Royal Academy of Cambodia
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតកំពុងតែបន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះបង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកនៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបង្ហាញនូវទិដ្ឋភាពសំខាន់ៗចំនួនដែលឆ្លុះបញ្ចាំងដោយបញ្ហាផ្សេងៗរបស់ពិភពលោក និងនៅសហរដ្ឋអាម៉េរិកផ្ទាល់។ សម្រាប់បញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិកគឺ វិបត្តិសេដ្ឋកិច្ច និងបញ្ហាអតិផរណាក្នុងស្រុក ដែលជាវិបត្តិអូសបន្លាយមកពីការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យសហរដ្ឋអាម៉េរិកទទួលរងនូវផលវិបាកដូចគ្នានឹងបណ្ដាប្រទេសដទៃទៀតផងដែរ។ បញ្ហានេះ បានកើតឡើងនៅក្នុងអាណត្តិដឹកនាំនៃរដ្ឋបាលលោក ចូ បៃដិន ជាប្រធានាធិបតី និងលោកស្រី ខាម៉ាឡា ហារីស ជាអនុប្រធានាធិបតី ដែលមកពីគណបក្សប្រជាធិបតេយ្យ ជាហេតុធ្វើឱ្យលោក ដូណាល់ ត្រាំ មានប្រៀបខាងប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនេះ។ បន្ថែមពីនេះ បញ្ហាអន្តោប្រវេសន៍ និងអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក គឺជាប្រធានបទពីរដែលបង្កការប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលផ្ទាល់របស់ពលរដ្ឋសហរដ្ឋអាម៉េរិក ដែលមានការលំបាកនៅក្នុងការស្វែងរកការងារធ្វើ ជាហេតុនាំទៅដល់ការដាក់បន្ទុកទៅលើការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ដែលមិនអាចដោះស្រាយបញ្ហាទាំងនេះបាន។
ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងជួបប្រទះនឹងវិបត្តិខាងលើនេះ លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នៅតែបង្ហាញអំពីជំហរគាំពារនិយមចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិក ដែលលោកធ្លាប់បានអនុវត្តគោលនយោបាយអាម៉េរិកជាចម្បង គឺជាគុណសម្បត្តិមួយដែលទាក់ទាញទឹកចិត្តរបស់ពលរដ្ឋអាម៉េរិក ជំរុញបង្កើតជាស្ថានភាពពុះកញ្ជ្រោលនៃស្មារតីជាតិនិយមរបស់អាម៉េរិក ការពារផលប្រយោជន៍ពលរដ្ឋអាម៉េរិកនៅចំពោះមុខវិបត្តិដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ករណីប៉ុនប៉ងធ្វើឃាតមិនបានសម្រេចទៅលើលោក ដូណាល់ ត្រាំ ក៏អាចជាចំណែកមួយនៃការទទួលបានជ័យជម្នះរបស់បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋផងដែរ ព្រោះទោះជារឿងនេះគឺជាការរៀបចំដោយភាគីណាមួយក៏ដោយក្ដី ពលរដ្ឋអាម៉េរិកពិតជាដាក់បន្ទុកអំពីភាពទន់ខ្សោយ នៃការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន និងលោកស្រី ខាម៉ាឡា ហារីស ដែលបណ្ដោយឱ្យមានការបាញ់ប្រហារទៅលើបេក្ខជនប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះ។
បន្ថែមពីលើនេះ ពលរដ្ឋអាម៉េរិកពិតជាបានមើលឃើញថា សហរដ្ឋអាម៉េរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចនូវការជំរុញកំណើនសេដ្ឋកិច្ច និងកំណើនការងារយ៉ាងពិតប្រាកដនៅសហរដ្ឋអាម៉េរិក គឺជាលក្ខណៈសម្បត្តិវាយតម្លៃមួយបន្ថែមទៀត សម្រាប់អ្នកបោះឆ្នោតអាម៉េរិក ដែលត្រូវការមេដឹកនាំដែលអាចដោះស្រាយបញ្ហាដែលកើតមានឡើងនៅចំពោះមុខនេះបាន។ លើសពីនេះ នៅក្នុងទិដ្ឋភាពមួយជ្រុងទៀតនោះគឺ លោក ដូណាល់ ត្រាំ គឺជាមេដឹកនាំដែលមានការសម្រេចចិត្តដាច់ដោយឡែកមួយ ដែលធ្វើឱ្យដៃគូរបស់លោក ពិបាកនៅក្នុងការប៉ាន់ស្មានអំពីការដឹកនាំរបស់របស់លោក ដែលជាគុណសម្បត្តិសម្រាប់ភាពជាអ្នកដឹកនាំនៃប្រទេសមហាអំណាចពិភពលោកមួយនេះ ហើយពលរដ្ឋអាម៉េរិកក៏ប្រហែលជាមានការរំពឹងទៅលើការដឹកនាំរបស់លោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងឆាកអន្តរជាតិ ជាជាងលើការដឹកនាំរបស់លោកស្រី ខាម៉ាឡា ហារីស ដែលកំពុងស្ថិតក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន។
ជាការកត់សម្គាល់មួយទៀតផងដែរ ថ្វីដ្បិតតែសហរដ្ឋអាម៉េរិកជាមហាអំណាចទីមួយ និងជាមហាអំណាចប្រជាធិបតេយ្យក៏ដោយក្ដី ប៉ុន្តែសហរដ្ឋអាម៉េរិក ហាក់ពុំទាន់ទទួលបាននៅឡើយទេនូវប្រធានាធិបតីស្ត្រីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះ នៅសហរដ្ឋអាម៉េរិកបច្ចុប្បន្ន នៅតែមានការរើសអើងចំពោះស្ត្រីភេទនៅឡើយ ខណៈដែលប្រធានបទធំៗលើពិភពលោកបច្ចុប្បន្ន ត្រូវការមេដឹកនាំពិភពលោក ដែលមានការសម្រេចចិត្តមោះមុត និងមាំទាំ ប៉ុន្តែលោកស្រី ខាម៉ាឡា ហារីស ពុំបានបង្ហាញសញ្ញាណឥរិយាបថនយោបាយណាមួយដែលគូសបញ្ជាក់អំពីឆន្ទៈមុតមាំនៅក្នុងដឹកនាំប្រទេស និងការដោះស្រាយបញ្ហាជាសាកលក្នុងនាមជាប្រទេសក្បាលម៉ាស៊ីនពិភពលោកនៅឡើយនោះដែរ។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមការស្ទង់មតិនៅសហរដ្ឋអាម៉េរិក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក៏ទទួលបានពីគាំទ្រពីសំណាក់យុវជននៅសហរដ្ឋអាម៉េរិកផងដែរ ព្រោះសារនយោបាយដែលលោកបានលើកឡើង ចាក់ចំបេះដូងរបស់យុវជន ដូចជាការសន្យាដោះស្រាយបញ្ហាអន្តោប្រវេសន៍ ការដោះស្រាយវិបត្តិសេដ្ឋកិច្ច អតិផរណា ភាពគ្មានការងារធ្វើ និងការដោះស្រាយសំណុំរឿងនៅមជ្ឈិមបូព៌ា ក៏ដូចជាការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។
ចំពោះការវិលត្រឡប់មកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាម៉េរិក អ្វីដែលលោកបានសន្យាថានឹងធ្វើដំបូងគេ ក្នុងតំណែងជាប្រធានាធិបតីនោះគឺ ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ដែលជាប្រធានបទក្ដៅមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ដោយលោកបានចោទថា បានបង្កនូវបញ្ហាអសន្តិសុខ បញ្ហាសណ្ដាប់ធ្នាប់ និងធ្វើឱ្យបាត់បង់ផលប្រយោជន៍ពលរដ្ឋនិងយុវជនអាម៉េរិកដូចជាងការដណ្ដើមការងាររបស់ពលរដ្ឋសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក៏ទំនងជាងនឹងចេញក្រឹត្យដោះលែងក្រុមកុបករ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានចូលរួមនៅក្នុងការវាយប្រហារលើវិមាន Capitol របស់សហរដ្ឋអាម៉េរិកដូចដែលលោកធ្លាប់បានសន្យានោះផងដែរ។ ជាមួយគ្នានេះ នៅក្នុងនយោបាយការបរទេស រដ្ឋបាលសហរដ្ឋអាម៉េរិកដែលនឹងបន្តប្រកាន់យកនយោបាយអាម៉េរិកជាចម្បងនេះ ក៏នឹងធ្វើឱ្យទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្ត ពិសេសសមាជិកអង្គការណាតូ នឹងប្រឈមភាពរងារឡើងវិញ ដូចកាលពីអាណត្តិទី១នៃការដឹកនាំរបស់លោក ដែលនឹងធ្វើឱ្យប្រទេសជាសមាជិកអង្គការនេះ លែងទុកចិត្តសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិករបស់លោក ដូណាល់ ត្រាំ ពិតជានឹងអាចលះបង់កាតព្វកិច្ចអនុវត្តតាមមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលចែងអំពីការការពារគ្នាទៅវិញទៅមកនោះ ព្រោះសម្រាប់លោក ដូណាល់ ត្រាំ ផលប្រយោជន៍ផ្ទាល់របស់សហរដ្ឋអាម៉េរិក គឺជាអ្វីដែលរដ្ឋាភិបាលលោកត្រូវគិតគូរ។ មេដឹកនាំសហរដ្ឋអាម៉េរិករូបនេះ ពិតជានឹងគ្មានចេតនាចង់ចំណាយថវិកាកម្រិតណាមួយ ដើម្បីការពារសម្ព័ន្ធភាពអាម៉េរិកនោះទេ ដែលនេះនឹងធ្វើឱ្យអង្គការអន្តរទ្វីបមួយនេះ បាត់បង់លំនឹងរបស់ខ្លួនសារជាថ្មី ខណៈដែលសហរដ្ឋអាម៉េរិកគឺជាក្បាលម៉ាស៊ីនដឹកនាំ និងជាអ្នកសម្រេចចិត្តដ៏សំខាន់នៅក្នុងអង្គការយោធាមួយនេះ។
បន្ថែមពីលើនេះ សំណុំរឿងអ៊ុយក្រែន ដែលជាប្រធានបទក្ដៅសម្រាប់ពិភពលោក នឹងត្រូវប្រែប្រួលស្ថានការណ៍ទាំងស្រុង ដោយសារតែលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងជាញឹកញាប់ថា នៅពេលដែលលោកឡើងកាន់តំណែងជាថ្មី លោកនឹងបញ្ឈប់នូវការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយសម្ដីនេះ លោក ដូណាល់ ត្រាំ ពិតជានឹងអាចសម្រេចដូចការអះអាងពិតមែន ព្រោះលោកធ្លាក់លើកឡើងហើយថា សហរដ្ឋអាម៉េរិកបានចំណាយថវិកាយ៉ាងច្រើនទៅលើសង្គ្រាម ដែលលោកយល់ថាមិនមែនជាការការពារផលប្រយោជន៍សហរដ្ឋអាម៉េរិក។ លោកថែមទាំងធ្លាប់អះអាងថា “លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពូកែធ្វើជំនួញជាងគេនៅលើពិភពលោកនេះ ព្រោះតែរាល់លើក, ឱ្យតែនៅពេលលោក ហ្សេឡេនស្គី ធ្វើដំណើរមកសហរដ្ឋអាមេរិកម្តងៗ, តែងតែត្រឡប់ទៅវិញ ជាមួយនឹងថវិការាប់ពាន់លានដុល្លារ” ដែលត្រង់ចំណុចនេះ លោក ដូណាល់ ត្រាំ ទំនងជាយល់ឃើញថា ជាការកេងចំណេញលើសហរដ្ឋអាម៉េរិក និងកេងចំណេញលើពលរដ្ឋអាម៉េរិក។ ហេតុនេះហើយ លោក ដូណាល់ ត្រាំ ពិតជានឹងស្វែងរកលទ្ធភាពដើម្បីបិទបញ្ចប់សង្គ្រាមមួយនេះ បើទោះបីជាការសម្រេចចិត្តរបស់អាម៉េរិក ជារឿងរបស់អាម៉េរិកផ្ទាល់ក៏ដោយក្ដី ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមនេះបាន លុះត្រាតែការសម្រេចចិត្តបញ្ឈប់សង្គ្រាមនេះ ស្របទៅនឹងការចង់បានរបស់រុស្ស៊ីផងដែរ។ ប្រការនេះ នឹងធ្វើឱ្យមេដឹកនាំអ៊ុយក្រែន ត្រូវរងភាពរងារយ៉ាងខ្លាំង ក៏ដូចជាការខាតបង់សម្រាប់អ៊ុយក្រែនទាំងមូល៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប...
កាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាក...
តើហេតុអ្វីបានជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប? តើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប នឹងធ្វើឱ្យចក្រភពអង់គ្លេសខ្លួនឯងនិងសហភាពអឺរ៉ុបប្រឈមនឹងបញ្ហាអ្វីខ្លះ? តើសហភាពអឺរ៉ុបនឹងមានលក្ខណៈដូចម្តេច? តើប្...
វីរុសកូរ៉ូណាថ្មី ឬហៅជាផ្លូវការថា COVID-2019 ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃខេត្តហូប៉ី ភាគកណ្តាល ប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ បានបង្កនូវផលវិបាកជាច្រើន ទាំងវិស័យសុខភាពសាធារណៈ សេដ្ឋកិច្ច...