Royal Academy of Cambodia
ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភាពតានតឹងចិត្ត និងឱ្យតម្លៃខ្លួនឯងទាប។ ជាការពិតណាស់ លទ្ធផលនៃការប្រឡងបាក់ឌុប គឺជាសារមួយសម្រាប់យុវជនសិស្សបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ដោយនេះគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជាការក្រើនរំឭកដាស់តឿនដល់យុវសិស្សដែលទទួលបានលទ្ធផលពុំគាប់ប្រសើរ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ដំណើររៀនសូត្រនាពេលខាងមុខ។
ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគវាសនាទាំងស្រុងរបស់ប្អូនៗនោះឡើយ។ គេត្រូវគិតថា ការសិក្សារៀនសូត្រ មិនមែនត្រូវបញ្ចប់នៅត្រឹមការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះឡើយ ពោលការសិក្សារៀនសូត្រ ត្រូវធ្វើឡើងជារៀងដរាបពេញមួយជីវិត។
លោកបណ្ឌិត យង់ ពៅ បានថ្លែងបញ្ជាក់បន្ថែមថា ដំណើរជីវិតរបស់មនុស្ស ត្រូវធ្វើឡើងទៅតាមលំនាំ "រស់ រៀន រីកចម្រើន" ដោយគេមិនអាចមានមោទនភាពនឹងលទ្ធផលគាប់ប្រសើររបស់ខ្លួននាពេលបច្ចុប្បន្ន រួចបោះបង់ការសង្វាតសិក្សារៀនសូត្រនោះឡើយ ហើយគេក៏មិនអាចបោះបង់ក្ដីសង្ឃឹមរបស់ខ្លួន ដោយសារតែលទ្ធផលមិនគួរជាទីគាប់ចិត្តរបស់ខ្លួនដូចគ្នាដែរ។ ត្រង់ចំណុចនេះ ក៏ដូចគ្នាដែរ អាណាព្យាបាលទាំងអស់ត្រូវចងចាំថា បើទោះបីជាកូនរបស់ខ្លួនមិនបានទទួលលទ្ធផលល្អប្រសើរដូចជាកូនអ្នកដទៃ ឬសិស្សផ្សេងទៀត ក៏នេះ ពុំតំណាងថា ពួកគេនឹងត្រូវមានស្ថានភាពរស់នៅ និងការបំពេញការងារទទួលបានលទ្ធផលទាបជាងសិស្សដែលបាននិទ្ទេសល្អប្រសើរនោះដែរ។ ដំណើរជីវិតរបស់សិស្សដែលទើបបានបញ្ចប់ការសិក្សានៅមធ្យមសិក្សា នៅតែមានបន្តយូរអង្វែងតទៅមុខទៀត ខណៈដែលរាជរដ្ឋាភិបាលបានផ្ដល់ឱកាសច្រើនដល់យុវជនទាំងអស់ មិនថានៅកម្រិតអាយុណា កាន់សាសនា ឬមាននិន្នាការនយោបាយណានោះទេ សុទ្ធសឹងតែអាចជ្រើសរើសសិក្សាជំនាញឯកទេសនៅឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈក្រោយបញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ បានទៅតាមសមត្ថភាព លទ្ធភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្កើតមុខរបរនិងបំពេញការងារផ្សេងៗ។ មានន័យថា ក្រោយបញ្ចប់ការសិក្សានៅមធ្យមសិក្សា យុវជនទាំងឡាយ សុទ្ធសឹងតែមានឱកាសនៅក្នុងការពង្រីកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពបំពេញការងារតទៅមុខបន្ថែមទៀត ពុំមែនជាទីបញ្ចប់នៃលទ្ធភាពរីកចម្រើនរបស់យុវជននោះទេ។
មិនត្រឹមតែមិនគួរប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ឬដាក់សម្ពាធទៅលើកូនៗរបស់ខ្លួនប៉ុណ្ណោះ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គួរតែចូលរួមនៅក្នុងការបង្កបរិយាកាសកាន់តែប្រសើរសម្រាប់យុវជនឱ្យបន្តការសិក្សារៀនសូត្រ និងចាប់យកជំនាញឯកទេស ឬជំនាញវិជ្ជាជីវៈ ដើម្បីបន្តដំណើរជីវិតនៅក្នុងអាជីពនិងមុខរបរការងារ ដើម្បីចិញ្ចឹមជីវិត និងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិទៅតាមជ្រុងនីមួយៗផ្សេងៗគ្នា។
ជាមួយគ្នានេះដែរ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គប្បីរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់កូនចៅ និងមនុស្សជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ក្រេបយកចំណេះដឹងតាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ក៏ដូចជាជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកមានកម្លាំងចិត្ត និងការរំពឹងខ្ពស់ចំពោះលទ្ធផលនៃការសិក្សានិងការពង្រឹងជំនាញឯកទេស ឬក៏ជំនាញវិជ្ជាជីវៈរបស់ខ្លួន។ គេត្រូវចងចាំថា ការវិនិយោគទៅលើការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្រ គឺជាការវិនិយោគដែលត្រូវការប្រើប្រាស់ពេលវេលាយូរអង្វែង និងជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបុគ្គល គ្រួសារ និងសង្គមជាតិ។ បន្ថែមពីនេះ ការចំណាយពេលវេលារបស់ឪពុកម្ដាយ និងអាណាព្យាបាល ដើម្បីប្រឹក្សាយោបល់ តម្រង់ទិស និងចែករំលែកបទពិសោធទាំងនៅក្នុងទិដ្ឋភាពសិក្សារៀនសូត្រ និងទិដ្ឋភាពបំពេញការងារវិជ្ជាជីវៈផ្សេងៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារនិងយុវជន ព្រោះនេះគឺជាការបង្ហាញផ្លូវ និងជួយពន្យល់បង្ហាញនូវជម្រើសដែលពួកគេអាចសម្រេចចិត្ត តាមរយៈការបង្កើនការយល់ដឹងកាន់តែប្រសើរឡើងបន្ថែមទៀតសម្រាប់អ្នកបន្តវេន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅក្នុងរយៈពេល៤ឆ្នាំជាប់គ្នាកម្ពុជាបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស ពោលគឺនៅប្រទេសកម្ពុជាដោយគ្រាន់តែចំណាយប្រាក់១២៥០ដុល្លារក្នុង១ខែ។ នេះបើយោ...
ក្រុមវិស្វកម្មសម្តេច តេជោ ហ៊ុន សែន បានចុះសិក្សាទិន្នន័យលម្អិត ពិភាក្សាជាមួយក្រុមការងារឧទ្យាន ហើយនឹងបន្តចុះទៅតាមភូមិសាស្ត្រព័ន្ធជុំវិញ ដើម្បីមើលប្រភពទឹកហូរនិងផ្លូវឆ្លងកាត់ ដើម្បីកសាងស្ពាន ឬដាក់លូ និងក...
នៅកម្ពុជា នៅពេលគេលើកឡើងអំពីសាសនិកគោរពប្រតិបត្តិសាសនាអ៊ិស្លាម គឺគេតែងគិតសំដៅដល់ជនជាតិចាមដែលមានប្រភពកំណើតនៅប្រទេសចម្ប៉ា ហើយដែលបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងដែនរដ្ឋកម្ពុជានៅអំឡុងសតវត្សរ៍...
ភ្នំពេញ៖ Crown Holdings Inc ជាក្រុមហ៊ុនផលិតផលសម្រាប់ការវេចខ្ចប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយនៅខែមករា បានដាក់ដំណើរការខ្សែចង្វាក់ផលិតផលសម្បកកំប៉ុងទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្តែក្រុមហ៊ុនមិនទាន...
សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា, មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលន...