Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។
បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិបតេយ្យនៃការគ្រប់គ្រងនៅពន្ធនាគារ ដោយជារឿងគួរឱ្យសោកស្ដាយបំផុតនៅពេលដែលជនជាប់ឃុំឃាង បែរជា មានសកម្មភាពភ្លើតភ្លើ រាំរែកកម្សាន្តសប្បាយ នៅក្នុងទីដែលត្រូវបានកំណត់ថាជាមណ្ឌលអនុវត្តច្បាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសឱ្យមានភាពរៀងចាលនឹងទង្វើរបស់ខ្លួន ដែលទង្វើនោះវាប្រាសចាកទៅនឹងច្បាប់ជាធរមាន។ ការណ៍នេះពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។
សកម្មភាពដែលហាក់ត្រូវបានប្រព្រឹត្តទៅដោយសេរី និងគ្មានការហាមឃាត់ការនាំចូលសម្ភារៈកម្សាន្តសប្បាយ ឬគ្មានការចាត់វិធានការទប់ស្កាត់ឱ្យបានគត់មត់នេះ បង្ហាញអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំពន្ធនាគារ ហើយនេះគឺជារូបភាពមិនគួរឱ្យកើតមានទាល់តែសោះ។ ទោះជាយ៉ាងណា វីដេអូនេះ បែរជាកើតមានឡើងហើយ ថែមទាំងត្រូវបានបែកធ្លាយចេញដល់បណ្ដាញសង្គម និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលជាប្រការមួយបង្កជាការសង្ស័យអំពីស្ថានភាពនៃការគ្រប់គ្រង និងរស់នៅក្នុងពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា។
បញ្ហានេះទាមទារឱ្យមានការពង្រឹងវិន័យ និងការគ្រប់គ្រងគ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចាត់វិធានការបន្ថែមឱ្យបានតឹងរ៉ឹងនិងមុតមាំបំផុត ដើម្បីបញ្ចៀសឱ្យបាននូវការបណ្ដែតបណ្ដោយឱ្យពន្ធនាគារ ដែលជាអប់រំកែប្រែចិត្តគំនិត អ្នកជាប់ឃុំឃាំង ដើម្បីឱ្យអ្នកធ្លាប់ប្រព្រឹត្តខុសនឹងច្បាប់ អាចក្លាយទៅបុគ្គលចុះសម្រុងទៅនឹងស្ថានភាព និងជីវភាពរស់នៅក្នុងសង្គម ព្រមទាំងមានស្មារតីគោរពកោតក្រែងច្បាប់ គោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គម។ ការអប់រំកែប្រែនៅក្នុងពន្ធនាគារនេះគឺដើម្បីឱ្យអ្នកជាប់ទោសរាងចាលនឹងទង្វើដែលខ្លួនប្រព្រឹត្ត ហើយក្រោយការអនុវត្តទោស ពួកនឹងមានស្មារតីភ្ញាក់រលឹក និងកសាងខ្លួនឡើងវិញ ដើម្បីឈានទៅក្លាយពលរដ្ឋល្អ ឬបុគ្គលដែលគោរពច្បាប់ និងជាការចូលរួមចំណែកពង្រឹងនិងកសាងសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។
ប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងពន្ធនាគារ បើកដៃឱ្យអ្នកជាប់ឃុំឃាំងធ្វើទង្វើផ្សេងៗទៅតាមតែអំពើចិត្ត អាចកម្សាន្តរាំរែកដូចស្ថានភាពដែលខ្លួនរស់នៅខាងក្រៅពន្ធនាគារ សប្បាយរីករាយដូចនៅក្នុងក្លិប បារ ឬបៀហ្កាដិននោះ អ្នកគេអាចធានាបានថាអ្នកទាំងនោះនឹងទទួលបានការអនុវត្តទោស ដែលតុលាការបានកាត់សេចក្ដីយ៉ាងដូចម្ដេច? មិនត្រឹមតែប៉ុណ្ណោះ ពិរុទ្ធជនទាំងនោះ នឹងមិនរាងចាលចំពោះទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ឬនៅពេលដែលត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចចេញមកខាងក្រៅពន្ធនាគារ មានសេរីភាពពេញទី ព្រមទាំងអាចឡើងចាងជាងមុន និងឈានទៅប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។
ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំគ្រប់លំដាប់គួរតែពង្រឹងវិន័យ និងពង្រឹងការគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងស្ដារមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជារូបភាពជាវិជ្ជមានរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើងវិញនៅក្នុងករណីនេះ។ ពន្ធនាគារទាំងអស់ត្រូវតែពង្រឹងការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌នៅក្នុងការគ្រប់គ្រង បញ្ចៀសឱ្យបាននូវការលេចឡើងនូវបាតុភាពអវិជ្ជមានខាងលើ ក៏ដូចជាបាតុភាពអវិជ្ជមានដទៃផ្សេងទៀត ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់កន្លងមកនេះ។
គេត្រូវតែចងចាំថា ពន្ធនាគារ គឺជាកន្លែងដែលត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមុតមាំបំផុត ហើយប្រសិនបើទីកន្លែងដែលត្រូវអនុវត្តច្បាប់តឹងរ៉ឹងនិងមុតមាំបំផុតនោះ បែរជាក្លាយទៅជាទីកន្លែងអនាធិបតេយ្យទៅវិញ តើគេអាចរំពឹងថាប្រទេសជាតិនេះ អាចអនុវត្តច្បាប់បានពិតប្រាកដ? ប្រសិនបើពុំដូច្នោះទេ វាគួរជារឿងដ៏គួរឱ្យខ្មាស់អៀនមួយសម្រាប់ប្រទេសជាតិកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...