ព័ត៌មាន

ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?

2024-10-21 12:55:04 ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 07:55 PM
អ្នកមើល 2110
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

          ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុ​ស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០០រៀល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី (២៩ តុលា ២០០៤ -២៩ តុលា ២០២៤) ការសាទរ ចម្ងល់ និងប្រតិ​កម្ម​ផ្សេងៗ បានលេចឡើងជាបន្តបន្ទាប់។ មតិខ្លះបាន​សាទរ​ចំពោះការចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍នេះ ដោយអះអាងថា ជាការចូលរួម​ចំណែក​ជំរុញលើកកម្ពស់ការ​ប្រើ​ប្រាស់​ប្រាក់រៀលរបស់កម្ពុជា និង/ឬជាការចំណេញ​មួយ​នៅ​ពេលដែលមានការបោះពុម្ព​ក្រដាស​ប្រាក់​ដែលមានតម្លៃខ្ពស់ អាស្រ័យដោយថ្លៃដើម​ផលិតឬជាការឆ្លើយតបទៅនឹង​តម្រូវ​ការ​ប្រើប្រាស់ប្រាក់រៀលនៅលើ​ទីផ្សារ​ជាដើម។ មតិខ្លះ​ទៀតបានលើកឡើងជាចម្ងល់​ថា ការ​បោះ​ពុម្ពក្រដាសប្រាក់ដែលមាន​តម្លៃខ្ពស់បែបនេះ តើ​បណ្ដាលមកពី​រដ្ឋ​ប្រឈម​នឹង​កង្វះ​ថវិកាសម្រាប់ការចំណាយឬយ៉ាងណា? និងថាតើការ​បោះពុម្ព​ក្រដាសប្រាក់ថ្មីនេះ អាច​នាំទៅដល់អតិផរណាដែរឬទេ? លើសពីនេះ មាន​ទស្សនៈ​មួយជ្រុង​ផ្សេង​ទៀតពីអ្នក​នយោបាយប្រឆាំង បានចោទប្រកាន់និងដាក់បន្ទុក​លើរាជ​រដ្ឋាភិបាល​​កម្ពុជាថា ការបោះពុម្ព​ប្រាក់បន្ថែមនេះ ដោយសារ​តែរាជ​រដ្ឋាភិបាល​កម្ពុជា​បរា​ជ័យនៅក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដែលនាំឱ្យមានការបោះពុម្ព​លុយ​ដើម្បីបង្គ្រប់​ការ​ចំណាយផ្សេងៗ។

          ក្រោយការចេញផ្សាយធនប័ត្រថ្មីនេះ ធនាគារជាតិបានចេញបកស្រាយ​អំពី​ហេតុ​ផលនៃការបោះពុម្ពក្រដាសប្រាក់ថ្មី និងបានពន្យល់ថា ការបោះពុម្ពក្រដាសប្រាក់ថ្មីនេះ​នឹង​ពុំ​ធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់រៀល ឬមិនមែនមានន័យថារាជរដ្ឋាភិបាលកម្ពុជាខ្វះលុយ​ក្នុង​ការចំណាយនោះឡើយ ដោយអះអាងថានេះ​គឺ​ជា​ការបោះពុម្ពក្រដាសប្រាក់ថ្មីដើម្បី​ជំនួស​​ក្រដាស​ប្រាក់ចាស់ ទក់ ឬរហែក ដែល​ធនាគារជាតិ​បានប្រមូលពីក្នុង​ទី​ផ្សារ​ យក​ទៅ​កម្ទេចចោល។

          ពិតប្រាកដណាស់ បទពិសោធន៍នៃការបោះពុម្ព​រូបិយបណ្ណបន្ថែមដើម្បីបំពេញ​តម្រូវ​ការសាច់ប្រាក់របស់រដ្ឋក្នុងទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ពិតជាអាចនឹងបង្កទៅ​ជាអតិផរ​ណា នៅក្នុងករណីដែលរដ្ឋាភិបាល​ពុំបានថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ឬសម្រេចចិត្ត​បោះពុម្ព​រូបិយបណ្ណលើសពីតម្រូវការ​នៅក្នុងទីផ្សារ និងមិនឆ្លើយតបទៅនឹងទំហំសេដ្ឋកិច្ច​នៃ​ប្រទេស​របស់​ខ្លួន ដូចដែលបណ្ដា​ប្រទេសនានានៅក្នុងពិភពលោកបានជួបប្រទះកន្លងមក។ ទោះជា​យ៉ាងនេះក្ដី រហូតមក​ដល់​ពេលនេះ មានរយៈពេលជិត១សប្ដាហ៍មកហើយ ដែល​ក្រដាស​ប្រាក់ថ្មី​ត្រូវបានប្រកាស​ដាក់​ឱ្យ​ចរាចរណ៍នៅក្នុងទីផ្សារ ហើយគេក៏ពុំទាន់​ឃើញ​មាន​ការធ្លាក់​ចុះនៃ​អត្រាប្ដូរ​ប្រាក់រៀល ធៀបនឹងរូបិយបណ្ណបរទេស ពិសេសរូបិយបណ្ណ​ដុល្លារ​នៅឡើយដែរ ដែលត្រង់ចំណុចនេះ អាចជាការឆ្លុះបញ្ចាំងថា ការលើកឡើងរបស់​ធនាគារជាតិទំនងជាការណ៍ពិត​និងសមហេតុ​ផល ឬស្ថានការណ៍ប្រព្រឹត្តទៅដូចការ​ព្យាករណ៍​របស់​ធនាគារជាតិនៃកម្ពុជា​ពិតប្រាកដ​មែន។ មួយចំណែកទៀត ប្រការនេះក៏​អាច​បង្ហាញ​ឱ្យឃើញពី​ភាពជឿ​ជាក់​របស់​សាធារណ​ជនទៅលើតម្លៃប្រាក់រៀលខ្មែរ និង​បង្ហាញពី​ភាពជឿជាក់​របស់​ប្រជាពលរដ្ឋ ទៅលើ​សមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅ​ក្នុង​ការ​រក្សាស្ថិរភាព​សេដ្ឋ​កិច្ចរបស់ប្រទេស​ជាតិ​ផង​ដែរ ព្រោះជំនឿទុកចិត្តរបស់សាធារណ​ជនទៅ​លើរូបិយ​បណ្ណជាតិ ពិតជាមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើស្ថិរភាពថ្លៃនៃ​រូបិយបណ្ណ​ប្រទេស​ជាតិ​នី​មួយៗ។ ទោះជាយ៉ាងណា គេពុំអាច​វាយតម្លៃឆាប់រហ័សពេកថា ក្រោយការបោះពុម្ព​រូបិយបណ្ណប្រភេទថ្មីនេះ នឹងមិនមានការ​ប្រែប្រួលណាមួយក្នុងស្ថានភាពសេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ព្រោះកម្ពុជាពុំមែនជាប្រទេស​​ឯកោ មិនរងឥទ្ធិពលសេដ្ឋកិច្ចពីពិភពលោក​ខាងក្រៅ​នោះឡើយ។ ម្យ៉ាងវិញទៀត កន្លងមក យើង​ដឹងហើយថា ក្រុមអ្នកនយោបាយ​ប្រឆាំង​តែង​តែព្យាយាមដុត​បញ្ឆេះបញ្ហា ក៏ដូចជារុញ​ស្ថានការណ៍នានាដែលកើតមានឡើងនៅកម្ពុជា ឱ្យក្លាយទៅជារលក​នយោបាយ ដើម្បី​កេង​ចំណេញផលប្រយោជន៍ ឬដើម្បីបម្រើយុទ្ធ​សាស្ត្រ​នយោបាយ​ប្រឆាំង​របស់ខ្លួន តាមរយៈការ​បង្កើត​សេនារីយ៉ូផ្សេងៗដើម្បីដាក់បន្ទុក ឬ​ចោទប្រកាន់​រាជ​រដ្ឋាភិបាល ក្នុងគោលបំណង​ជំរុញ​ឱ្យហេតុការណ៍នីមួយៗផ្ទុះឡើងជាវិបត្តិ រួចទាក់ទាញពលរដ្ឋឱ្យចូលរួមក្នុងចរន្ត​ប្រឆាំង​នឹង​រដ្ឋាភិបាលតែម្ដង។

          នៅក្នុងករណីនេះ ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ពិសេសអ្នកនយោបាយនៃអតីត​គណបក្ស​ប្រឆាំងបានបន្តបន្លឺសម្លេង និងញុះញង់ឱ្យពលរដ្ឋមានទំនោរយល់ឃើញដូច​ការ​ឃោសនារបស់ខ្លួន​ថា រាជរដ្ឋាភិបាលកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីបង្គ្រប់ខ្ទង់​ចំណាយ​របស់ខ្លួន ខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាបាននិងកំពុងរងគ្រោះ ដោយសារតែ​វិបត្តិសាកលដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ-១៩នាពេលកន្លងមក និង​វិបាក​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាការប្រែប្រួលនៃភូមិសាស្ត្រនយោបាយពិភពលោក។ ការ​ឃោសនារបស់អ្នកនយោបាយអតីតគណបក្សប្រឆាំងនេះ ហាក់ធ្វើឡើងនៅក្នុងគោល​បំណង​ធ្វើ​វិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា ដោយជំរុញឱ្យពលរដ្ឋមានការព្រួយបារម្ភចំពោះការ​ធ្លាក់​ចុះនៃថ្លៃប្រាក់រៀលធៀបនឹងរូបិយបណ្ណបរទេស ពិសេសប្រាក់ដុល្លារ។ នៅពេលដែល​និន្នាការលែងជឿជាក់លើស្ថិរភាពថ្លៃប្រាក់រៀលកើនឡើងជាចរន្តធំមួយ ឬប្រសិន​បើពល​រដ្ឋ​ចាប់ផ្ដើមបាត់បង់ទំនុក​ចិត្តទៅលើប្រាក់រៀល ​តាមការញុះញង់របស់អ្នក​នយោបាយ​ប្រឆាំង ការណ៍នេះនឹងបង្កទៅជាបញ្ហាទំនិញឡើងថ្លៃ ដែលជាសញ្ញាណនៃការ​កើន​ឡើង​នៃ​អតិផរណា​ជាក់​ជាមិនខានឡើយ។

          ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនិងស្ថាប័នជំនាញគួរតែយកចិត្តទុក​ដាក់​តាម​ដាន និងវាយ​តម្លៃ​​ជាប់ជាប្រចាំ ធ្វើយ៉ាង​ណាដើម្បីជំរុញបង្កើនទំនុកចិត្តរបស់​មហា​ជន​ទៅ​លើ​តម្លៃប្រាក់​រៀល​​នៅលើទីផ្សារ និងកាត់​បន្ថយហានិភ័យដែលប្រជាពលរដ្ឋ​អាច​លង់​ជឿ​​តាមការឃោសនា​ ដែល​មានលក្ខណៈញុះញង់របស់ក្រុមប្រឆាំងនៅក្រៅ​ប្រទេស ស្រប​ពេល​ដែលស្ថានភាព​សេដ្ឋ​កិច្ចបុគ្គល ​និងកម្រិតប្រាក់ចំណូលរបស់ប្រជាជន​ថមថយ​គួរឱ្យ​កត់សម្គាល់ ដោយសារ​តែ​វិបត្តិ​​សាកល និងហេតុផលផ្សេងៗទៀត។ បន្ថែមពីនេះ រាជ​រដ្ឋាភិបាល​និង​ស្ថាប័ន​ជំនាញពាក់ព័ន្ធ គួរ​តែបន្តការពន្យល់​បកស្រាយ​ស៊ីជម្រៅទៅតាម​ជំនាញនិងលទ្ធ​ភាព ព្រមទាំងឆ្លើយ​តប​ឱ្យមាន​ប្រសិទ្ធ​ភាព​ទៅ​នឹងការលើកឡើងរបស់ក្រុម​នយោបាយ​ប្រឆាំង​នៅក្រៅប្រទេស ដែលតែងតែ​ឆ្កឹះ​នូវចំណុចខ្វះខាតលើកឡើងដោយ​ក្រសួង​​ស្ថាប័ន​ ឬមន្ត្រីជាន់ខ្ពស់រាជ​រដ្ឋាភិបាល យកទៅវាយប្រហារនិង​កេងចំណេញ​នយោបាយ។ ជាមួយគ្នានេះដែរ រាជ​រដ្ឋាភិបាល​ក៏គួរតែបង្ហាញឱ្យប្រជា​ពលរដ្ឋដែលមាន​ចំណេះ​ដឹងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុពុំទាន់ទូលទូលាយនៅឡើយ អាចជ្រួតជ្រាបនិង​មើល​ឃើញ​​ជាក់ស្ដែងនូវ​សមត្ថ​ភាពរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាស្ថិរ​ភាពថ្លៃ​រូបិយបណ្ណ​ជាតិ ព្រមទាំងមូល​ដ្ឋាន​រឹងមាំដែលគាំទ្រដល់ការ​ថែរក្សាស្ថិរភាពប្រាក់រៀលខ្មែរ នៅក្នុង​ដំណាក់​កាលនៃការប្រែ​ប្រួល​ឥត​ឈប់ឈរនៃសេដ្ឋកិច្ចសាកលនាពេលបច្ចុប្បន្ន៕

(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

អត្ថបទទាក់ទង

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

2021-10-30 10:45:10   ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
តួនាទីសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់អាស៊ាន-ចិន ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...

2021-10-27 13:55:27   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 08:55 PM
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...

2021-10-27 11:17:03   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 06:17 PM
Was UNTAC's mission in Cambodia a success or a failure?

Cambodia will celebrate the 30th anniversary of the Paris Peace Agreement (PPA) on October 23, 2021. Many foreign embassies in Cambodia are enthusiastic about commemorating the 30th anniversary of the...

2021-10-20 13:48:00   ថ្ងៃពុធ, 20 តុលា 2021 ម៉ោង 08:48 PM
ចិននិងអាម៉េរិកនៅអង្គការសហប្រជាជាតិឆ្នាំ២០២១ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន

RAC  Mediaប្រភព៖ វិទ្យាស្ថានសិ...

2021-10-02 05:38:51   ថ្ងៃសៅរ៍, 02 តុលា 2021 ម៉ោង 12:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...

2021-09-22 14:11:37   ថ្ងៃពុធ, 22 កញ្ញា 2021 ម៉ោង 09:11 PM

សេចក្តីប្រកាស