Royal Academy of Cambodia
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចមកហើយ និងដែលរាជរដ្ឋាភិបាលបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់កំពូលរបស់ជាតិមួយនេះ បើទោះបីជាកន្លងមក មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដោយយោងទៅលើតម្រូវនៃការវិវត្តស្ថានភាពសង្គម និងនយោបាយនៃប្រទេសកម្ពុជាក្ដី ក៏ច្បាប់កំពូលដែលត្រូវបានធ្វើវិសោធនកម្មនេះ នៅតែអនុលោមតាមស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នៅក្នុងឆ្នាំ២០២៤នេះ នាឱកាសខួប ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានភាគីតំណាងទូតមួយចំនួន បានចេញសេចក្ដីប្រកាសអបអរខួបនៃកិច្ចព្រមព្រៀងនេះ និងក៏បានថ្លែងជំរុញឱ្យកម្ពុជា ដកនូវអ្វីដែលភាគីទូតទាំងនោះចាត់ទុកថាជាឧបសគ្គនៅក្នុងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ជាមួយគ្នានេះការប្រកាសស្ថានទូតអឺរ៉ុបប្រចាំកម្ពុជានេះ គឺជាជ្រុងមួយនៃការយល់ឃើញពីអ្នកការទូតអឺរ៉ុប ដែលយោងទៅតាមការមើលឃើញផ្អែកតាមទស្សនៈនយោបាយអឺរ៉ុប ពាក់ព័ន្ធទៅការគោរពនិងអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលមិនបានឆ្លុះបញ្ចាំងអំពីការពិតជាក់ស្ដែងនៅកម្ពុជាទាំងស្រុងនោះទេ។ នៅក្នុងតថភាពជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិ និងសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាស្មារតីដើមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏គួរតែថ្លែងអំណរគុណដល់បណ្ដាប្រទេសអឺរ៉ុបដែលជាមិត្ត ដែលតែងតែងបង្ហាញពីកង្វល់ និងការជ្រោមជ្រែងដល់កម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព ការការពារសន្តិភាព និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាជាដើម ដោយសហភាពអឺរ៉ុបតែងតែចូលរួមជាមួយកម្ពុជា ហើយមកទល់នឹងពេលនេះ សហភាពអឺរ៉ុបក៏នៅតែចំណែកទីផ្សារដ៏សំខាន់របស់កម្ពុជាផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត គឺអឺរ៉ុបកំពុងព្យាយាមជួយឈឺឆ្អាល ជ្រោមជ្រែងកម្ពុជា ទៅតាមទស្សនៈយល់ឃើញរបស់ខ្លួន ខណៈដែលកន្លងទៅនេះ សហភាពអឺរ៉ុប បានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០% ពីកម្ពុជា។ ហេតុនេះហើយ សហភាពអឺរ៉ុប នៅតែបន្តបង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់អំណាចការទូតស្រទន់បែបអឺរ៉ុប។
ទោះជាយ៉ាងណា កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ មានអធិបតេយ្យពេញលេញ នៅក្នុងការសម្រេចចិត្តជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេសដោយផ្អែកលើគោលការណ៍ និងទស្សនៈអភិវឌ្ឍផ្ទាល់ខ្លួន ស្របទៅនឹងស្ថានភាពសង្គមនិងនយោបាយរបស់កម្ពុជាផ្ទាល់ ដោយពុំមានភាពចាំបាច់នៅក្នុងការឆ្លើយតប ឬប្រតិកម្មនឹងការលើកឡើងនេះឡើយ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តការគិតគូរទៅលើការបើកទូលាយនូវសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុចរិតភាពរបស់អ្នកនយោបាយ ព្រមទាំងថែរក្សាបាននូវសន្តិភាពដែលកម្ពុជាទទួលបានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជាមួយគ្នានេះដែរ រហូតមកបច្ចុប្បន្ន ប្រទេសទាំងអស់ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពុំមានកាតព្វកិច្ចចាប់បង្ខំ ឬចង្អុលបង្ហាញឱ្យកម្ពុជាអនុវត្តទៅលើកិច្ចព្រមព្រៀងនេះតាមទម្រង់បែបនេះ ឬបែបនោះបាននោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងទស្សនទាននយោបាយ រដ្ឋមួយមិនអាចមានរដ្ឋធម្មនុញ្ញពីរនោះទេ ហើយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដោយគ្រប់ភាគីនយោបាយខ្មែរទាំងអស់ដែលបានចូលរួមការបោះឆ្នោតនីតិកាលទី១ និងបានក្លាយទៅជាសមាជិកសភាធម្មនុញ្ញនាពេលនោះ សុទ្ធតែបានចូលរួមតាក់តែងរដ្ឋធម្មនុញ្ញនេះ។
ដូច្នេះ ក្នុងនាមកម្ពុជាជាឯករាជ្យមួយ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល រាជរដ្ឋាភិបាលកម្ពុជាមានអធិបតេយ្យគ្រប់គ្រាន់នៅក្នុងការដឹកនាំប្រទេសរបស់ខ្លួនដោយស្វ័យភាព។ ចំណែកប្រទេសជាដៃគូ ដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងឋានៈជាប្រទេសស្មើមុខស្មើមាត់ មិនមានសិទ្ធិ ឬកាតព្វកិច្ចចាប់បង្ខំរដ្ឋអធិបតេយ្យផ្សេងទៀតឱ្យអនុវត្តទៅតាមទស្សនៈយល់ឃើញរបស់ខ្លួនដូចនៅក្នុងសម័យកាលសង្គ្រាមត្រជាក់នោះទេ។ ចេតនាទាំងឡាយដែលចង់បង្ហាញឱ្យប្រទេសមួយអនុវត្តទៅតាមការចង់បានរបស់ខ្លួន គឺស្មើនឹងការចាត់ទុកប្រទេសមួយទៀតគឺជារដ្ឋរណប រដ្ឋចំណុះ ឬរដ្ឋសម្ព័ន្ធរបស់ខ្លួន ដូចស្ថានភាពនៃការប្រកួតប្រជែងនៃប្លុកទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់ដូច្នោះដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក...
របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជ...
យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និ...
យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ...
បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោល...