Royal Academy of Cambodia
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ និងបានជូនដំណឹងទៅភាគីនៃកិច្ចសហប្រតិបត្តិការរួចក៏ដោយក្ដី អ្នកប្រឆាំងនៅក្រៅប្រទេសនៅតែបន្តបកស្រាយ និងលើកចំណុចផ្សេងៗដើម្បីភ្ជាប់ទៅនឹងរបៀបវារៈនយោបាយប្រឆាំង ដែលកន្លងទៅនេះ អ្នកនយោបាយប្រឆាំងបានលើកឡើងដោយចោទប្រកាន់ថា ការប្រកាសរបស់រាជរដ្ឋាភិបាលដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មិនគ្រប់គ្រាន់នោះទេ ពោលគឺដើម្បីអាចដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះបាន លុះត្រាតែឆ្លងកាត់ការអនុម័តពីរដ្ឋសភាថែមទៀតផង។ ដោយផ្អែកតាមរបៀបវារៈដែលបង្កប់នូវនយោបាយប្រឆាំងជ្រុលនិយមនេះ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបន្តដុតរោល និងបំផុសបំផុលពលរដ្ឋខ្មែរនៅក្រៅប្រទេស ឱ្យចូលរួមបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយបើទោះបីជាមានការចូលរួមពីពលរដ្ឋខ្មែរមួយចំនួនតូចក្ដី តែនេះក៏បានបញ្ជាក់អំពី និន្នាការប្រឆាំងជ្រុលនិយមនៅក្នុងចំណោមពលរដ្ឋខ្មែរនៅបរទេស ដែលពុំបានព្យាយាមឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងជាក់លាក់អំពីរឿងហេតុដែលទាក់ទងនឹងនយោបាយប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ។
នៅក្នុងទំនាក់ទំនងអន្តរជាតិ កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិរវាងប្រទេសនីមួយៗនៅក្នុងពិភពលោក មានកម្រិត និងឋានានុក្រមខុសៗគ្នា ប្រៀបដូចជាច្បាប់ឬបទដ្ឋានគិតយុត្តិនៅក្នុងប្រទេសនីមួយៗផងដែរ ដែលទាមទារឱ្យមានការសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងវាយតម្លៃ ឬឈានទៅដល់ការសន្និដ្ឋានដែលខ្វះមូលដ្ឋានវិទ្យាសាស្ត្រ។ កិច្ចសហប្រតិបត្តិការ ឬកិច្ចព្រមព្រៀងរវាងប្រទេសមួយនិងប្រទេសមួយ អាចនឹងត្រូវបានធ្វើឡើងនៅក្នុងកម្រិតផ្សេងៗគ្នា អាស្រ័យទៅលើលក្ខខណ្ឌ ភាពចាំបាច់ និងការព្រមព្រៀងគ្នារវាងគូភាគីនិងគូភាគី ដែលកន្លងទៅនេះ គេក៏ឃើញមានផងដែរ កិច្ចសហប្រតិបត្តិនៅក្នុងកម្រិតរដ្ឋនិងរដ្ឋ រដ្ឋាភិបាលនិងរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នអន្តរប្រទេស និងមានរហូតដល់កម្រិតមន្ត្រីជំនាញថែមទៀតផង។
នៅត្រង់ចំណុចនេះ គេត្រូវដឹងផងដែរថា កិច្ចព្រមព្រៀង ឬកិច្ចសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលនឹងរដ្ឋាភិបាល អាចបន្តនិរន្តរភាព ឬត្រូវបានបញ្ចប់ដោយការសម្រេចចិត្តក្នុងកម្រិតរដ្ឋាភិបាល ពុំមែនធ្វើឡើងដោយរដ្ឋាភិបាលនិងរដ្ឋាភិបាល ហើយត្រូវបញ្ចប់ទៅវិញនៅក្នុងកម្រិតរដ្ឋសភា ឬប្រមុខរដ្ឋនោះទេ។ ការយល់ដឹងពុំច្បាស់លាស់អំពីកម្រិតកិច្ចសហប្រតិបត្តិការអន្តរប្រទេស គឺជាចំណុចខ្សោយមួយរបស់អ្នកនយោបាយ ដែលខ្វះខាតការសិក្សាស្វែងយល់អំពីកិច្ចការអន្តរជាតិ ហើយក៏ជាភាពអាម៉ាស់មួយរបស់ប្រទេសជាតិផងដែរ ប្រសិនបើអ្នកនយោបាយនោះស្ថិតនៅក្នុងកម្រិតមេដឹកនាំ ឬអ្នកកាន់កិច្ចការទំនាក់ទំនងអន្តរជាតិក្នុងនាមតំណាងប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ សាធារណជន ក៏ដូចជាពលរដ្ឋដែលដើរតាមអ្នកនយោបាយ ក៏គប្បីគួរតែព្យាយាមសិក្សាស្រាវជ្រាវ និងយល់ដឹងអំពីកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការដឹកនាំរដ្ឋ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអន្តរជាតិផងដែរ ដើម្បីជាទុននៅក្នុងពង្រីកចំណេះដឹង និងការយល់ឃើញឆ្លុះបញ្ចាំងទៅលើសារនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របំផុសបំផុលរបស់អ្នកនយោបាយ ដើម្បីទាក់ទាញការគាំទ្រនិងការចូលរួមពីពលរដ្ឋ ក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។ មនសិកាជាតិ ការស្រលាញ់ និងព្រួយបារម្ភអំពីជោគវាសនាប្រទេសជាតិ គឺជារឿងដ៏គួរឱ្យសោមនស្សសម្រាប់ប្រជាជាតិទាំងមូល ប៉ុន្តែពលរដ្ឋក៏គួរតែពង្រីកការយល់ដឹងរបស់ខ្លួនអំពីនយោបាយ និងច្បាប់សង្គម ក៏ដូចជាច្បាប់អន្តរជាតិផងដែរ ដើម្បីឱ្យខ្លួនមានមូលដ្ឋានចំណេះដឹង អាចពិចារណា ថ្លឹងថ្លែង និងវាយតម្លៃហេតុការណ៍នានាដែលកើតឡើងចំពោះប្រទេសជាតិ បានត្រឹមត្រូវ និងអាចចូលរួមជំរុញថែរក្សា និងការពារផលប្រយោជន៍ជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ ក៏គួរតែស្ដាប់និងទទួលយកការបកស្រាយពីគ្រប់ភាគីនិងគ្រប់មជ្ឈដ្ឋានទាំងអស់ ពាក់ព័ន្ធនឹងប្រធានបទនីមួយៗ ដើម្បីយកមកជាការពិចារណាថ្លឹងថ្លែង និងអាចឈានទៅធ្វើការសន្និដ្ឋាន ឬសម្រេចចិត្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ជៀសវាងជឿជាក់ទៅលើតែភាគីឬអ្នកនយោបាយម្ខាងៗ ពិសេសអ្នកនយោបាយប្រឆាំង ដែលតែងតែព្យាយាមប្រើប្រាស់ចរន្តជាតិនិយមជ្រុលទៅលើបញ្ហាអធិបតេយ្យជាតិ មកដុតរោលនិងបញ្ឆេះកំហឹងបងប្អូនពលរដ្ឋខ្មែរនៅក្រៅស្រុក ដើម្បីធ្វើជាទុនបន្តនយោបាយប្រឆាំងរបស់ខ្លួន។ ពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់និន្នាការពុំគួរធ្វើការសន្មត់ដោយបុរេវិនិច្ឆ័យរបស់ខ្លួនដោយទាត់ចោលនូវមូលដ្ឋានវិទ្យាសាស្ត្រ និងដោយកង្វះការពិចារណាទៅលើហេតុផលគ្រប់ជ្រុងជ្រោយ ទៅលើព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយ ពិសេសកិច្ចការដែលពាក់ព័ន្ធទៅនឹងឧត្ដមប្រយោជន៍ជាតិឡើយ ព្រោះការណ៍នេះ ពុំបាននាំមកនូវការថែរក្សានិងការពារបាននូវផលប្រយោជន៍ជាតិនោះទេ ប៉ុន្តែ គឺជាការបង្ហាញស្មារតីស្នេហាជាតិ ដោយការចូលរួមក្នុងន័យស្ថាបនាទៅវិញទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...
កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, ស...
កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។បើថ្លៃដើមផលិតថ្លៃ ការដឹក...
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្...