Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យដ៏ធំធេង ក្នុងការកសាងសន្តិភាពពេញលេញជាប្រវត្តិសាស្ត្រ ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះពើបប្រទះនឹងសង្គ្រាមស៊ីវិលប្រមាណជា៣ទសវត្សរ៍។
ក្នុងរយៈពេលជាង៣៣ឆ្នាំមកនេះ កម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពនេះ ដោយករណីប្រទេសកម្ពុជា គឺជាភាពជោគជ័យដែលមានលក្ខណៈជាសាកលសម្រាប់ពិភពលោកទាំងមូល ព្រោះកន្លងមក នៃដំណើរការស្វែងរកសន្តិភាពរបស់អង្គការសហប្រជាជាតិ ពុំធ្លាប់បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដូចជាករណីនៅកម្ពុជានោះឡើយ។ រាប់ចាប់តាំងពីវិបត្តិនៅក្នុងបណ្ដាប្រទេសអាស៊ីផ្សេងទៀត និងនៅក្នុងតំបន់អាហ្វ្រិក បេសកកម្មរបស់អង្គការសហប្រជាជាតិ ពុំទាន់បានសម្រេចនូវជោគជ័យនៅក្នុងការស្វែងរកដំណោះស្រាយជូនប្រជាជាតិទាំងនោះនឡើយទេ។ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ បានសម្រេចនូវបេសកកម្មរបស់ខ្លួនយ៉ាងត្រចះត្រចង់ នៅក្នុងការនាំមកនូវការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ និងរៀបចំរាជរដ្ឋាភិបាលនីតិកាលទី១ នៃរដ្ឋសភា ដែលនោះគឺជាការនាំប្រទេសកម្ពុជាចូលក្នុងយុគសម័យរាជាណាចក្រទីពីរ ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ប្រទេសកម្ពុជាដែលទទួលបានសុខសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានបន្តថែរក្សានិងការពារសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន មានរយៈពេលប្រមាណជាង ២៥ឆ្នាំកន្លងមកហើយ។ ដំណើរការកសាងសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៅក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមកម្ពុជា គឺជាបទពិសោធន៍ដែលបណ្ដាប្រទេសនានាលើសាកលលោក អាចដកស្រង់ដើម្បីយកធ្វើជាមេរៀន នៅក្នុងការកសាងសង្គមជាតិរបស់ខ្លួនដែលបាន ឬកំពុងតែជួបប្រទះនឹងវិបត្តិផ្ទៃក្នុង ឬការបែងចែកទឹកដីគ្នាកាន់កាប់។ នេះគឺជាជោគជ័យមួយទៀតសម្រាប់កម្ពុជា បន្ថែមពីលើការចរចាសន្តិភាពរវាងភាគីដែលបានចូលរួមនៅក្នុងសន្និសីទសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩៣។ គួរបញ្ជាក់ផងដែរថា សន្តិភាពដែលកសាងឡើងនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាសន្តិភាពដ៏ពេញលេញនិងយូរអង្វែងមួយ ដែលកម្ពុជាបានជួបប្រទះនៅក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា៥០០ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនេះ ផ្ដើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ១៩៩៣ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលឈានសម្រេចបាននូវសន្តិភាពពេញលេញនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជាប់ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន តាមរយៈការធានារក្សាបាននូវការបោះឆ្នោតជាទៀងទាត់ តាមបែបប្រជាធិបតេយ្យនៅរៀងរាល់នីតិកាលនៃរដ្ឋសភា ដោយមិនមានការខកខានទាំងការបោះឆ្នោតជាសកលនិងអសកល, ការអនុម័តនិងអនុវត្តច្បាប់ជាធរមានផ្សេងៗអនុលោមតាមរដ្ឋធម្មនុញ្ញ និងការធានាបាននូវការគោរពសិទ្ធិមនុស្ស សិទ្ធិចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង។
លើសពីនេះទៅទៀត ក្រៅតែពីគោលការណ៍សំខាន់ៗដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានដូចជា ការបញ្ឈប់សង្គ្រាម ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការធានាបាននូវអធិបតេយ្យ និងការរៀបចំការបោះឆ្នោតជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គនានា ដែលកើតមានឡើងក្នុងអតីតកាល ដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានតាមលំដាប់លំដោយតរៀងមក ដោយឈរនៅលើមូលដ្ឋានសន្តិភាព និងការធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងផ្ដល់ការគាំពារសង្គមផ្សេងៗទៀតដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលរួមមានទាំងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការជំរុញការអនុវត្តច្បាប់ ការរៀបចំកម្មវិធីជាតិគាំពារសង្គម និងយន្តការសំខាន់ៗជាច្រើនទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធផលជាច្រើនផ្សេងទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ព័ទ្ធពាសពេញប្រទេស ការពង្រីកការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ទីជនបទ ការកសាងមូលដ្ឋានដឹកជញ្ជូនគាំទ្រដល់ការនាំចេញដូចជា គម្រោងកសាងព្រែកជីកហ្វូណនតេជោ ការជំរុញអភិវឌ្ឍផ្លូវរថភ្លើងល្បឿងលឿន ការកសាងទីក្រុងទំនើបនិងក្រុងរណបផ្សេងទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តសំខាន់ៗ ក៏ដូចជាគ្រឹះស្ថានឧត្ដមសិក្សាទាំងសាកលវិទ្យាល័យរដ្ឋនិងឯកជន។
ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោយការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ ការពង្រីកតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាអាចចូលរួមនៅក្នុងការសម្រេចចិត្តទាំងនៅក្នុងកិច្ចការតំបន់ និងសាកលលោក ក៏ដូចជាការចូលរួមថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសនានាលើកពិភពលោកផងដែរ។ កម្ពុជា ដែលបានពង្រឹងតួនាទីយ៉ាងរឹងមាំនៅក្នុងគោលនយោបាយការបរទេស បានក្លាយទៅជាតួអង្គមួយដែលអាចចូលរួមនៅក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោកផងដែរ តាមរយៈសិទ្ធិក្នុងនាមជាសមាជិកអង្គការតំបន់ (អាស៊ាន) និងអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃវេទិកានិងនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនានា។
ផ្ទុយពីទស្សនៈរបស់ក្រុមប្រឆាំង ដែលបានចោទប្រកាន់ដោយយោងទៅលើរបៀបវារៈនយោបាយថា រាជរដ្ឋាភិបាលកម្ពុជាពុំបានអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាតថភាពជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាពិតជាបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងខ្ជាប់ខ្ជួនបំផុត ព្រោះខ្លឹមសារស្ទើតែទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ រួចអស់ទៅហើយ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានគោរពអនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ដូច្នេះហើយ ការចោទប្រកាន់រាជរដ្ឋាភិបាលថាពុំគោរពតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាការចោទប្រកាន់ដោយផ្អែកទៅលើរបៀបវារៈនយោបាយទុច្ចរឹតចំពោះជាតិ ដោយលាក់គោលបំណងនយោបាយរបស់ខ្លួន។
ទោះជាយ៉ាងណា ជាបន្តបន្ទាប់រហូតមក ក្រៅតែពីការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាពុំបានគោរពអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រុមអ្នកនយោបាយប្រឆាំងក៏តែងតែបានអំពាវនាវឱ្យប្រទេសជាហត្ថលេខីទាំង១៨ រាប់ទាំងអ្នកនយោបាយកម្ពុជាផង ឱ្យមកស្រោចស្រង់ស្ថានការណ៍នយោបាយនៅកម្ពុជា។ ការអំពាវនាវនេះគឺត្រឹមតែជាសារនយោបាយ ដែលអ្នកអំពាវនាវនោះផ្ទាល់ពុំយល់ដឹងអំពីកិច្ចការដឹកនាំរដ្ឋ និងកិច្ចសហប្រតិបត្តិការនៅក្នុងយុគសម័យទំនើបនោះទេ ព្រោះបច្ចុប្បន្ននេះ កម្ពុជាពុំមែនមានត្រឹមតែមិត្ត១៨ដែលជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះទេ តែកម្ពុជាមានទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោក រាប់ទាំងមហាអំណាចចាស់និងមហាអំណាចថ្មីៗផងដែរ ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា អឺរ៉ុប និងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀត៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវ...
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...