Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាពនយោបាយ ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ នីតិរដ្ឋផ្ដល់មូលដ្ឋានគ្រឹះដល់ការទទួលបានសេវាសង្គមផ្សេងៗប្រកបដោយសមភាពនិងសមធម៌សម្រាប់ប្រជាពលរដ្ឋ ទប់ស្កាត់អំពើពុករលួយ ទប់ស្កាត់ការរំលោភបំពានអំណាច និងធានាបាននូវយុត្តិធម៌សង្គម។ ការពង្រឹងនីតិរដ្ឋ ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍសង្គមប្រកបដោយថាមភាព តាមរយៈការធានាបានថាមនុស្សគ្រប់រូបនៅក្នុងសង្គមស្ថិតនៅក្រោមបន្ទាត់នៃច្បាប់ ដោយត្រូវមានទំនួលខុសត្រូវនិងគណនេយ្យភាពចំពោះទង្វើរបស់ខ្លួន ពោលគឺច្បាប់ជាម៉ែត្រវាស់ភាពត្រឹមត្រូវ និងកែតម្រូវទង្វើនិងសកម្មភាពខុសឆ្គងទាំងអស់នៅក្នុងសង្គម។ ការពង្រឹងនីតិរដ្ឋផ្អែកលើច្បាប់ដែលមានចែងជាធរមាន គួរតែត្រូវបានចាត់ទុកថាជាលទ្ធផលនៃរបៀបវារៈគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នីតិរដ្ឋអាចផ្តល់នូវការជំរុញដ៏ខ្លាំងក្លា និងយូរអង្វែងដល់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ច-សង្គម។ ការធានាបាននូវនីតិរដ្ឋ ជាមូលដ្ឋានដ៏ចាំបាច់ដែលផ្ដល់ឱ្យបុគ្គលគ្រប់រូបទទួលបានសិទ្ធិ លក្ខខណ្ឌអំណោយផលផ្សេងៗដែលគាំទ្រដល់ការរស់នៅ និងអាចចូលរួម ចំណែកបានពេញលេញនៅក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈចំណេះដឹង សមត្ថភាព លទ្ធភាព និងសក្ដានុពលដែលខ្លួនមាន ដោយគ្មានការរើសអើងដោយសារតែសាវតាជាតិ ឋានៈ ភេទ ពណ៌សម្បុរ និន្នាការ ឬស្ថានភាពសង្គម-សេដ្ឋកិច្ចដទៃផ្សេងទៀត។ នៅក្នុងសង្គមនីតិរដ្ឋ ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាដោយឈរលើមូលដ្ឋានច្បាប់។
ដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងសង្គមជាតិមួយ ទាមទារនូវឆន្ទៈនយោបាយដ៏មោះមុតនិងប្រាកដប្រជាពីសំណាក់មេដឹកនាំ ដើម្បីបើកផ្លូវដល់ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ និងមានលក្ខណៈជាទូទៅមិនចំពោះ។ ត្រង់ចំណុចនេះ ពិតជាត្រូវការជាចាំបាច់នូវការលះបង់ដ៏ធំធេងរបស់មេដឹកនាំ ដែលត្រូវកាត់ផ្ដាច់ការជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍បុគ្គល បក្ខពួកនិយម និងប្រាសចាកឱ្យឆ្ងាយពីការសម្រេចចិត្តដោយផ្អែកលើមនោសញ្ចេតនា ឬសមានចិត្តដែលខ្លួនមានចំពោះបុគ្គលឬក្រុមណាមួយនៅក្នុងក្រសួង ស្ថាប័ន ក្នុងជួររដ្ឋាភិបាល ឬនៅក្នុងសង្គម។
នៅក្នុងបរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្របខ័ណ្ឌនៃអនុវត្តច្បាប់ដ៏រឹងមាំ និងមានប្រសិទ្ធភាព ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការបង្កើតបរិយាកាសសង្គម ដែលមានស្ថិរភាព និងកសាងបាននូវទំនុកចិត្តដល់ភាគីពាក់ព័ន្ធ ពិសេសវិនិយោគិននិងទេសចរទាំងក្នុងស្រុកនិងពីបរទេស ដែលជាកត្តាអំណោយផលដល់ការជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងមានប្រសិទ្ធភាពផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការជំរុញដំណើរការអភិវឌ្ឍសង្គមដែលមានស្ថិរភាព យុត្តិធម៌ និងសមធម៌។
សារៈសំខាន់ចម្បងដែលទទួលបានពីការអនុវត្តនីតិរដ្ឋគឺ ការធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយផ្ដើមឡើងពីការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិពង្រឹងនិងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ដើម្បីសម្រេចបាននូវគោលដៅនៃគោលនយោបាយថ្នាក់ជាតិនេះ ក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗត្រូវបានរៀបចំឡើង និងអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ ដោយផ្អែកលើការកំណត់ប្រភេទនិងលក្ខណៈនៃទង្វើដែលអាចបង្កផលប៉ះពាល់ដល់សុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាប្រឈមនិងលទ្ធភាពដែលអាចឈានដល់ការកើតឡើងនៃបទល្មើស ការកំណត់អំពីតួនាទីនិងភារកិច្ចរបស់ភ្នាក់ងារអនុវត្តច្បាប់ដែលត្រូវទប់ស្កាត់ បង្ការនិងបង្ក្រាបបទល្មើស ការដាក់ចេញនូវវិធានការឆ្លើយតបជាក់ស្ដែងចំពោះបទល្មើស ការកំណត់អត្តសញ្ញាណនៃអ្នកប្រព្រឹត្តទៅតាមនីតិវិធីច្បាប់ និងការធានាបានថាមន្ត្រីមានសមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធីដោយផ្អែកលើច្បាប់ដែលពាក់ព័ន្ធ។ នៅពេលដែលគេអាចធានាបានថា អ្នកប្រព្រឹត្តបទល្មើសនឹងត្រូវបានអនុវត្តវិធានការច្បាប់ និងផ្ដន្ទាទោសទៅច្បាប់ដែលមានជាធរមាន វាគឺជាការធានាបានថា មនុស្សគ្រប់រូបនៅក្នុងសង្គម ត្រូវមានទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ដោយគ្មានការលើកលែងឬរួចខ្លួនដោយសារតែហេតុផលណាមួយ នោះបុគ្គលគ្រប់រូបនឹងមានការប្រុងប្រយ័ត្ន ឬចៀសវាងឱ្យខាងតែបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ទៅដល់សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ ការពង្រឹងនីតីរដ្ឋ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ដើម្បីធានាបាននូវយុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មនៅក្នុងសង្គម និងជាគោលការណ៍រួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ ព្រោះនៅពេលដែលសង្គមជាតិមួយប្រកាន់យកគោលការណ៍ច្បាប់ជាធំ នោះមនុស្សនៅក្នុងសង្គមនឹងទទួលបាននូវសិទ្ធិ និងឱកាសក្នុងការចូលរួមឬការទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទាំងការផ្ដល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយស្របតាមខ្លឹមសារដែលច្បាប់បានចែង តួយ៉ាងដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិមានកម្មសិទ្ធិ សិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិទទួលបានការការពារពីច្បាប់ សិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ សេរីភាពពីការធ្វើទណ្ឌកម្ម និងសិទ្ធិលើជំនឿសាសនាជាដើម។ នៅពេលដែលគេអាចធានាបានថាបុគ្គលគ្រប់រូប ទទួលបាននូវសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការរស់នៅដោយស្របច្បាប់នៅក្នុងសង្គមជាតិមួយ មានន័យថា ពលរដ្ឋទាំងអស់អាចរស់នៅដោយចុះសម្រុងនៅក្នុងសង្គម និងប្រកបដោយភាពសុខដុមជាមួយនឹងបរិយាកាសសង្គម ដែលនេះគឺជាការធានាបានថា គ្មាននិន្នាការងើបឡើងប្រឆាំងនឹងការគាបសង្កត់ពីរដ្ឋអំណាច ឬការតវ៉ាប្រឆាំងទាមទារយុត្តិធម៌និងសិទ្ធិជាទ្រង់ទ្រាយធំ ដែលអាចបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនោះឡើយ។
លើសពីនេះទៅទៀត ការពង្រឹងនីតិរដ្ឋ បានរួមចំណែកយ៉ាងមានប្រសិទ្ធភាព នៅក្នុងការលើកកម្ពស់អភិបាលកិច្ចសង្គមផងដែរ ដោយតាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធំ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ក៏ដូចជាមន្ត្រីរាជការ ដែលផ្ដល់សេវាសាធារណៈទាំងអស់ ក៏សុទ្ធសឹងតែត្រូវមានគណនេយ្យភាព ចំពោះតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។ នៅពេលដែលនីតិរដ្ឋត្រូវបានពង្រឹងពិតប្រាកដ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននៅគ្រប់លំដាប់ថ្នាក់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចចិត្តរបស់ខ្លួន នៅក្នុងដំណើរការអនុវត្តមុខងារនៃស្ថាប័នដែលខ្លួនគ្រប់គ្រង រាប់ចាប់តាំងពីការប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់ស្ថាប័ន ព្រមទាំងការចាត់តាំងភារកិច្ច ឬតែងតាំងតួនាទីមន្ត្រីរាជការជាដើម។ ក្នុងករណីដែលមានភាពមិនប្រក្រតី ឬប្រាសចាកទៅនឹងនីតិវិធីច្បាប់ ថ្នាក់ដឹកនាំទាំងនោះនឹងត្រូវប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ ដែលការណ៍នេះ គឺជាការជំរុញឱ្យថ្នាក់ដឹកនាំស្ថាប័នទាំងនេះ ត្រូវមានស្មារតីដឹកនាំស្ថាប័នប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ ក្នុងន័យស្របគ្នានេះដែរ ការពង្រឹងនីតិរដ្ឋ ក៏នឹងរួមចំណែកជំរុញការឱ្យមន្ត្រីរាជការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវស្របតាមលក្ខន្តិកៈមុខងារ គោរពអនុវត្តច្បាប់ដោយគ្មានការលម្អៀង និងចៀសវាងការប្រើប្រាស់តួនាទីភារកិច្ចខ្លួន សម្រាប់បម្រើឱ្យផលប្រយោជន៍បុគ្គលផងដែរ។ នៅក្នុងន័យនេះដែរ នៅពេលដែលប្រទេសជាតិមួយអាចពង្រឹងនីតិរដ្ឋនៅក្នុងសង្គមបាន យុទ្ធនាការនៃការប្រឆាំងអំពើពុករលួយដែលមានប្រសិទ្ធភាពគឺជាផ្លែផ្កាដ៏សំខាន់មួយនៃដំណើរការនេះ ដែលនឹងរួមចំណែកលើកកម្ពស់អភិបាលកិច្ចប្រទេសជាតិផងដែរ។ នៅពេលដែលនីតិរដ្ឋត្រូវបានពង្រឹងពិតប្រាកដ មន្ត្រីរាជការ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងមន្ត្រីជាន់ខ្ពស់ដែលប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងកេងបន្លំថវិកាជាតិ នឹងត្រូវបានរកឃើញតាមរយៈយន្តការច្បាប់ដែលលក្ខណៈរឹងមាំជាប្រព័ន្ធ ដោយសារការរាយការណ៍អំពីអំពើពុករលួយពីមជ្ឈដ្ឋានផ្សេងៗ ឬនៅក្នុងចំណោមមន្ត្រីរាជការនិងអ្នកបំពេញការងារក្រោមឱវាទអ្នកទាំងនោះផ្ទាល់ ព្រោះគេជឿជាក់ថា ការអនុវត្តច្បាប់ពិតជាសុក្រឹត្យ មិនលម្អៀង និងគ្មានការលើកលែងដោយសារតែហេតុផលណាមួយឡើយ ហើយអ្នកដែលរាយការណ៍ទៀតសោត ក៏នឹងពុំត្រូវប្រឈមនឹងការគុំគួន ឬសងសឹកត្រឡប់វិញដោយសារតែការរាយការណ៍អំពីអំពើពុករលួយនោះដែរ។ នៅពេលដែលជនប្រព្រឹត្តអំពើពុករលួយទាំងនោះ ត្រូវបាននាំយកទៅផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន នោះគេនឹងអាចធានាបាននូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃស្ថាប័នរដ្ឋ ពិសេសគឺការពង្រឹងអភិបាលកិច្ចនៅក្នុងក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជានៅក្នុងជួររដ្ឋាភិបាលទាំងមូលផងដែរ។
ទោះជាយ៉ាងណា ដើម្បីសម្រេចបាននូវការពង្រឹងនូវនីតិរដ្ឋប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ទាមទារឱ្យមានការពង្រីកការយល់ដឹងជាសាធារណៈ ហើយការពង្រឹងនីតិរដ្ឋនេះទៀតសោតត្រូវអនុវត្តឡើងដោយទូទៅ នៅគ្រប់វិស័យ និងដោយស្មើភាពគ្នាចំពោះគ្រប់បុគ្គលទាំងអស់នៅក្នុងសង្គម អនុលោមតាមគោលការណ៍សិទ្ធិមនុស្ស និងធ្វើឡើងដោយភាពប្រាកដប្រជា និងនៅក្នុងជំហានជាក់លាក់មួយ ជាជាងការប្រើប្រាស់វោហារសព្ទរបស់មេដឹកនាំ ហើយយកធ្វើជានយោបាយប្រជាភិថុតិ ដើម្បីតែទាក់ទាញប្រជាប្រិយភាពពីចំណោមមហាជន។ គេត្រូវចងចាំថា នីតិរដ្ឋគឺជាមូលដ្ឋានដ៏សំខាន់បំផុតនៅក្នុងការកំណត់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃអភិបាលកិច្ចប្រទេសជាតិ៕
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...
(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...
RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...
ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...