៅតែមានបន្តយូរអង្វែងតទៅមុខទៀត ខណៈដែលរាជរដ្ឋាភិបាលបានផ្ដល់ឱកាសច្រើនដល់យុវជនទាំងអស់ មិនថានៅកម្រិតអាយុណា កាន់សាសនា ឬមាននិន្នាការនយោបាយណានោះទេ សុទ្ធសឹងតែអាចជ្រើសរើសសិក្សាជំនាញឯកទេសនៅឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈក្រោយបញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ បានទៅតាមសមត្ថភាព លទ្ធភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្កើតមុខរបរនិងបំពេញការងារផ្សេងៗ។ មានន័យថា ក្រោយបញ្ចប់ការសិក្សានៅមធ្យមសិក្សា យុវជនទាំងឡាយ សុទ្ធសឹងតែមានឱកាសនៅក្នុងការពង្រីកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពបំពេញការងារតទៅមុខបន្ថែមទៀត ពុំមែនជាទីបញ្ចប់នៃលទ្ធភាពរីកចម្រើនរបស់យុវជននោះទេ។

មិនត្រឹមតែមិនគួរប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ឬដាក់សម្ពាធទៅលើកូនៗរបស់ខ្លួនប៉ុណ្ណោះ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គួរតែចូលរួមនៅក្នុងការបង្កបរិយាកាសកាន់តែប្រសើរសម្រាប់យុវជនឱ្យបន្តការសិក្សារៀនសូត្រ និងចាប់យកជំនាញឯកទេស ឬជំនាញវិជ្ជាជីវៈ ដើម្បីបន្តដំណើរជីវិតនៅក្នុងអាជីពនិងមុខរបរការងារ ដើម្បីចិញ្ចឹមជីវិត និងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិទៅតាមជ្រុងនីមួយៗផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គប្បីរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់កូនចៅ និងមនុស្សជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ក្រេបយកចំណេះដឹងតាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ក៏ដូចជាជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកមានកម្លាំងចិត្ត និងការរំពឹងខ្ពស់ចំពោះលទ្ធផលនៃការសិក្សានិងការពង្រឹងជំនាញឯកទេស ឬក៏ជំនាញវិជ្ជាជីវៈរបស់ខ្លួន។ គេត្រូវចងចាំថា ការវិនិយោគទៅលើការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្រ គឺជាការវិនិយោគដែលត្រូវការប្រើប្រាស់ពេលវេលាយូរអង្វែង និងជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបុគ្គល គ្រួសារ និងសង្គមជាតិ។ បន្ថែមពីនេះ ការចំណាយពេលវេលារបស់ឪពុកម្ដាយ និងអាណាព្យាបាល ដើម្បីប្រឹក្សាយោបល់ តម្រង់ទិស និងចែករំលែកបទពិសោធទាំងនៅក្នុងទិដ្ឋភាពសិក្សារៀនសូត្រ និងទិដ្ឋភាពបំពេញការងារវិជ្ជាជីវៈផ្សេងៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារនិងយុវជន ព្រោះនេះគឺជាការបង្ហាញផ្លូវ និងជួយពន្យល់បង្ហាញនូវជម្រើសដែលពួកគេអាចសម្រេចចិត្ត តាមរយៈការបង្កើនការយល់ដឹងកាន់តែប្រសើរឡើងបន្ថែមទៀតសម្រាប់អ្នកបន្តវេន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM

សេចក្តីប្រកាស