ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន

2024-10-20 11:26:05 ថ្ងៃអាទិត្យ, 20 តុលា 2024 ម៉ោង 06:26 PM
អ្នកមើល 2383
post_detail1

 

សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែងថាអាស៊ានត្រូវមានគោលជំហររួមគ្នា (កុងសង់ស៊ីស) និងមានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាក៏ដោយក្ដី ពោលគឺសមាជិកអាស៊ាននីមួយៗ នៅតែប្រកាន់គោលជំហរផ្ទាល់ខ្លួន ដែលគិតគូរលើផលប្រយោជន៍ជាតិខ្លួនជាចម្បង។

ប្រទេសជាសមាជិកអាស៊ាន បានកំណត់គោលនយោបាយការបរទេសផ្ទាល់ខ្លួន ដោយផ្អែកលើផលប្រយោជន៍ផ្ទាល់នៃប្រជាជាតិនីមួយៗ។ ហេតុនេះហើយ ទើបមានការរើសអើងទៅលើបណ្ដារដ្ឋអាស៊ាន។ ជាក់ស្ដែង នៅពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានសម្រេចចិត្តជ្រើសរើសអភិក្រមដោះស្រាយ ដោយសម្ដេចអញ្ជើញទៅកាន់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាដោយផ្ទាល់តែម្ដង ដើម្បីជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា មិនមានការសាទរ ឬគាំទ្រពីបណ្ដាមេដឹកនាំប្រទេសសមាជិកអាស៊ានភាគច្រើន ពិសេសក្រុមប្រទេសស្ថាបនិកអាស៊ាន។ ពួកគេបានវាយតម្លៃថា កម្ពុជាពុំមានតួនាទីសំខាន់នៅក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់អាស៊ាននោះទេ ដែលនេះគឺជាជំហរដែលមានការរើសអើងកម្ពុជាដែលជាប្រទេសតូច មានសេដ្ឋកិច្ចទន់ខ្សោយនៅឡើយបើធៀបទៅនឹងបណ្ដាប្រទេសដទៃទៀត។ មេដឹកនាំប្រទេសទាំងនោះ ហាក់វាយតម្លៃទាប ចំពោះតួនាទីរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាតំបន់។

បើទោះបីជាយ៉ាងនេះក្ដី រហូតមកដល់បច្ចុប្បន្ននេះ ក្រុមប្រទេសស្ថាបនិកអាស៊ានទាំងនេះ នៅពុំទាន់មានលទ្ធភាពស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ានោះដែរ ដោយសារតែអាស៊ានទាំង១០ប្រទេសគ្មានគោលការណ៍និងជំហរដោះស្រាយរួមគ្នា។ តួយ៉ាងដូចជាប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេននៅឆ្នាំ២០២៣ ក៏ពុំមានលទ្ធភាពដោះស្រាយបញ្ហាមីយ៉ាន់ម៉ានោះដែរ ដោយសារតែជំហរតឹងរ៉ឹងនិយមពេកនៃប្រទេសឈានមុខក្នុងតំបន់នេះ។ វិបត្តិមីយ៉ាន់ម៉ាបានបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

បន្ថែមពីនេះ បណ្ដាសមាជិកអាស៊ាន ដែលប្រកាន់នូវគោលការណ៍ផ្អែកទៅលើចរន្តភូមិសាស្ត្រនយោបាយ ដោយប្រទេសនីមួយៗមានមហាអំណាចជាបង្អែករៀងៗខ្លួន ហើយសមាជិកទាំងនោះ បានសម្រេចចិត្តដោយមើលទៅលើគោលជំហររបស់មហាអំណាចនៅពីក្រោយខ្នងរៀងខ្លួន ដែលធ្វើឱ្យការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា ក្លាយទៅជារូបភាពនៃការរើសអើងគ្នា មើលបំណាំគ្នានៅក្នុងកិច្ចការតំបន់នេះ។ មានន័យថា បណ្ដាប្រទេសសមាជិកអាស៊ាន គ្មានឆន្ទៈពិត​ប្រាកដនៅក្នុងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះទេ។ ជាលទ្ធផល វិបត្តិនេះបានអូសបន្លាយរហូតមកដល់បច្ចុប្បន្នស្ទើតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ បើទោះបីជាកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក្នុងតួនាទីជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដោយសារតែការវាយតម្លៃប្រកបដោយទុទិដ្ឋិនិយម និងមើលបំណាំលើកម្ពុជា ខណៈរហូតមកដល់បច្ចុប្បន្ន នៅពុំទាន់មានដំណោះស្រាយណាមួយដែលប្រសើរជាង របៀបវារៈដែលកម្ពុជាបានលើកឡើងនៅឡើយនោះទេ។

ជាមួយគ្នានេះ ខណៈដែលតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងស្ថិតនៅចំពោះមុខការប្រកួតប្រជែងឥទ្ធិពល និងភូមិសាស្ត្រនយោបាយរបស់មហាអំណាច សមាជិតអាស៊ានបានផ្ដោតទៅលើតែផលប្រយោជន៍ដែលមានខ្នងបង្អែកភូមិសាស្ត្រនយោបាយរៀងខ្លួន ដោយពុំបានគិតគូរគ្រប់គ្រាន់ទៅលើតួនាទីចម្បងរបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាតំបន់នៅឡើយទេ។ ជាក់ស្ដែង ដូចជាករណីជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហាសំខាន់មួយចំនួនទៀតក្នុងតំបន់ អាស៊ានហាក់នៅតែពុំទាន់មានទស្សនៈដោះស្រាយបញ្ហាស្របគ្នានៅឡើយទេ ថ្វីដ្បិតតែកម្ពុជាបាននិងកំពុងខិតខំជ្រោមជ្រែង តាមរយៈការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីឱ្យអាស៊ាននិងដៃគូអាចដើរនៅលើផ្លូវតែមួយក្ដី។ តួយ៉ាង ក្រោមការជ្រោមជ្រែងរបស់កម្ពុជា អាស៊ានបានសម្រេចនូវ សេចក្ដីប្រកាសរបស់ភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង (DoC) និងការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញសម្រេចឱ្យបាននូវក្របប្រតិបត្តិនៃភាគីក្នុងជម្លោះសមុទ្រចិនខាងត្បូង (CoC)។ ទោះជាយ៉ាងណា ការមិនអាចសម្រេចបាននូវការព្រមព្រៀងគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង សមាជិកអាស៊ានមួយចំនួន តែងតែបានទម្លាក់បញ្ហាមកលើប្រទេសកម្ពុជា ដែលជាអ្នកខិតខំប្រឹងប្រែងស្វែងរកជំរុញឱ្យការព្រមព្រៀងគ្នារវាងគូភាគីទៅវិញ ដូចជាកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ និងឆ្នាំ២០២២ ក្នុងនាមប្រទេសកម្ពុជាជាប្រធានប្ដូរវេនជាដើម៕

អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស