Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
៣៣ឆ្នាំក្រោយពីការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជារៀងរាល់ឆ្នាំនៅជិតថ្ងៃគម្រប់ខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយប្រឆាំង និងក្រុមអ្នករិះគន់រដ្ឋាភិបាល តែងលើកឡើងនិងបន្តចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាថា នៅពុំទាន់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញទេ ដោយពួកគេបានអះអាងថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ និងការគោរពបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា នៅពុំទាន់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធានាឱ្យបានល្អប្រសើរនៅឡើយនោះទេ។ បន្ថែមពីលើនេះ នៅពេលខ្លះ ពួកគេថែមទាំងបានអំពាវនាវឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដាក់សម្ពាធ និងជំរុញឱ្យរាជរដ្ឋាភិបាលគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយប្រទេសទាំង១៨នេះថែមទៀតផង។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា តែងតែបានអះអាងថា ស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចរាល់ទៅហើយ។ ជាមួយគ្នានេះ ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែបានគូសបញ្ជាក់ និងការពារជំហរថា រាជរដ្ឋាភិបាលបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានចោទប្រកាន់ទៅកាន់អ្នកនយោបាយអតីតនិងក្រុមអ្នករិះគន់វិញដែរថា ការលើកឡើងរិះគន់ប្រឆាំងនឹងរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការលើកឡើងដែលមានរបៀបវារៈនយោបាយទុច្ចរឹត និងមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជាថែមទៀតផង។
គួររំឭកផងដែរថា នៅក្នុងកញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានឯកសារសំខាន់ៗចំនួន៤គឺ “កិច្ចព្រមព្រៀងស្ដីពី ដំណោះស្រាយរួមមួយនៃជំលោះកម្ពុជា”, “កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា”, “សេចក្ដីថ្លែងការណ៍ ស្ដីពីការស្ដារ និង ការកសាងប្រទេសកម្ពុជាឡើងវិញ” និង “កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីស”។ ខ្លឹមសារដែលមានចែងនៅក្នុងឯកសារទាំង៤នេះហើយ ដែលបានតម្រូវឱ្យប្រទេសជាហត្ថលេខីនាពេលនោះ ត្រូវចូលរួមធានាឱ្យមានការគោរពសិទ្ធិមនុស្ស ការបង្រួបបង្រួមនិងឯកភាពជាតិ ធានាអធិបតេយ្យ និងការគោរពបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ព្រមទាំងជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលនោះ តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣ជាដើម។
នៅក្នុងកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ភាគទី១ ដំណាក់កាលរៀបចំអន្តរកាល ផ្នែកទី២ អាជ្ញាធរបណ្ដោះអាសន្ននៃ អ.ស.ប. នៅកម្ពុជា មាត្រាទី២ បានចែងអំពីការស្នើការបង្កើត អាជ្ញាធរបណ្ដោះអាសន្ននៃ អ.ស.ប. មួយនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ដែលមានទាំងផ្នែកយោធា និងផ្នែកស៊ីវិល ដោយស្ថិតក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប.) និងស្នើដល់ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ឱ្យប្រគល់ដល់អ៊ុនតាក់ (UNTAC) នូវតួនាទីភារកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ត្រូវបានរៀបចំនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន២០គណបក្ស ហើយជាលទ្ធផល គណបក្សចំនួន៤ បានទទួលអសនៈ ក្នុងនោះគណបក្សដែលទទួលបានអសនៈនាំមុខគេគឺ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ ក្រោយបញ្ចប់ការបោះឆ្នោតឆ្នាំ១៩៩៣ អ៊ុនតាក់ (UNTAC) ដែលជាអាជ្ញាធរបណ្ដោះអាសន្ននៃ អ.ស.ប. នៅកម្ពុជា បានចាកចេញជាមួយនឹងជោគជ័យជាប្រវត្តិសាស្ត្រនៃអង្គការសហប្រជាជាតិ នៅក្នុងការដោះស្រាយជម្លោះ និងសម្រេចបានចប់សព្វគ្រប់នូវរៀបចំការបោះឆ្នោតមួយនៅកម្ពុជាដែលជាសមាជិកអង្គការនេះ។
នៅក្នុងទិដ្ឋភាពជាក់ស្ដែង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានសំខាន់មួយក្នុងដំណើរការស្វែងរកសន្តិភាព ការគោរពសិទ្ធិមនុស្ស ការចាប់ផ្ដើមអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣យ៉ាងពិតប្រាកដ។ ទោះជាយ៉ាងណា ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសកម្ពុជាក៏នៅតែពុំទាន់ទទួលបានសុខសន្តិភាពពេញលេញនៅឡើយទេ ដោយសារតែក្រុមកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលជាភាគី១ក្នុងចំណោមភាគីខ្មែរទាំង៤ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ ពុំបានឈរឈ្មោះនៅក្នុងការបោះឆ្នោតនោះឡើយ ព្រោះពួកគេគ្មានសង្ឃឹមនឹងទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋឡើយ ហើយកងកម្លាំងខ្មែរក្រហមក៏បានងាកទៅបន្តការតស៊ូប្រដាប់អាវុធនៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃវិញ។ សង្គ្រាមទ័ពព្រៃនៅតែបន្ត ដោយខ្មែរក្រហមបានឆ្មក់វាយប្រហារលើមូលដ្ឋានយោធានៃកងកម្លាំងរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលនាពេលនោះ ត្រូវចាប់ផ្ដើមកសាងសង្គមផង និងត្រូវការពារការវាយប្រហារពីក្រុមខ្មែរក្រហមផង។
ក្រោយមកតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេច ហ៊ុន សែន នៅឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាអាចស្វែងរកសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងប្រទេសតាមរបៀបស្បែកខ្លាបាន ដោយសម្ដេច ហ៊ុន សែន នាពេលនោះ បានបញ្ចប់នូវអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម ហើយធ្វើសមាហរណកម្មអ្នកទាំងនោះចូលមកក្នុងសង្គមជាតិតែមួយ និងបន្តជីវភាពរស់នៅប្រកបដោយសុខដុមនីយកម្មជាមួយនឹងប្រជាពលរដ្ឋខ្មែរផ្សេងទៀត។ នេះមានន័យថា ថ្វីដ្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដែលនាំមកនូវដំណើរឆ្ពោះទៅរកសន្តិភាពក្ដី ក៏ប៉ុន្តែការអនុវត្តត្រឹមតែកិច្ចព្រមព្រៀងនេះ ពុំអាចឈានទៅសម្រេចបានសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជានោះឡើយ។ គេត្រូវចងចាំថា បើសិនជាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមមិនត្រូវបានរំលាយតាមរយៈយុទ្ធសាស្ត្រឌីហ្វីត (DIFID) និងនយោបាយឈ្នះឈ្នះនោះទេ កម្ពុជាក៏នឹងមិនអាចស្គាល់នូវសុខសន្តិភាពពេញលេញ និងអាចចូលរួមនៅក្នុងសមាហរណកម្មតំបន់ ដើម្បីឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចដូចបច្ចុប្បន្ននោះដែរ។
ក្រឡេកមកពិនិត្យមើល ការខ្វែងគំនិតគ្នារវាងអ្នកនយោបាយខ្មែរ ពិសេសរវាងអ្នកនយោបាយប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងនេះវិញ យើងឃើញថា ស្មារតីនិងខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដូចជា អំពីបូរណភាពទឹកដី និងអធិបតេយ្យនៃប្រទេសកម្ពុជា (រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី១ អំពីអធិបតេយ្យ មាន៦មាត្រា) សិទ្ធិមនុស្ស (រដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី៣ អំពី សិទ្ធិ និងករណីយកិច្ច របស់ប្រជាពលរដ្ឋខ្មែរ មាន ២០មាត្រា) និងលទ្ធិប្រជាធិបតេយ្យ (រដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី៤ អំពីរបបនយោបាយ មាន៥មាត្រា)។ ការដាក់បញ្ចូលនូវស្មារតីនិងខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងដោយសភាធម្មនុញ្ញ ក្នុងគោលបំណងធានាឱ្យបាននូវការអនុវត្តស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែហេតុអ្វីបានជាអ្នកដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសដែលធ្លាប់ជាសមាជិកនៃសភាធម្មនុញ្ញនិងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី១ ហាក់ដូចជាធ្វើពុំដឹងពុំឭទៅវិញ? ឬនេះគឺជាចេតនា ដើម្បីកេងចំណេញនយោបាយប្រឆាំងរបស់ខ្លួន?
ខណៈដែលគោលបំណងចម្បងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា និងការស្ដារប្រទេសកម្ពុជាឡើងវិញ តើមានចំណុចណាមួយនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអនុម័តជាបន្តបន្ទាប់នាពេលកន្លងមក ដែលមានខ្លឹមសារប្រាសចាក ឬផ្ទុយពីស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?
តើរាជរដ្ឋាភិបាលកម្ពុជាពុំបានអើពើនឹងបញ្ហាអធិបតេយ្យ ឯករាជ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅត្រង់តំបន់ ឬចំណុចណាមួយនៃប្រទេសកម្ពុជា? គេគួរតែលើកយកមកបង្ហាញឱ្យបានជាក់លាក់ថា នៅត្រង់ភូមិសាស្ត្រខេត្ត តំបន់ ឬចំណុចណាមួយនៃព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ដែលរាជរដ្ឋាភិបាលពុំបានចាត់តាំងឬប្រគល់ភារកិច្ចទៅឱ្យកងទ័ព ឬវរនគរបាលការពារព្រំដែនទៅបំពេញបេសកកម្មយាមល្បាតនិងការពារដែនអធិបតេយ្យជាតិរបស់ខ្លួន។ ចំពោះការបើកចំហរសិទ្ធិសេរីភាព និងការបញ្ចេញមតិ តើស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិជាក់ស្ដែងនៅកម្ពុជា នៅត្រង់ចំណុចណាដែលមានកម្រិតទាបជាងប្រទេសក្នុងតំបន់ ឬប្រទេសជិតខាងកម្ពុជា?
ចំណែកឯទិដ្ឋភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានគេចោទប្រកាន់ថា បានធ្លាក់ចុះជាលំដាប់នោះ គេគួរតែពិនិត្យនិងលើកយកមកធ្វើជាគម្រូជាក់ស្ដែងផងដែរថា តើនៅបណ្ដាប្រទេសប្រជាធិបតេយ្យណាខ្លះលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រព្រឹត្តបទល្មើស អាចរួចផុតពីទោសទណ្ឌដែលមានចែងនៅក្នុងច្បាប់នៃប្រទេសនោះ ដោយសារតែពួកគេគឺជាអ្នកនយោបាយ? តើអ្នកនយោបាយដែលជាពលរដ្ឋនៅក្នុងប្រទេសមួយ គួរតែគោរពនិងអនុវត្តស្របទៅតាមច្បាស់ដែលមានជាធរមាននៅក្នុងប្រទេសដែរឬយ៉ាងណា? ជាការពិតណាស់ អ្នកនយោបាយគឺជាអ្នកមានឥទ្ធិពល និងចូលរួមចំណែកនៅក្នុងការតាក់តែងនិងអនុម័តច្បាប់ នៅពេលដែលខ្លួនចូលបំពេញការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ឬនៅក្នុងមុខតំណែងដែលមានសិទ្ធិរៀបចំសេចក្ដីព្រាងច្បាប់។ ដូច្នេះហើយ អ្នកនយោបាយក៏គួរតែជាអ្នកគោរពនិងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញពីសុចរិតភាពរបស់ខ្លួនក្នុងនាមជាអ្នកចូលរួមរៀបចំនិងកសាងសង្គមជាតិ។
ជារួម គោលបំណងរបស់អ្នកនយោបាយប្រឆាំង ដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទាមទារឱ្យប្រទេសជាហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងនេះ ដាក់សម្ពាធឬអន្តរាគមន៍មកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តតាមអ្វីដែលជាការចង់បានរបស់ខ្លួននោះ គឺគ្រាន់តែដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួននិងក្រុមខ្លួន ដែលចង់នៅបន្តមានឥទ្ធិពលនៅក្នុងឆាកនយោបាយប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយពួកគេគ្មានជម្រើសអ្វីក្រៅតែពីការចោទប្រកាន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបស្ចិមប្រទេសដាក់សម្ពាធ និងប្រើឥទ្ធិពលដែលប្រទេសទាំងនោះមាន ដើម្បីជំរុញរាជរដ្ឋាភិបាលអនុវត្តទៅតាមការចង់បានរបស់ពួកគេនោះទេ។ នៅក្នុងករណីខ្លះ ពួកគេថែមទាំងហ៊ានអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្ម ឬហ៊ុមព័ទ្ធប្រទេសជាតិរបស់ខ្លួនថែមទៀតផង។ ជាការពិតណាស់ អ្នកនយោបាយប្រឆាំងមួយចំនួននៅបរទេស ពិតជានឹងមិនចាត់ទុកថារាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យ និងបើកទូលាយចំពោះការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនោះទេ ប្រសិនបើខ្លួននិងបក្ខពួកមិនត្រូវបានអនុញ្ញាតឱ្យចូលមកធ្វើនយោបាយឡើងវិញ តាមរយៈការស្នើសុំព្រះមហាក្សត្រឱ្យលើកលែងទោសពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។ នៅចំពោះមុខនាពេលនេះ ក្រុមអ្នកនយោបាយប្រឆាំងគ្មានជម្រើសអ្វីផ្សេងទៀតដើម្បីចោទប្រកាន់ ដាក់បន្ទុក និងបង្កើតសម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជានោះទេ ព្រោះការកាត់បន្ថយជំនួយនិងការបន្ទាបកម្រិតកិច្ចសហប្រតិបត្តិការរបស់ប្រទេសមួយចំនួន ក៏ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នាពេលកន្លងមក ក៏នៅតែពុំមានប្រសិទ្ធភាពដើម្បីជះឥទ្ធិពលលើការធ្វើសេចក្ដីសម្រេចចិត្តរបស់មេដឹកនាំកម្ពុជាទៅលើបញ្ហានយោបាយផ្ទៃក្នុង និងជំហរការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជានោះដែរ៕
(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាប្រសិនបើត្រូវបានជាប់ឆ្នោតក្នុងពេលបោះឆ្នោត នាខែឧសភ...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបដំណឹង ជូនដល់មហាជន និស្សិត និងបេក្ខជនបណ្ឌិតទាំងអស់ដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកម្មវិធីបាឋកថាមួយ...
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធ...
(ក្រុងបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណា...
យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការ...