Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០០រៀល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (២៩ តុលា ២០០៤ -២៩ តុលា ២០២៤) ការសាទរ ចម្ងល់ និងប្រតិកម្មផ្សេងៗ បានលេចឡើងជាបន្តបន្ទាប់។ មតិខ្លះបានសាទរចំពោះការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍នេះ ដោយអះអាងថា ជាការចូលរួមចំណែកជំរុញលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និង/ឬជាការចំណេញមួយនៅពេលដែលមានការបោះពុម្ពក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ អាស្រ័យដោយថ្លៃដើមផលិតឬជាការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រាក់រៀលនៅលើទីផ្សារជាដើម។ មតិខ្លះទៀតបានលើកឡើងជាចម្ងល់ថា ការបោះពុម្ពក្រដាសប្រាក់ដែលមានតម្លៃខ្ពស់បែបនេះ តើបណ្ដាលមកពីរដ្ឋប្រឈមនឹងកង្វះថវិកាសម្រាប់ការចំណាយឬយ៉ាងណា? និងថាតើការបោះពុម្ពក្រដាសប្រាក់ថ្មីនេះ អាចនាំទៅដល់អតិផរណាដែរឬទេ? លើសពីនេះ មានទស្សនៈមួយជ្រុងផ្សេងទៀតពីអ្នកនយោបាយប្រឆាំង បានចោទប្រកាន់និងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជាថា ការបោះពុម្ពប្រាក់បន្ថែមនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបរាជ័យនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលនាំឱ្យមានការបោះពុម្ពលុយដើម្បីបង្គ្រប់ការចំណាយផ្សេងៗ។
ក្រោយការចេញផ្សាយធនប័ត្រថ្មីនេះ ធនាគារជាតិបានចេញបកស្រាយអំពីហេតុផលនៃការបោះពុម្ពក្រដាសប្រាក់ថ្មី និងបានពន្យល់ថា ការបោះពុម្ពក្រដាសប្រាក់ថ្មីនេះនឹងពុំធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់រៀល ឬមិនមែនមានន័យថារាជរដ្ឋាភិបាលកម្ពុជាខ្វះលុយក្នុងការចំណាយនោះឡើយ ដោយអះអាងថានេះគឺជាការបោះពុម្ពក្រដាសប្រាក់ថ្មីដើម្បីជំនួសក្រដាសប្រាក់ចាស់ ទក់ ឬរហែក ដែលធនាគារជាតិបានប្រមូលពីក្នុងទីផ្សារ យកទៅកម្ទេចចោល។
ពិតប្រាកដណាស់ បទពិសោធន៍នៃការបោះពុម្ពរូបិយបណ្ណបន្ថែមដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់រដ្ឋក្នុងទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ពិតជាអាចនឹងបង្កទៅជាអតិផរណា នៅក្នុងករណីដែលរដ្ឋាភិបាលពុំបានថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ឬសម្រេចចិត្តបោះពុម្ពរូបិយបណ្ណលើសពីតម្រូវការនៅក្នុងទីផ្សារ និងមិនឆ្លើយតបទៅនឹងទំហំសេដ្ឋកិច្ចនៃប្រទេសរបស់ខ្លួន ដូចដែលបណ្ដាប្រទេសនានានៅក្នុងពិភពលោកបានជួបប្រទះកន្លងមក។ ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ មានរយៈពេលជិត១សប្ដាហ៍មកហើយ ដែលក្រដាសប្រាក់ថ្មីត្រូវបានប្រកាសដាក់ឱ្យចរាចរណ៍នៅក្នុងទីផ្សារ ហើយគេក៏ពុំទាន់ឃើញមានការធ្លាក់ចុះនៃអត្រាប្ដូរប្រាក់រៀល ធៀបនឹងរូបិយបណ្ណបរទេស ពិសេសរូបិយបណ្ណដុល្លារនៅឡើយដែរ ដែលត្រង់ចំណុចនេះ អាចជាការឆ្លុះបញ្ចាំងថា ការលើកឡើងរបស់ធនាគារជាតិទំនងជាការណ៍ពិតនិងសមហេតុផល ឬស្ថានការណ៍ប្រព្រឹត្តទៅដូចការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជាពិតប្រាកដមែន។ មួយចំណែកទៀត ប្រការនេះក៏អាចបង្ហាញឱ្យឃើញពីភាពជឿជាក់របស់សាធារណជនទៅលើតម្លៃប្រាក់រៀលខ្មែរ និងបង្ហាញពីភាពជឿជាក់របស់ប្រជាពលរដ្ឋ ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ ព្រោះជំនឿទុកចិត្តរបស់សាធារណជនទៅលើរូបិយបណ្ណជាតិ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើស្ថិរភាពថ្លៃនៃរូបិយបណ្ណប្រទេសជាតិនីមួយៗ។ ទោះជាយ៉ាងណា គេពុំអាចវាយតម្លៃឆាប់រហ័សពេកថា ក្រោយការបោះពុម្ពរូបិយបណ្ណប្រភេទថ្មីនេះ នឹងមិនមានការប្រែប្រួលណាមួយក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជានោះទេ ព្រោះកម្ពុជាពុំមែនជាប្រទេសឯកោ មិនរងឥទ្ធិពលសេដ្ឋកិច្ចពីពិភពលោកខាងក្រៅនោះឡើយ។ ម្យ៉ាងវិញទៀត កន្លងមក យើងដឹងហើយថា ក្រុមអ្នកនយោបាយប្រឆាំងតែងតែព្យាយាមដុតបញ្ឆេះបញ្ហា ក៏ដូចជារុញស្ថានការណ៍នានាដែលកើតមានឡើងនៅកម្ពុជា ឱ្យក្លាយទៅជារលកនយោបាយ ដើម្បីកេងចំណេញផលប្រយោជន៍ ឬដើម្បីបម្រើយុទ្ធសាស្ត្រនយោបាយប្រឆាំងរបស់ខ្លួន តាមរយៈការបង្កើតសេនារីយ៉ូផ្សេងៗដើម្បីដាក់បន្ទុក ឬចោទប្រកាន់រាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញឱ្យហេតុការណ៍នីមួយៗផ្ទុះឡើងជាវិបត្តិ រួចទាក់ទាញពលរដ្ឋឱ្យចូលរួមក្នុងចរន្តប្រឆាំងនឹងរដ្ឋាភិបាលតែម្ដង។
នៅក្នុងករណីនេះ ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ពិសេសអ្នកនយោបាយនៃអតីតគណបក្សប្រឆាំងបានបន្តបន្លឺសម្លេង និងញុះញង់ឱ្យពលរដ្ឋមានទំនោរយល់ឃើញដូចការឃោសនារបស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីបង្គ្រប់ខ្ទង់ចំណាយរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាបាននិងកំពុងរងគ្រោះ ដោយសារតែវិបត្តិសាកលដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ-១៩នាពេលកន្លងមក និងវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាការប្រែប្រួលនៃភូមិសាស្ត្រនយោបាយពិភពលោក។ ការឃោសនារបស់អ្នកនយោបាយអតីតគណបក្សប្រឆាំងនេះ ហាក់ធ្វើឡើងនៅក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា ដោយជំរុញឱ្យពលរដ្ឋមានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃថ្លៃប្រាក់រៀលធៀបនឹងរូបិយបណ្ណបរទេស ពិសេសប្រាក់ដុល្លារ។ នៅពេលដែលនិន្នាការលែងជឿជាក់លើស្ថិរភាពថ្លៃប្រាក់រៀលកើនឡើងជាចរន្តធំមួយ ឬប្រសិនបើពលរដ្ឋចាប់ផ្ដើមបាត់បង់ទំនុកចិត្តទៅលើប្រាក់រៀល តាមការញុះញង់របស់អ្នកនយោបាយប្រឆាំង ការណ៍នេះនឹងបង្កទៅជាបញ្ហាទំនិញឡើងថ្លៃ ដែលជាសញ្ញាណនៃការកើនឡើងនៃអតិផរណាជាក់ជាមិនខានឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនិងស្ថាប័នជំនាញគួរតែយកចិត្តទុកដាក់តាមដាន និងវាយតម្លៃជាប់ជាប្រចាំ ធ្វើយ៉ាងណាដើម្បីជំរុញបង្កើនទំនុកចិត្តរបស់មហាជនទៅលើតម្លៃប្រាក់រៀលនៅលើទីផ្សារ និងកាត់បន្ថយហានិភ័យដែលប្រជាពលរដ្ឋអាចលង់ជឿតាមការឃោសនា ដែលមានលក្ខណៈញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចបុគ្គល និងកម្រិតប្រាក់ចំណូលរបស់ប្រជាជនថមថយគួរឱ្យកត់សម្គាល់ ដោយសារតែវិបត្តិសាកល និងហេតុផលផ្សេងៗទៀត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនិងស្ថាប័នជំនាញពាក់ព័ន្ធ គួរតែបន្តការពន្យល់បកស្រាយស៊ីជម្រៅទៅតាមជំនាញនិងលទ្ធភាព ព្រមទាំងឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងការលើកឡើងរបស់ក្រុមនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលតែងតែឆ្កឹះនូវចំណុចខ្វះខាតលើកឡើងដោយក្រសួងស្ថាប័ន ឬមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល យកទៅវាយប្រហារនិងកេងចំណេញនយោបាយ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏គួរតែបង្ហាញឱ្យប្រជាពលរដ្ឋដែលមានចំណេះដឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពុំទាន់ទូលទូលាយនៅឡើយ អាចជ្រួតជ្រាបនិងមើលឃើញជាក់ស្ដែងនូវសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាស្ថិរភាពថ្លៃរូបិយបណ្ណជាតិ ព្រមទាំងមូលដ្ឋានរឹងមាំដែលគាំទ្រដល់ការថែរក្សាស្ថិរភាពប្រាក់រៀលខ្មែរ នៅក្នុងដំណាក់កាលនៃការប្រែប្រួលឥតឈប់ឈរនៃសេដ្ឋកិច្ចសាកលនាពេលបច្ចុប្បន្ន៕
(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពី ព្រំដែននៅ តំបន់ ប្រាសាទ វិហារ ត្រូវបាន បិទអស់រយៈ ពេល ១៥ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែល កងទ័ព នៃប្រទេសទាំងពីរបាន ប៉ះទង្គិចគ្នា ដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដ...
សៀវភៅ ស្តីអំពី ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ នេះ នឹងសិក្សាអំពីសេចក្តីផ្តើម និងបញ្ញត្តិមូលដ្ឋាននៃដេរីវេដូចជា លីមីតនៃអនុគមន៍ ដេរីវេ...
(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាន...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម សួង ភក្តី នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងអបអរសាទរ និងកោតសរសើរ ដល់វីរៈការិនី ស៊ន សៀវម៉ី ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាជាប្រវត្តិសាស...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់កីឡាការិនី ខាន់ ចេសា ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាកន្លងមក...