Royal Academy of Cambodia
នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ។
ប្រសិនបើ មេដឹកនាំកម្ពុជាចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធយោធា នឹងក្លាយជាការនាំប្រទេសកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ដែលនៅត្រង់មាត្រា៥៣ថ្មី បានចែងយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញរបស់អាស៊ានផងដែរ ដែលកម្ពុជាមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុង ឬចូលទៅក្នុងបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងប្រទេសដទៃនោះឡើយ។
លើសពីនេះទៅទៀត ដោយអនុវត្តតាមច្បាប់អន្តរជាតិ រក្សាបាននូវលំនឹងនយោបាយការទូត និងរក្សាលទ្ធភាពនៅក្នុងការអភិវឌ្ឍ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាដៃគូទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាច កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធម្មនុញ្ញអាស៊ានដែលជាអង្គការតំបន់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា រក្សាបាននូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។
កម្ពុជាមិនអាចចូលភ្ជាប់ខ្លួនទៅនឹងបក្សសម្ព័ន្ធណាមួយបានឡើយ បើពុំដូច្នោះទេ កម្ពុជានឹងត្រូវរងគ្រោះដូចអ្វីដែលបានកើតមានឡើងនៅក្នុងដំណាក់កាលសង្គ្រាមនៃសង្គ្រាមត្រជាក់។ នៅពេលនោះ ថ្វីដ្បិតតែសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានសម្រេចព្រះទ័យមិនចូលរួមទៅក្នុងបក្សសម្ព័ន្ធណាមួយរវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក៏ដោយក្ដី ក៏ប៉ុន្តែជាតថភាព កម្ពុជាបានចូលរួមបក្សសម្ព័ន្ធ ដោយមានឈ្មោះថា «ចលនាមិនចូលបក្សសម្ព័ន្ធ» ហើយកម្ពុជាត្រូវប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកសេនាប្រមុខ លន់ នល់ ក្រោយការទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ពីប្រមុខរដ្ឋ លោកបានសម្រេចចិត្តនាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ចូលរួមទៅក្នុងសម្ព័ន្ធភាពរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើសង្គ្រាមជាមួយនឹងវៀតណាមកុម្មុយនីស្តនៅតំបន់ឥណ្ឌូចិន ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យនាវាកម្ពុជាមិនអាចទប់លំនឹងបាននៅក្នុងសមុទ្រនៃសង្គ្រាមមនោគមវិជ្ជា និងការដណ្ដើមឥទ្ធិពលគ្នារវាងមហាអំណាចពិភពលោក។
ដូច្នេះហើយ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកម្ពុជាត្រូវតែចងចាំ ហើយបញ្ចៀសឱ្យបាននូវការដើរជាន់ដាលដដែលនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ សម្រាប់ពេលបច្ចុប្បន្ននេះ កម្ពុជាកាន់តែមានភាពចាំបាច់នៅក្នុងការរក្សាលំនឹងនៃនយោបាយឯករាជ្យ មិនចូលបក្សសម្ព័ន្ធឱ្យបានខ្ជាប់ខ្ជាប់បំផុត ដើម្បីគេចចេញផុតពីការប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បើទោះបីជាប្រទេសតូចដូចជាកម្ពុជា ពិតជាមិនអាចគេចផុតពីវិបត្តិ ដែលបង្កឡើងដោយការប្រកួតប្រជែងរបស់មហាអំណាចក៏ដោយក្ដី ប៉ុន្តែកម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន ដើម្បីចៀសវាងមហាអំណាចយកទៅធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...