ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន

2024-10-20 11:26:05 ថ្ងៃអាទិត្យ, 20 តុលា 2024 ម៉ោង 06:26 PM
អ្នកមើល 2282
post_detail1

 

សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែងថាអាស៊ានត្រូវមានគោលជំហររួមគ្នា (កុងសង់ស៊ីស) និងមានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាក៏ដោយក្ដី ពោលគឺសមាជិកអាស៊ាននីមួយៗ នៅតែប្រកាន់គោលជំហរផ្ទាល់ខ្លួន ដែលគិតគូរលើផលប្រយោជន៍ជាតិខ្លួនជាចម្បង។

ប្រទេសជាសមាជិកអាស៊ាន បានកំណត់គោលនយោបាយការបរទេសផ្ទាល់ខ្លួន ដោយផ្អែកលើផលប្រយោជន៍ផ្ទាល់នៃប្រជាជាតិនីមួយៗ។ ហេតុនេះហើយ ទើបមានការរើសអើងទៅលើបណ្ដារដ្ឋអាស៊ាន។ ជាក់ស្ដែង នៅពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានសម្រេចចិត្តជ្រើសរើសអភិក្រមដោះស្រាយ ដោយសម្ដេចអញ្ជើញទៅកាន់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាដោយផ្ទាល់តែម្ដង ដើម្បីជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា មិនមានការសាទរ ឬគាំទ្រពីបណ្ដាមេដឹកនាំប្រទេសសមាជិកអាស៊ានភាគច្រើន ពិសេសក្រុមប្រទេសស្ថាបនិកអាស៊ាន។ ពួកគេបានវាយតម្លៃថា កម្ពុជាពុំមានតួនាទីសំខាន់នៅក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់អាស៊ាននោះទេ ដែលនេះគឺជាជំហរដែលមានការរើសអើងកម្ពុជាដែលជាប្រទេសតូច មានសេដ្ឋកិច្ចទន់ខ្សោយនៅឡើយបើធៀបទៅនឹងបណ្ដាប្រទេសដទៃទៀត។ មេដឹកនាំប្រទេសទាំងនោះ ហាក់វាយតម្លៃទាប ចំពោះតួនាទីរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាតំបន់។

បើទោះបីជាយ៉ាងនេះក្ដី រហូតមកដល់បច្ចុប្បន្ននេះ ក្រុមប្រទេសស្ថាបនិកអាស៊ានទាំងនេះ នៅពុំទាន់មានលទ្ធភាពស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ានោះដែរ ដោយសារតែអាស៊ានទាំង១០ប្រទេសគ្មានគោលការណ៍និងជំហរដោះស្រាយរួមគ្នា។ តួយ៉ាងដូចជាប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេននៅឆ្នាំ២០២៣ ក៏ពុំមានលទ្ធភាពដោះស្រាយបញ្ហាមីយ៉ាន់ម៉ានោះដែរ ដោយសារតែជំហរតឹងរ៉ឹងនិយមពេកនៃប្រទេសឈានមុខក្នុងតំបន់នេះ។ វិបត្តិមីយ៉ាន់ម៉ាបានបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

បន្ថែមពីនេះ បណ្ដាសមាជិកអាស៊ាន ដែលប្រកាន់នូវគោលការណ៍ផ្អែកទៅលើចរន្តភូមិសាស្ត្រនយោបាយ ដោយប្រទេសនីមួយៗមានមហាអំណាចជាបង្អែករៀងៗខ្លួន ហើយសមាជិកទាំងនោះ បានសម្រេចចិត្តដោយមើលទៅលើគោលជំហររបស់មហាអំណាចនៅពីក្រោយខ្នងរៀងខ្លួន ដែលធ្វើឱ្យការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា ក្លាយទៅជារូបភាពនៃការរើសអើងគ្នា មើលបំណាំគ្នានៅក្នុងកិច្ចការតំបន់នេះ។ មានន័យថា បណ្ដាប្រទេសសមាជិកអាស៊ាន គ្មានឆន្ទៈពិត​ប្រាកដនៅក្នុងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះទេ។ ជាលទ្ធផល វិបត្តិនេះបានអូសបន្លាយរហូតមកដល់បច្ចុប្បន្នស្ទើតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ បើទោះបីជាកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក្នុងតួនាទីជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដោយសារតែការវាយតម្លៃប្រកបដោយទុទិដ្ឋិនិយម និងមើលបំណាំលើកម្ពុជា ខណៈរហូតមកដល់បច្ចុប្បន្ន នៅពុំទាន់មានដំណោះស្រាយណាមួយដែលប្រសើរជាង របៀបវារៈដែលកម្ពុជាបានលើកឡើងនៅឡើយនោះទេ។

ជាមួយគ្នានេះ ខណៈដែលតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងស្ថិតនៅចំពោះមុខការប្រកួតប្រជែងឥទ្ធិពល និងភូមិសាស្ត្រនយោបាយរបស់មហាអំណាច សមាជិតអាស៊ានបានផ្ដោតទៅលើតែផលប្រយោជន៍ដែលមានខ្នងបង្អែកភូមិសាស្ត្រនយោបាយរៀងខ្លួន ដោយពុំបានគិតគូរគ្រប់គ្រាន់ទៅលើតួនាទីចម្បងរបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាតំបន់នៅឡើយទេ។ ជាក់ស្ដែង ដូចជាករណីជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហាសំខាន់មួយចំនួនទៀតក្នុងតំបន់ អាស៊ានហាក់នៅតែពុំទាន់មានទស្សនៈដោះស្រាយបញ្ហាស្របគ្នានៅឡើយទេ ថ្វីដ្បិតតែកម្ពុជាបាននិងកំពុងខិតខំជ្រោមជ្រែង តាមរយៈការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីឱ្យអាស៊ាននិងដៃគូអាចដើរនៅលើផ្លូវតែមួយក្ដី។ តួយ៉ាង ក្រោមការជ្រោមជ្រែងរបស់កម្ពុជា អាស៊ានបានសម្រេចនូវ សេចក្ដីប្រកាសរបស់ភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង (DoC) និងការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញសម្រេចឱ្យបាននូវក្របប្រតិបត្តិនៃភាគីក្នុងជម្លោះសមុទ្រចិនខាងត្បូង (CoC)។ ទោះជាយ៉ាងណា ការមិនអាចសម្រេចបាននូវការព្រមព្រៀងគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង សមាជិកអាស៊ានមួយចំនួន តែងតែបានទម្លាក់បញ្ហាមកលើប្រទេសកម្ពុជា ដែលជាអ្នកខិតខំប្រឹងប្រែងស្វែងរកជំរុញឱ្យការព្រមព្រៀងគ្នារវាងគូភាគីទៅវិញ ដូចជាកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ និងឆ្នាំ២០២២ ក្នុងនាមប្រទេសកម្ពុជាជាប្រធានប្ដូរវេនជាដើម៕

អត្ថបទទាក់ទង

«កាណាដានៅបន្តទិញសម្លៀកបំពាក់ពីកម្ពុជា»

តំណាង​ប្រទេស​កាណាដា បាន​មានប្រសាសន៍​ប្រាប់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ប្រទេស​ដ៏​ធំ​មួយ​នេះ​មិន​ត្រឹម​តែ​នៅ​បន្ត​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភ​ណ្ឌនិង​សម្លៀកបំពា...

2018-10-17 04:53:31   ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:53 AM
«ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានស្ថានីយឡស្លដែក និងមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ...?»

នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រា...

2018-10-17 04:29:03   ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:29 AM
សម្ដេចតេជោ៖ «...មមារញឹកស្ទើរតែរកពេលបាយមិនឃើញ តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការងារនេះ ព្រោះជាប្រយោជន៍ជាតិយើង»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២​ដោយសម្ដ...

2018-10-16 04:38:32   ថ្ងៃអង្គារ, 16 តុលា 2018 ម៉ោង 11:38 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី «បម្លាស់ប្តូរបៃតងសម្រាប់សន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់ទន្លេមេគង្គ» នៅលើទឹកដីហាឡុង

(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោ...

2018-10-16 04:15:30   ថ្ងៃអង្គារ, 16 តុលា 2018 ម៉ោង 11:15 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស (CLV) ក្នុងបរិបទថ្មី»

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស(CLV) រួមមាន វៀតណាម-កម្ពុជា-ឡាវ ដែលកំពុងប្រព្រឹត...

2018-10-15 05:03:18   ថ្ងៃចន្ទ, 15 តុលា 2018 ម៉ោង 12:03 PM
«កម្ពុជាឈ្នះមេដាយមាស២គ្រឿងពីការប្រកួតកីឡាប៉េតង់ពិភពលោក»

ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក...

2018-10-13 15:12:48   ថ្ងៃសៅរ៍, 13 តុលា 2018 ម៉ោង 10:12 PM

សេចក្តីប្រកាស