Royal Academy of Cambodia
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចមកហើយ និងដែលរាជរដ្ឋាភិបាលបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់កំពូលរបស់ជាតិមួយនេះ បើទោះបីជាកន្លងមក មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដោយយោងទៅលើតម្រូវនៃការវិវត្តស្ថានភាពសង្គម និងនយោបាយនៃប្រទេសកម្ពុជាក្ដី ក៏ច្បាប់កំពូលដែលត្រូវបានធ្វើវិសោធនកម្មនេះ នៅតែអនុលោមតាមស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នៅក្នុងឆ្នាំ២០២៤នេះ នាឱកាសខួប ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានភាគីតំណាងទូតមួយចំនួន បានចេញសេចក្ដីប្រកាសអបអរខួបនៃកិច្ចព្រមព្រៀងនេះ និងក៏បានថ្លែងជំរុញឱ្យកម្ពុជា ដកនូវអ្វីដែលភាគីទូតទាំងនោះចាត់ទុកថាជាឧបសគ្គនៅក្នុងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ជាមួយគ្នានេះការប្រកាសស្ថានទូតអឺរ៉ុបប្រចាំកម្ពុជានេះ គឺជាជ្រុងមួយនៃការយល់ឃើញពីអ្នកការទូតអឺរ៉ុប ដែលយោងទៅតាមការមើលឃើញផ្អែកតាមទស្សនៈនយោបាយអឺរ៉ុប ពាក់ព័ន្ធទៅការគោរពនិងអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលមិនបានឆ្លុះបញ្ចាំងអំពីការពិតជាក់ស្ដែងនៅកម្ពុជាទាំងស្រុងនោះទេ។ នៅក្នុងតថភាពជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិ និងសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាស្មារតីដើមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏គួរតែថ្លែងអំណរគុណដល់បណ្ដាប្រទេសអឺរ៉ុបដែលជាមិត្ត ដែលតែងតែងបង្ហាញពីកង្វល់ និងការជ្រោមជ្រែងដល់កម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព ការការពារសន្តិភាព និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាជាដើម ដោយសហភាពអឺរ៉ុបតែងតែចូលរួមជាមួយកម្ពុជា ហើយមកទល់នឹងពេលនេះ សហភាពអឺរ៉ុបក៏នៅតែចំណែកទីផ្សារដ៏សំខាន់របស់កម្ពុជាផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត គឺអឺរ៉ុបកំពុងព្យាយាមជួយឈឺឆ្អាល ជ្រោមជ្រែងកម្ពុជា ទៅតាមទស្សនៈយល់ឃើញរបស់ខ្លួន ខណៈដែលកន្លងទៅនេះ សហភាពអឺរ៉ុប បានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០% ពីកម្ពុជា។ ហេតុនេះហើយ សហភាពអឺរ៉ុប នៅតែបន្តបង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់អំណាចការទូតស្រទន់បែបអឺរ៉ុប។
ទោះជាយ៉ាងណា កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ មានអធិបតេយ្យពេញលេញ នៅក្នុងការសម្រេចចិត្តជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេសដោយផ្អែកលើគោលការណ៍ និងទស្សនៈអភិវឌ្ឍផ្ទាល់ខ្លួន ស្របទៅនឹងស្ថានភាពសង្គមនិងនយោបាយរបស់កម្ពុជាផ្ទាល់ ដោយពុំមានភាពចាំបាច់នៅក្នុងការឆ្លើយតប ឬប្រតិកម្មនឹងការលើកឡើងនេះឡើយ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តការគិតគូរទៅលើការបើកទូលាយនូវសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុចរិតភាពរបស់អ្នកនយោបាយ ព្រមទាំងថែរក្សាបាននូវសន្តិភាពដែលកម្ពុជាទទួលបានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជាមួយគ្នានេះដែរ រហូតមកបច្ចុប្បន្ន ប្រទេសទាំងអស់ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពុំមានកាតព្វកិច្ចចាប់បង្ខំ ឬចង្អុលបង្ហាញឱ្យកម្ពុជាអនុវត្តទៅលើកិច្ចព្រមព្រៀងនេះតាមទម្រង់បែបនេះ ឬបែបនោះបាននោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងទស្សនទាននយោបាយ រដ្ឋមួយមិនអាចមានរដ្ឋធម្មនុញ្ញពីរនោះទេ ហើយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដោយគ្រប់ភាគីនយោបាយខ្មែរទាំងអស់ដែលបានចូលរួមការបោះឆ្នោតនីតិកាលទី១ និងបានក្លាយទៅជាសមាជិកសភាធម្មនុញ្ញនាពេលនោះ សុទ្ធតែបានចូលរួមតាក់តែងរដ្ឋធម្មនុញ្ញនេះ។
ដូច្នេះ ក្នុងនាមកម្ពុជាជាឯករាជ្យមួយ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល រាជរដ្ឋាភិបាលកម្ពុជាមានអធិបតេយ្យគ្រប់គ្រាន់នៅក្នុងការដឹកនាំប្រទេសរបស់ខ្លួនដោយស្វ័យភាព។ ចំណែកប្រទេសជាដៃគូ ដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងឋានៈជាប្រទេសស្មើមុខស្មើមាត់ មិនមានសិទ្ធិ ឬកាតព្វកិច្ចចាប់បង្ខំរដ្ឋអធិបតេយ្យផ្សេងទៀតឱ្យអនុវត្តទៅតាមទស្សនៈយល់ឃើញរបស់ខ្លួនដូចនៅក្នុងសម័យកាលសង្គ្រាមត្រជាក់នោះទេ។ ចេតនាទាំងឡាយដែលចង់បង្ហាញឱ្យប្រទេសមួយអនុវត្តទៅតាមការចង់បានរបស់ខ្លួន គឺស្មើនឹងការចាត់ទុកប្រទេសមួយទៀតគឺជារដ្ឋរណប រដ្ឋចំណុះ ឬរដ្ឋសម្ព័ន្ធរបស់ខ្លួន ដូចស្ថានភាពនៃការប្រកួតប្រជែងនៃប្លុកទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់ដូច្នោះដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...
ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃច...