Royal Academy of Cambodia
ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែលមានរហូតដល់ទៅ១០៦ ៣៥១ ស្មើនឹង៧៩%នៃចំនួនសិស្សប្រឡងសរុប ខណៈដែលចំនួនសិស្សជាប់និទ្ទេស A និងនិទ្ទេស B ក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។ នៅក្នុងនាមជាអាណាព្យាបាល ជាគ្រូបង្រៀន និងជាអ្នកតែងតែផ្ដល់ទស្សនៈអប់រំសម្រាប់សង្គម លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃទៅលើលទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៤នេះថា គឺជាការបង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា។ នៅក្នុងន័យនេះ លោកបណ្ឌិត ក៏បានគូសបញ្ជាក់នូវទស្សនៈចំនួន ៥ចំណុច ពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅមុខសម្រាប់យុវជន វិស័យអប់រំ និងដំណើរការអភិវឌ្ឍសង្គមផងដែរ។ ទស្សនៈទាំង ៥ចំណុចនោះគឺ៖
១. ត្រូវចៀសវាងការប្រៀបធៀបពិន្ទុ ឬនិទ្ទេស ត្រូវគិតការរៀបចំដំណើរជីវិតឆ្ពោះទៅមុខ
នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។ លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគវាសនាទាំងស្រុងរបស់ប្អូនៗនោះឡើយ តែនេះគ្រាន់តែជាសារដាស់តឿន ឬលើកទឹកចិត្តឱ្យប្អូនៗពិនិត្យ និងរៀបចំផែនការ និងផ្លូវដែលត្រូវជ្រើសរើសនៅក្នុងដំណើរជីវិតរបស់ខ្លួនតែប៉ុណ្ណោះ។
២. យុវជនត្រូវគិតអំពីទស្សនវិជ្ជារៀនពេញមួយជីវិត
ទស្សនវិជ្ជាអប់រំពេញមួយជីវិត គឺជាទស្សនវិជ្ជាសម្រាប់វិស័យអប់រំ ប៉ុន្តែនេះក៏ជាសច្ចភាពមួយរបស់មនុស្សរស់នៅក្នុងសង្គមផងដែរ ដោយមនុស្សត្រូវការរៀនសូត្រអ្វីដែលថ្មីៗជាប្រចាំ ដើម្បីសម្រួលដល់ស្ថានភាពជីវភាព ការបំពេញកិច្ចការងារសម្រាប់បុគ្គល សម្រាប់សហគមន៍ និងដើម្បីសង្គមជាតិទាំងមូល។ ការប្រឡងបាក់ឌុបមិនមែនជាការបញ្ចប់ការសិក្សារបស់យុវជននោះទេ ប៉ុន្តែនេះគឺជាការបង្ហាញថា យុវជនបានបញ្ចប់ការសិក្សានៅកម្រិតចំណេះដឹងទូទៅហើយ ដោយជំហានបន្ទាប់ ត្រូវចាប់យកទស្សនវិជ្ជារៀនពេញមួយជីវិត មានន័យថា ត្រូវអភិវឌ្ឍសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនតាមរយៈសិក្សារៀនសូត្រនៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ក្នុងនាមជាឪពុក ជាមេគ្រួសារ ជាមន្ត្រីរាជការ និងជាអ្នកផ្ដល់ទស្សនៈអប់រំនៅតាមប្រព័ន្ធផ្សព្វផ្សាយ លោកបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវចាប់យកឱកាសសិក្សានៅថ្នាក់ឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈ ហើយបន្តការសិក្សាស្វែងយល់អំពីបរិយាកាសជុំវិញខ្លួន ទាំងនៅក្នុងថ្នាក់រៀន នៅក្នុងសង្គម និងនៅក្នុងទំនាក់ទំនងជាមួយមនុស្សថ្មីៗជាច្រើនផ្សេងទៀត។
៣. រដ្ឋាភិបាលបានផ្តល់គោលនយោបាយដែលមានជម្រើសច្រើនសម្រាប់យុវជន
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយផ្ដល់ជម្រើសច្រើនសម្រាប់យុវជន នៅក្នុងការអភិវឌ្ឍសមត្ថភាព និងចាប់យកជំនាញដើម្បីអាជីព និងការប្រកបមុខរបរផ្សេងៗ ដូច្នេះបើទោះជាលទ្ធផលនៃការប្រឡងរបស់យុវជន ទទួលបានពិន្ទុឬនិទ្ទេសណាក៏ដោយ រាជរដ្ឋាភិបាលមានគោលនយោបាយគាំទ្រដល់គ្រប់យុវជនទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ ឬអាយុនោះឡើយ។ តាមរយៈការជំរុញនិងគាំទ្ររបស់រាជរដ្ឋាភិបាល នៅប្រទេសកម្ពុជាមានសាកលវិទ្យាល័យជាច្រើន ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ហើយក៏មានអាហាររូបករណ៍ជាច្រើនដែលត្រូវបានប្រកាសឡើង ដូចជា អាហារូបករណ៍សម្ដេចតេជោ អាហារូបករណ៍សម្ដេចធិបតី និងអាហារូបករណ៍ដែលផ្ដល់ជូនដោយសប្បុរសជន និងសាកលវិទ្យាល័យនានា ក៏ដូចជាឱកាសអាហារូបករណ៍ផ្ដល់ដោយប្រទេសជាមិត្តតាមរយៈរាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងសប្បុរសជននានាផងដែរ។ ទាំងនេះ សុទ្ធសឹងតែជាឱកាស និងការលើកទឹកចិត្តចំពោះអ្នកមានសមត្ថភាព និងមានឆន្ទៈបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឈានទៅចាប់យកអាជីពកម្រិតជំនាញឯកទេស។ បន្ថែមពីនេះ គោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏បានគិតគូរទៅដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាច្រើន ដែលផ្ដល់ដល់យុវជន ទាំងអ្នកជាប់និងធ្លាក់បាក់ឌុប ឱ្យចាប់យកជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញវិជ្ជាជីវៈដូនតាជាដើម ដែលអនុញ្ញាតឱ្យយុវជនទើបបញ្ចប់ការសិក្សា អាចសិក្សានិងចាប់យកជាជំនាញប្រកបអាជីពចិញ្ចឹមជីវិតបានផងដែរ។ ដូច្នេះហើយ នេះគឺជាពេលវេលាដ៏ល្អ សម្រាប់យុវជនកម្ពុជាយើង ដែលមិនមានភាពទ័លច្រកនៅក្នុងការចាប់យកជំនាញ ឬឯកទេស ដើម្បីប្រកបអាជីព និងបំពេញការងារជាមួយនឹងជំនាញផ្សេងៗជាច្រើន ដែលពួកគេអាចជ្រើសរើសតាមទេពកោសល្យ ការស្រឡាញ់ពេញចិត្ត លទ្ធភាព និងសមត្ថភាពដែលខ្លួនមាន សម្រាប់យកទៅអនុវត្តដើម្បីចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍសង្គមជាតិគ្រប់ៗគ្នា។
៤. ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងពីគុណតម្លៃនៃការអប់រំ
យើងឃើញថា និន្នាការបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបកាន់តែទូលំទូលាយអំពីគុណតម្លៃនៃការអប់រំកាន់តែប្រសើរឡើង តាមរយៈលទ្ធផលនៃការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនៅឆ្នាំ២០២៤នេះ សិស្សប្រឡប់ជាប់និទ្ទេស A និង B មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនសិស្សជាប់និទ្ទេស A និង B នេះ បានសបញ្ជាក់ឱ្យឃើញអំពីការប្រឹងប្រែងរបស់អាណាព្យាបាលក្នុងការជំរុញនិងលើកទឹកចិត្តឱ្យកូនក្មួយ ឱ្យសិក្សារៀនសូត្រដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចវាស់ស្ទង់ឱ្យមើលឃើញបានតាមរយៈលទ្ធផលនៃការប្រឡង។ តាមរយៈនិន្នាការនេះ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ប្រទេសកម្ពុជានឹងកាន់តែមានធនធានមនុស្សសម្បូរបែប និងប្រកបដោយគុណភាពបន្ថែមទៀតនាពេលអនាគតខាងមុខ ហើយយុវជនប្រកបដោយសមត្ថភាពភាពទាំងនេះ ក៏នឹងក្លាយទៅជាចលករជំរុញដល់ការអភិវឌ្ឍសង្គមជាតិកាន់តែជឿនលឿនរហ័ស ឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមហិច្ឆតាចង់សម្រេចឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ។
៥. កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបន្តកំណែទម្រង់វិស័យអប់រំ
តាមរយៈលទ្ធផលនៃកំណែទម្រង់អប់រំ ពិសេសកំណែទម្រង់នៃរដ្ឋបាលប្រឡងបាក់ឌុប ដែលក្រសួងអប់រំប្រើប្រាស់ពេលវេលាប្រមាណជាង១០ឆ្នាំកន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា កម្ពុជាពិតជាទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់ពីកំណែទម្រង់វិស័យអប់រំ។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវតែបន្តកំណែទម្រង់វិស័យអប់រំបន្ថែមទៀត ដែលគ្រប់គ្នាបានយល់ដឹងហើយថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិមួយ ហើយភាពរឹងមាំរបស់ពលរដ្ឋ ផ្ដើមចេញពីការអប់រំកុមារតូចប្រកបដោយគុណភាពពិតប្រាកដ ដែលត្រង់ចំណុចនេះ គេត្រូវពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាចាប់ពីថ្នាក់ដំបូងមកម្ល៉េះ ពោលគឺកំណែទម្រង់វិស័យអប់រំត្រូវផ្ដោតលើការពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលដល់កុមារតូច រហូតដល់មធ្យមសិក្សា។ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ការជំរុញកំណែទម្រង់កាន់តែស៊ីជម្រៅនៅក្នុងវិស័យអប់រំនេះ ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់នៅក្នុងសង្គម ដែលត្រូវពិនិត្យពិចារណា និងវាយម្លៃលើលទ្ធភាពនៃការធ្វើកំណែទម្រង់ទាំងប្រព័ន្ធសិក្សា កម្មវិធីសិក្សា បរិយាកាសអប់រំនៃសង្គមទាំងមូល ដែលរាប់ចាប់តាំងពីទិដ្ឋភាពសង្គម និងបរិយាកាសនៃការអប់រំនៅតាមសាលារៀននានា ពិសេសគ្រឹះស្ថានសិក្សារបស់រដ្ឋ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្...
ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ភ្នំពេញ៖ ក្នុងរយៈពេលប្រហែលជាមួយសប្ដាហ៍មកនេះ ទាំងអ្នកនយោបាយ អ្នកវិភាគ សកម្មជននយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងបណ្ដាញសង្គម Facebook បានផ្ដោតចំណាប់អារម្មណ៍ខ្លាំង...
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបន...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ...
នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ...
បើយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ដីពីការបង្កើតខណ្ឌបឹងកេងកង ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបំបែកខណ្ឌចំការមន ដោយកាត់យកសង្កាត់ចំនួន៧ ដើម្បីបង្កើតខណ្ឌថ្មីមួយ គឺខណ្ឌបឹងកេងកង។ នៅ...