ព័ត៌មាន

បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

2024-10-18 02:59:13 ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
អ្នកមើល 463
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។

បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិបតេយ្យនៃការគ្រប់គ្រងនៅពន្ធនាគារ ដោយជារឿងគួរឱ្យសោកស្ដាយបំផុតនៅពេលដែលជនជាប់ឃុំឃាង បែរជា មានសកម្មភាពភ្លើតភ្លើ រាំរែកកម្សាន្តសប្បាយ នៅក្នុងទីដែលត្រូវបានកំណត់ថាជាមណ្ឌលអនុវត្តច្បាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសឱ្យមានភាពរៀងចាលនឹងទង្វើរបស់ខ្លួន ដែលទង្វើនោះវាប្រាសចាកទៅនឹងច្បាប់ជាធរមាន។ ការណ៍នេះពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សកម្មភាពដែលហាក់ត្រូវបានប្រព្រឹត្តទៅដោយសេរី និងគ្មានការហាមឃាត់ការនាំចូលសម្ភារៈកម្សាន្តសប្បាយ ឬគ្មានការចាត់វិធានការទប់ស្កាត់ឱ្យបានគត់មត់នេះ បង្ហាញអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំពន្ធនាគារ ហើយនេះគឺជារូបភាពមិនគួរឱ្យកើតមានទាល់តែសោះ។ ទោះជាយ៉ាងណា វីដេអូនេះ បែរជាកើតមានឡើងហើយ ថែមទាំងត្រូវបានបែកធ្លាយចេញដល់បណ្ដាញសង្គម និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលជាប្រការមួយបង្កជាការសង្ស័យអំពីស្ថានភាពនៃការគ្រប់គ្រង និងរស់នៅក្នុងពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះទាមទារឱ្យមានការពង្រឹងវិន័យ និងការគ្រប់គ្រងគ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចាត់វិធានការបន្ថែមឱ្យបានតឹងរ៉ឹងនិងមុតមាំបំផុត ដើម្បីបញ្ចៀសឱ្យបាននូវការបណ្ដែតបណ្ដោយឱ្យពន្ធនាគារ ដែលជាអប់រំកែប្រែចិត្តគំនិត អ្នកជាប់ឃុំឃាំង ដើម្បីឱ្យអ្នកធ្លាប់ប្រព្រឹត្តខុសនឹងច្បាប់ អាចក្លាយទៅបុគ្គលចុះសម្រុងទៅនឹងស្ថានភាព និងជីវភាពរស់នៅក្នុងសង្គម ព្រមទាំងមានស្មារតីគោរពកោតក្រែងច្បាប់ គោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គម។ ការអប់រំកែប្រែនៅក្នុងពន្ធនាគារនេះគឺដើម្បីឱ្យអ្នកជាប់ទោសរាងចាលនឹងទង្វើដែលខ្លួនប្រព្រឹត្ត ហើយក្រោយការអនុវត្តទោស ពួកនឹងមានស្មារតីភ្ញាក់រលឹក និងកសាងខ្លួនឡើងវិញ ដើម្បីឈានទៅក្លាយពលរដ្ឋល្អ ឬបុគ្គលដែលគោរពច្បាប់ និងជាការចូលរួមចំណែកពង្រឹងនិងកសាងសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។

ប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងពន្ធនាគារ បើកដៃឱ្យអ្នកជាប់ឃុំឃាំងធ្វើទង្វើផ្សេងៗទៅតាមតែអំពើចិត្ត អាចកម្សាន្តរាំរែកដូចស្ថានភាពដែលខ្លួនរស់នៅខាងក្រៅពន្ធនាគារ សប្បាយរីករាយដូចនៅក្នុងក្លិប បារ ឬបៀហ្កាដិននោះ អ្នកគេអាចធានាបានថាអ្នកទាំងនោះនឹងទទួលបានការអនុវត្តទោស ដែលតុលាការបានកាត់សេចក្ដីយ៉ាងដូចម្ដេច? មិនត្រឹមតែប៉ុណ្ណោះ ពិរុទ្ធជនទាំងនោះ នឹងមិនរាងចាលចំពោះទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ឬនៅពេលដែលត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចចេញមកខាងក្រៅពន្ធនាគារ មានសេរីភាពពេញទី ព្រមទាំងអាចឡើងចាងជាងមុន និងឈានទៅប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។

ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំគ្រប់លំដាប់គួរតែពង្រឹងវិន័យ និងពង្រឹងការគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងស្ដារមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជារូបភាពជាវិជ្ជមានរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើងវិញនៅក្នុងករណីនេះ។ ពន្ធនាគារទាំងអស់ត្រូវតែពង្រឹងការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌នៅក្នុងការគ្រប់គ្រង បញ្ចៀសឱ្យបាននូវការលេចឡើងនូវបាតុភាពអវិជ្ជមានខាងលើ ក៏ដូចជាបាតុភាពអវិជ្ជមានដទៃផ្សេងទៀត ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់កន្លងមកនេះ។

គេត្រូវតែចងចាំថា ពន្ធនាគារ គឺជាកន្លែងដែលត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមុតមាំបំផុត ហើយប្រសិនបើទីកន្លែងដែលត្រូវអនុវត្តច្បាប់តឹងរ៉ឹងនិងមុតមាំបំផុតនោះ បែរជាក្លាយទៅជាទីកន្លែងអនាធិបតេយ្យទៅវិញ តើគេអាចរំពឹងថាប្រទេសជាតិនេះ អាចអនុវត្តច្បាប់បានពិតប្រាកដ? ប្រសិនបើពុំដូច្នោះទេ វាគួរជារឿងដ៏គួរឱ្យខ្មាស់អៀនមួយសម្រាប់ប្រទេសជាតិកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ក្រសួង​សេដ្ឋកិច្ច ពុំទាន់​ពិភាក្សា​យន្តការ និង​ការកំណត់​លើ​ពន្ធ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និ​ចក្នុងស្រុកទេ»

​ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុំទាន់បាន​ពិភាក្សា​ទៅលើ​យន្តការ ឬ​កំណត់​ពេលវេលា​ក្នុងការ​ប្រមូល​ពន្ធ លើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​(Online)​ក្នុងស្រុក​ទេ​...

  ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:04 PM
«មនុស្ស ជាង៣៨០ នាក់ បានស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...

  ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:53 PM
«ក្រសួងទេសចរណ៍ កំណត់គោលដៅយកឆ្នាំ២០១៩ ជាឆ្នាំរមណីយដ្ឋានស្អាត»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...

  ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:41 PM
«តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្...

  ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:28 PM
«ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ...»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់...

  ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:58 PM
«សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...»

ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...

  ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:33 PM

សេចក្តីប្រកាស