Royal Academy of Cambodia
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផុសបំផុលឱ្យមហាជនចងកំហឹង និងមានការភ័ន្តច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ជានិច្ចកាល អតីតអ្នកនយោបាយប្រឆាំងនៅក្រៅស្រុក តែងតែភ្ជាប់ព្រឹត្តិការណ៍និងបញ្ហាជាតិនិយមរសើបនានានៅកម្ពុជា ដើម្បីចោទប្រកាន់ និងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងហេតុផលរុញច្រានបញ្ហាឱ្យផ្ទុះទៅជាចរន្តប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទង្វើទាំងអស់នេះ ក៏ជាវិញ្ញាសាដើម្បីដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលផង ជាការស្ទាបស្ទង់អំពីប្រជាប្រិយភាពរបស់ខ្លួនផង និងជាការស្វែងរកផលចំណេញទាំងលើនយោបាយ និងការកៀងគរថវិកាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនផង ខណៈដែលអ្នកដើរតាមអ្នកនយោបាយប្រឆាំងរូបនេះ តែងតែរងគ្រោះដោយសារតែការលង់ជឿ និងដើរតាមល្បិចនយោបាយប្រឆាំង។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើពុំរិះរកវិធីសាស្ត្រ និងចាត់វិធានការឆ្លើយតប ឬបណ្ដោយឱ្យល្បិចនយោបាយនេះចេះតែបន្តដោយគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ វាក៏អាចនឹងទាញសង្គមជាតិទាំងមូលធ្លាក់ចូលទៅក្នុងរបៀបវារៈដូចដែលក្រុមគេចង់បាន ហើយអាចនឹងនាំប្រទេសជាតិជួបនឹងមហន្តរាយធ្ងន់ធ្ងរផងដែរ។ ទង្វើញុះញង់ប្រកបដោយទុច្ចរឹតនយោបាយ របស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពិតជាគ្មានអ្វីការពីការព្យាយាមដុតរោលសង្គមឱ្យវ៉ឹកវរ ជ្រួលច្របល់ គ្មានសណ្ដាប់ ហើយរង់ចាំឱកាសស្រង់យកផលចំណេញនយោបាយនោះឡើយ។
ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅស្រុកតែងតែបង្កការរំខានដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិខ្លួន ដោយទាក់ទាញប្រជាពលរដ្ឋ ឱ្យមានសមានចិត្តនឹងខ្លួន ហើយមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ នៅក្នុងពេលចុងក្រោយនេះ ពួកគេបានបន្តយកករណីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើជាប្រធានបទវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាពួកគេផ្ទាល់បានដឹងស្រាប់ទៅហើយថា ស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានដាក់បញ្ចូលស្ទើរតែទាំងស្រុង ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣រួចទៅហើយ ហើយរាជរដ្ឋាភិបាលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិទៅហើយក្ដី។ មួយវិញទៀត នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទៀតសោត នៅក្នុងភាគទី១ ដែលបានលើកឡើងអំពី របៀបរៀបចំដំណាក់កាលអន្តរកាល ដែលកិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់នៅត្រង់មាត្រា១អំពី អាជ្ញាធរបណ្ដោះអាសន្នអ.ស.ប. ប្រចាំនៅកម្ពុជា (អ៊ុនតាក់) ក្រុមប្រឹក្សាជាន់ខ្ពស់ជាតិកម្ពុជា (SNC) និងដំណើរការផ្សេងៗនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានបញ្ចប់នៅពេលដែលរាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានបង្កើតឡើង។ ហេតុនេះ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់សុពលភាពទៅហើយ ហើយអ្វីដែលត្រូវអនុវត្តនាពេលនេះគឺ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលបានគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន ដោយបានធានាឱ្យប្រាកដប្រជានូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ធានាលទ្ធិប្រជាធិបតេយ្យនិងដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតយ៉ាងទៀងទាត់តាមប្រតិទិន ទោះនៅក្នុងស្ថានភាពនយោបាយ និងប្រធានស័ក្តិធម្មជាតិណាមួយ ក៏កម្ពុជាពុំធ្លាប់បានខកខាន ឬលើកកាលបរិច្ឆេទនៅក្នុងការបោះឆ្នោតនោះដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាកម្ពុជាថែមទាំងធានបាននូវ សិទ្ធិមនុស្ស សិទ្ធិនយោបាយ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
លើសពីនេះ រាជរដ្ឋាភិបាលបានធានាការពារនូវសិទ្ធិជាមូលដ្ឋានដ៏សំខាន់របស់ប្រជាពលរដ្ឋគឺ សិទ្ធិរស់នរានមានជីវិត តាមរយៈការថែរក្សាឱ្យបាននូវសន្តិភាព បញ្ចៀសស្ថានភាពវឹកវរនៅក្នុងសង្គម និងវិលត្រឡប់មកវិញនៃសង្គ្រាមស៊ីវិល។ ការចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមកពីអ្នកនយោបាយប្រឆាំង ពុំបានយល់ដឹងច្បាស់ ឬទាត់ចូលនូវសច្ចភាពប្រវត្តិសាស្ត្រ មិនយល់ពីនីតិវិធីផ្លូវច្បាប់ និងបញ្ហាប្រាកដនិយមពាក់ព័ន្ធទៅនឹងទិដ្ឋភាពនយោបាយ។
ដូច្នេះហើយ ការយកប្រធានបទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញនិងបំផុសបំផុលឱ្យមានការងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់សារនយោបាយណាមួយ ដែលឈានទៅការគៀងគរប្រជាជនឱ្យផ្ដួលផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយកម្លាំងមហាជន នោះហើយគឺជាការដុតបញ្ឈេះទៅជាបដិវត្តពណ៌។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ អនុវត្តច្បាប់ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថិរភាព និងសន្តិភាពប្រទេសជាតិ ដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងមាគ៌ាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃរដ្ឋមួយ។ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចអនុវត្តដូចនេះបានទេ នោះមានន័យថារាជរដ្ឋាភិបាលរំលោភលើរដ្ឋធម្មនុញ្ញ មិនការពារនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គម ដែលបានបោះឆ្នោតគាំទ្រដល់ខ្លួនឱ្យដឹកនាំប្រទេសជាតិ៕
RAC Media | លឹម សុវណ្ណរិទ្ធ
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖«សកម្មភាពចុះសិក្សាស្រាវជ្រាវគម្រោងស្តីពី «ចម្លាក់អប្សរានៅប្រាសាទ អង្គរវត្ត៖ សិល្បៈតែងលម្អសក់ និងការរចនាសំពត់»ចាប់ពីថ្ងៃសុក្រ១០ កើតខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦...
នៅក្នុងបទបង្ហាញដែលស្តីពី ពីការប្រើប្រាស់រូបភាពបញ្ជូនពីផ្កាយរណបនៅក្នុងគម្រូបាយអូម៉ាស់លើដីនៃព្រៃកោង កាងនិងការប្រើប្រាស់ដីដែលមានការប្រកួតប្រជែង ក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងក...
បណ្ឌិត នភាលន៍ សាសាគី បានធ្វើបទបង្ហាញពីស្តីពី «ការធ្វើនវានុវត្តន៍បច្ចេកវិទ្យាសម្រាប់កសិកម្មឆ្លាត ជាករណីសិក្សាសម្រាប់ការស្តារព្រៃឡើងវិញនិងការធ្វើកសិដ្ឋានចិញ្ចឹមត្រី»។ថ្លែងនៅក្នុងកម្មវិធីនៃបទបង្ហាញ លោកបណ...
លោក Manjunatha Venkatappa ជាអ្នកជំនាញខាងទីតាំងភូមិសាស្រ្តមក ជាវាគ្មិនមកពីប្រទេសថៃបានធ្វើបទបង្ហាញពី «ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»។ សព្វថ្ងៃនេះមានតម្រូវ...
នៅថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្...
នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្...