ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក

2024-11-06 10:35:12 ថ្ងៃពុធ, 06 វិច្ឆិកា 2024 ម៉ោង 05:35 PM
អ្នកមើល 831
post_detail1

          នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហ​រដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខ​ភាព​ប្រធានាធិបតី​គណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹក​ឆ្នោត​កំពុង​តែ​បន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះ​បង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក​នៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក​។

          លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបង្ហាញនូវទិដ្ឋភាពសំខាន់ៗចំនួនដែលឆ្លុះបញ្ចាំងដោយបញ្ហាផ្សេងៗរបស់ពិភពលោក និងនៅសហរដ្ឋអាម៉េរិកផ្ទាល់។ សម្រាប់បញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិកគឺ វិបត្តិសេដ្ឋកិច្ច និងបញ្ហាអតិផរណាក្នុងស្រុក ដែលជាវិ​បត្តិអូសបន្លាយមកពីការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យសហរដ្ឋអាម៉េរិកទទួល​រងនូវផលវិបាកដូចគ្នានឹងបណ្ដាប្រទេសដទៃទៀតផងដែរ។ បញ្ហានេះ បានកើតឡើងនៅក្នុង​អាណត្តិដឹកនាំនៃរដ្ឋបាលលោក ចូ បៃដិន ជាប្រធានាធិបតី និងលោកស្រី ខាម៉ាឡា ហារីស ជាអនុប្រធានាធិបតី ដែលមកពីគណបក្សប្រជាធិបតេយ្យ ជាហេតុធ្វើឱ្យលោក ដូណាល់ ត្រាំ មានប្រៀបខាងប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនេះ។ បន្ថែមពីនេះ បញ្ហាអន្តោប្រវេសន៍ និងអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក គឺជាប្រធានបទពីរដែលបង្កការប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលផ្ទាល់របស់​ពលរដ្ឋសហរដ្ឋអាម៉េរិក ដែលមានការលំបាកនៅក្នុងការស្វែងរកការងារធ្វើ ជាហេតុនាំទៅ​ដល់ការដាក់បន្ទុកទៅលើការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ដែលមិនអាចដោះស្រាយ​បញ្ហាទាំងនេះបាន។

          ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងជួបប្រទះនឹងវិបត្តិខាងលើនេះ លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នៅតែបង្ហាញអំពីជំហរ​គាំពារនិយមចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិក ដែលលោកធ្លាប់បានអនុវត្តគោលនយោបាយអាម៉េរិកជាចម្បង គឺជាគុណសម្បត្តិមួយដែលទាក់ទាញទឹកចិត្តរបស់ពលរដ្ឋ​អាម៉េរិក ជំរុញបង្កើតជាស្ថានភាពពុះកញ្ជ្រោលនៃស្មារតីជាតិនិយមរបស់អាម៉េរិក ការពារ​ផលប្រយោជន៍ពលរដ្ឋអាម៉េរិកនៅចំពោះមុខវិបត្តិដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ករណីប៉ុនប៉ងធ្វើឃាតមិនបានសម្រេចទៅលើលោក ដូណាល់ ត្រាំ ក៏អាចជាចំណែកមួយ​នៃការទទួលបានជ័យជម្នះរបស់បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋផងដែរ ព្រោះ​ទោះជារឿងនេះគឺជាការរៀបចំដោយភាគីណាមួយក៏ដោយក្ដី ពលរដ្ឋអាម៉េរិកពិតជា​ដាក់បន្ទុកអំពីភាពទន់ខ្សោយ នៃការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន និងលោកស្រី ខាម៉ាឡា ហារីស ដែលបណ្ដោយឱ្យមានការបាញ់ប្រហារទៅលើបេក្ខជនប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះ។

          បន្ថែមពីលើនេះ ពលរដ្ឋអាម៉េរិកពិតជាបានមើលឃើញថា សហរដ្ឋអាម៉េរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាល​លោក ដូណាល់ ត្រាំ បានសម្រេចនូវការជំរុញកំណើន​សេដ្ឋកិច្ច និងកំណើនការងារយ៉ាងពិតប្រាកដនៅសហរដ្ឋអាម៉េរិក គឺជាលក្ខណៈសម្បត្តិវាយតម្លៃមួយបន្ថែមទៀត សម្រាប់អ្នកបោះឆ្នោត​អាម៉េរិក ដែលត្រូវការមេដឹក​នាំ​ដែលអាចដោះស្រាយបញ្ហាដែលកើតមានឡើង​នៅចំពោះមុខនេះបាន។ លើសពីនេះ នៅក្នុងទិដ្ឋ​ភាពមួយជ្រុងទៀតនោះគឺ លោក ដូណាល់ ត្រាំ គឺជាមេដឹកនាំដែលមានការសម្រេចចិត្ត​ដាច់​ដោយឡែកមួយ ដែលធ្វើឱ្យដៃគូរបស់លោក ពិបាកនៅក្នុងការប៉ាន់ស្មានអំពីការដឹកនាំរបស់​របស់លោក ដែលជាគុណសម្បត្តិសម្រាប់ភាពជាអ្នកដឹកនាំនៃប្រទេសមហាអំណាចពិភព​លោកមួយនេះ ហើយពលរដ្ឋអាម៉េរិកក៏ប្រហែលជាមានការរំពឹងទៅលើការដឹកនាំរបស់​លោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងឆាកអន្តរជាតិ ជាជាងលើការ​ដឹកនាំរបស់លោកស្រី ខាម៉ាឡា ហារីស ដែលកំពុងស្ថិតក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន។

          ជាការកត់សម្គាល់មួយទៀតផងដែរ ថ្វីដ្បិតតែសហរដ្ឋអាម៉េរិកជាមហាអំណាច​ទីមួយ និងជាមហាអំណាចប្រជាធិបតេយ្យក៏ដោយក្ដី ប៉ុន្តែសហរដ្ឋអាម៉េរិក ហាក់ពុំទាន់ទទួលបាន​នៅឡើយទេនូវប្រធានាធិបតីស្ត្រីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះ នៅសហ​រដ្ឋអាម៉េរិកបច្ចុប្បន្ន នៅតែមានការរើសអើងចំពោះស្ត្រីភេទនៅឡើយ ខណៈដែលប្រធាន​បទធំៗលើពិភពលោកបច្ចុប្បន្ន ត្រូវការមេដឹកនាំពិភពលោក ដែលមានការសម្រេចចិត្តមោះមុត និងមាំទាំ ប៉ុន្តែលោកស្រី ខាម៉ាឡា ហារីស ពុំបានបង្ហាញសញ្ញាណឥរិយាបថនយោបាយ​ណាមួយដែលគូសបញ្ជាក់អំពីឆន្ទៈមុតមាំនៅក្នុងដឹកនាំប្រទេស និងការដោះស្រាយបញ្ហា​ជាសាកលក្នុងនាមជាប្រទេសក្បាលម៉ាស៊ីនពិភពលោកនៅឡើយនោះដែរ។

          មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមការស្ទង់មតិនៅសហរដ្ឋអាម៉េរិក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក៏ទទួលបានពីគាំទ្រពីសំណាក់យុវជននៅសហរដ្ឋអាម៉េរិកផងដែរ ព្រោះសារនយោបាយដែលលោកបានលើកឡើង ចាក់ចំបេះដូងរបស់យុវជន ដូចជាការសន្យាដោះស្រាយបញ្ហាអន្តោប្រវេសន៍ ការដោះស្រាយវិបត្តិសេដ្ឋកិច្ច អតិផរណា ភាពគ្មាន​ការងារធ្វើ និងការដោះស្រាយសំណុំរឿងនៅមជ្ឈិមបូព៌ា ក៏ដូចជាការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។

          ចំពោះការវិលត្រឡប់មកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាម៉េរិក អ្វីដែលលោកបានសន្យាថានឹងធ្វើដំបូងគេ ក្នុងតំណែងជាប្រធានាធិបតីនោះគឺ ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ដែលជាប្រធានបទក្ដៅមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ដោយលោកបានចោទថា បានបង្កនូវបញ្ហា​អសន្តិសុខ បញ្ហាសណ្ដាប់ធ្នាប់ និងធ្វើឱ្យបាត់បង់ផលប្រយោជន៍ពលរដ្ឋនិងយុវជនអាម៉េរិកដូចជាងការដណ្ដើមការងាររបស់ពលរដ្ឋសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ រដ្ឋបាលរបស់លោក​ ដូណាល់ ត្រាំ ក៏ទំនងជាងនឹងចេញក្រឹត្យដោះលែងក្រុមកុបករ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានចូលរួមនៅក្នុង​ការ​វាយ​ប្រហារ​លើវិមាន Capitol របស់សហរដ្ឋអាម៉េរិកដូចដែលលោកធ្លាប់បានសន្យានោះផងដែរ។ ជាមួយគ្នានេះ នៅក្នុងនយោបាយការបរទេស រដ្ឋបាលសហរដ្ឋអាម៉េរិកដែលនឹងបន្តប្រកាន់យកនយោបាយអាម៉េរិកជាចម្បងនេះ ក៏​នឹងធ្វើឱ្យទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្ត ពិសេសសមាជិកអង្គការណាតូ នឹងប្រឈម​ភាពរងារឡើងវិញ ដូចកាលពីអាណត្តិទី១នៃការដឹកនាំរបស់លោក ដែលនឹងធ្វើឱ្យប្រទេសជាសមាជិកអង្គការនេះ លែងទុកចិត្តសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិករបស់លោក ដូណាល់ ត្រាំ ពិតជានឹងអាចលះបង់កាតព្វកិច្ចអនុវត្តតាមមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិក​ខាងជើង ដែលចែងអំពីការការពារគ្នាទៅវិញទៅមកនោះ ព្រោះសម្រាប់លោក ដូណាល់ ត្រាំ ផលប្រយោជន៍ផ្ទាល់របស់សហរដ្ឋអាម៉េរិក គឺជាអ្វីដែលរដ្ឋាភិបាលលោកត្រូវគិតគូរ។ មេដឹកនាំសហរដ្ឋអាម៉េរិករូបនេះ ពិតជានឹងគ្មានចេតនាចង់ចំណាយថវិកាកម្រិតណាមួយ ដើម្បីការពារសម្ព័ន្ធភាពអាម៉េរិក​នោះទេ ដែលនេះនឹងធ្វើឱ្យអង្គការអន្តរទ្វីបមួយនេះ បាត់​បង់លំនឹងរបស់ខ្លួនសារជាថ្មី ខណៈដែលសហរដ្ឋអាម៉េរិកគឺជាក្បាលម៉ាស៊ីនដឹកនាំ និងជាអ្នកសម្រេចចិត្តដ៏សំខាន់នៅក្នុងអង្គការយោធាមួយនេះ។

          បន្ថែមពីលើនេះ សំណុំរឿងអ៊ុយក្រែន ដែលជាប្រធានបទក្ដៅសម្រាប់ពិភពលោក នឹងត្រូវប្រែប្រួលស្ថានការណ៍ទាំងស្រុង ដោយសារតែលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើង​ជាញឹកញាប់ថា នៅពេលដែលលោកឡើងកាន់តំណែងជាថ្មី លោកនឹងបញ្ឈប់នូវការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយសម្ដីនេះ លោក ដូណាល់ ត្រាំ ពិតជានឹងអាចសម្រេចដូចការអះអាងពិតមែន ព្រោះលោកធ្លាក់លើកឡើងហើយថា សហរដ្ឋអាម៉េរិកបានចំណាយថវិកាយ៉ាងច្រើនទៅលើសង្គ្រាម ដែលលោកយល់ថាមិនមែនជាការការពារផលប្រយោជន៍​សហរដ្ឋអាម៉េរិក។ លោកថែមទាំងធ្លាប់អះអាងថា “លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពូកែ​ធ្វើ​ជំនួញជាងគេនៅលើពិភពលោកនេះ ព្រោះតែ​រាល់​លើក, ឱ្យតែនៅពេល​លោក ហ្សេឡេនស្គី ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​ម្តងៗ, តែងតែ​ត្រឡប់​ទៅវិញ ជាមួយនឹងថវិការាប់ពាន់លានដុល្លារ” ដែលត្រង់ចំណុចនេះ លោក ដូណាល់ ត្រាំ ទំនង​ជាយល់ឃើញថា ជាការកេងចំណេញលើសហរដ្ឋអាម៉េរិក និងកេងចំណេញលើពលរដ្ឋអាម៉េរិក​។ ហេតុនេះហើយ លោក ដូណាល់ ត្រាំ ពិតជានឹងស្វែងរកលទ្ធភាពដើម្បីបិទបញ្ចប់សង្គ្រាមមួយនេះ បើទោះបីជាការសម្រេចចិត្តរបស់អាម៉េរិក ជារឿងរបស់អាម៉េរិកផ្ទាល់ក៏ដោយក្ដី ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមនេះបាន លុះត្រាតែការសម្រេចចិត្តបញ្ឈប់សង្គ្រាមនេះ ស្របទៅនឹងការចង់បានរបស់រុស្ស៊ីផងដែរ។ ប្រការនេះ នឹងធ្វើឱ្យមេដឹកនាំអ៊ុយក្រែន ត្រូវ​រងភាពរងារយ៉ាងខ្លាំង ក៏ដូចជាការខាតបង់សម្រាប់អ៊ុយក្រែនទាំងមូល៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»

កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...

2019-03-18 11:22:29   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:22 PM
«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»

ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...

2019-03-18 11:01:44   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:01 PM
«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់កា...

2019-03-18 10:22:35   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:22 PM
«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា  លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...

2019-03-18 10:13:05   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:13 PM
«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ...

2019-03-18 09:51:08   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 04:51 PM
«ប្រវត្តិលេខសូន្យ (A History of Zero)» ស្រាវជ្រាវដោយ៖ លោក យឹម​អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ

តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...

2019-03-18 05:25:18   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 12:25 PM

សេចក្តីប្រកាស