ព័ត៌មាន

បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

2024-10-18 02:59:13 ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
អ្នកមើល 2686
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។

បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិបតេយ្យនៃការគ្រប់គ្រងនៅពន្ធនាគារ ដោយជារឿងគួរឱ្យសោកស្ដាយបំផុតនៅពេលដែលជនជាប់ឃុំឃាង បែរជា មានសកម្មភាពភ្លើតភ្លើ រាំរែកកម្សាន្តសប្បាយ នៅក្នុងទីដែលត្រូវបានកំណត់ថាជាមណ្ឌលអនុវត្តច្បាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសឱ្យមានភាពរៀងចាលនឹងទង្វើរបស់ខ្លួន ដែលទង្វើនោះវាប្រាសចាកទៅនឹងច្បាប់ជាធរមាន។ ការណ៍នេះពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សកម្មភាពដែលហាក់ត្រូវបានប្រព្រឹត្តទៅដោយសេរី និងគ្មានការហាមឃាត់ការនាំចូលសម្ភារៈកម្សាន្តសប្បាយ ឬគ្មានការចាត់វិធានការទប់ស្កាត់ឱ្យបានគត់មត់នេះ បង្ហាញអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំពន្ធនាគារ ហើយនេះគឺជារូបភាពមិនគួរឱ្យកើតមានទាល់តែសោះ។ ទោះជាយ៉ាងណា វីដេអូនេះ បែរជាកើតមានឡើងហើយ ថែមទាំងត្រូវបានបែកធ្លាយចេញដល់បណ្ដាញសង្គម និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលជាប្រការមួយបង្កជាការសង្ស័យអំពីស្ថានភាពនៃការគ្រប់គ្រង និងរស់នៅក្នុងពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះទាមទារឱ្យមានការពង្រឹងវិន័យ និងការគ្រប់គ្រងគ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចាត់វិធានការបន្ថែមឱ្យបានតឹងរ៉ឹងនិងមុតមាំបំផុត ដើម្បីបញ្ចៀសឱ្យបាននូវការបណ្ដែតបណ្ដោយឱ្យពន្ធនាគារ ដែលជាអប់រំកែប្រែចិត្តគំនិត អ្នកជាប់ឃុំឃាំង ដើម្បីឱ្យអ្នកធ្លាប់ប្រព្រឹត្តខុសនឹងច្បាប់ អាចក្លាយទៅបុគ្គលចុះសម្រុងទៅនឹងស្ថានភាព និងជីវភាពរស់នៅក្នុងសង្គម ព្រមទាំងមានស្មារតីគោរពកោតក្រែងច្បាប់ គោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គម។ ការអប់រំកែប្រែនៅក្នុងពន្ធនាគារនេះគឺដើម្បីឱ្យអ្នកជាប់ទោសរាងចាលនឹងទង្វើដែលខ្លួនប្រព្រឹត្ត ហើយក្រោយការអនុវត្តទោស ពួកនឹងមានស្មារតីភ្ញាក់រលឹក និងកសាងខ្លួនឡើងវិញ ដើម្បីឈានទៅក្លាយពលរដ្ឋល្អ ឬបុគ្គលដែលគោរពច្បាប់ និងជាការចូលរួមចំណែកពង្រឹងនិងកសាងសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។

ប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងពន្ធនាគារ បើកដៃឱ្យអ្នកជាប់ឃុំឃាំងធ្វើទង្វើផ្សេងៗទៅតាមតែអំពើចិត្ត អាចកម្សាន្តរាំរែកដូចស្ថានភាពដែលខ្លួនរស់នៅខាងក្រៅពន្ធនាគារ សប្បាយរីករាយដូចនៅក្នុងក្លិប បារ ឬបៀហ្កាដិននោះ អ្នកគេអាចធានាបានថាអ្នកទាំងនោះនឹងទទួលបានការអនុវត្តទោស ដែលតុលាការបានកាត់សេចក្ដីយ៉ាងដូចម្ដេច? មិនត្រឹមតែប៉ុណ្ណោះ ពិរុទ្ធជនទាំងនោះ នឹងមិនរាងចាលចំពោះទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ឬនៅពេលដែលត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចចេញមកខាងក្រៅពន្ធនាគារ មានសេរីភាពពេញទី ព្រមទាំងអាចឡើងចាងជាងមុន និងឈានទៅប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។

ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំគ្រប់លំដាប់គួរតែពង្រឹងវិន័យ និងពង្រឹងការគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងស្ដារមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជារូបភាពជាវិជ្ជមានរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើងវិញនៅក្នុងករណីនេះ។ ពន្ធនាគារទាំងអស់ត្រូវតែពង្រឹងការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌នៅក្នុងការគ្រប់គ្រង បញ្ចៀសឱ្យបាននូវការលេចឡើងនូវបាតុភាពអវិជ្ជមានខាងលើ ក៏ដូចជាបាតុភាពអវិជ្ជមានដទៃផ្សេងទៀត ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់កន្លងមកនេះ។

គេត្រូវតែចងចាំថា ពន្ធនាគារ គឺជាកន្លែងដែលត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមុតមាំបំផុត ហើយប្រសិនបើទីកន្លែងដែលត្រូវអនុវត្តច្បាប់តឹងរ៉ឹងនិងមុតមាំបំផុតនោះ បែរជាក្លាយទៅជាទីកន្លែងអនាធិបតេយ្យទៅវិញ តើគេអាចរំពឹងថាប្រទេសជាតិនេះ អាចអនុវត្តច្បាប់បានពិតប្រាកដ? ប្រសិនបើពុំដូច្នោះទេ វាគួរជារឿងដ៏គួរឱ្យខ្មាស់អៀនមួយសម្រាប់ប្រទេសជាតិកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...

2023-01-31 03:19:09   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:19 AM
តើបក្សភឿថៃ អាចត្រឡប់មកកាច់ចង្កូត ប្រទេសថៃក្នុងឆ្នាំ២០២៣បានដែរឬទេ?

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាប្រសិនបើត្រូវបានជាប់ឆ្នោតក្នុងពេលបោះឆ្នោត នាខែឧសភ...

2023-01-28 11:48:59   ថ្ងៃសៅរ៍, 28 មករា 2023 ម៉ោង 06:48 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាមួយ ស្តីពី«សេចក្តីសង្ខេបស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ!

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបដំណឹង ជូនដល់មហាជន និស្សិត និងបេក្ខជនបណ្ឌិតទាំងអស់ដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកម្មវិធីបាឋកថាមួយ...

2023-01-26 11:38:24   ថ្ងៃព្រហស្បតិ៍, 26 មករា 2023 ម៉ោង 06:38 PM
បទសម្ភាសរៀបចំឯកសារគុណកថា ជូនឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធ...

2023-01-26 11:10:26   ថ្ងៃព្រហស្បតិ៍, 26 មករា 2023 ម៉ោង 06:10 PM
រាជបណ្ឌិត្យសភាកម្ពុជាគ្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើការប្រែក្លាយសំណល់ជាប្រភពថាមពល រវាងក្រុមហ៊ុនជេអូអិន(Geoentech Co., LTD)នៃសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបាត់ដំបង

(ក្រុងបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណា...

2023-01-20 10:41:09   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 05:41 PM
«កិច្ចប្រជុំរវាងប្រធានមុខវិជ្ជា នីតិសាស្រ្ត និងលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា»

យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការ...

2023-01-20 08:35:34   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 03:35 PM

សេចក្តីប្រកាស