ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងតួនាទីនៅក្នុងឆាកអន្តរជាតិ និងរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ

2024-10-14 07:39:45 ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 02:39 PM
អ្នកមើល 1938
post_detail1

នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ។

ប្រសិនបើ មេដឹកនាំកម្ពុជាចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធយោធា នឹងក្លាយជាការនាំប្រទេសកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ដែលនៅត្រង់មាត្រា៥៣ថ្មី បានចែងយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញរបស់អាស៊ានផងដែរ ដែលកម្ពុជាមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុង ឬចូលទៅក្នុងបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងប្រទេសដទៃនោះឡើយ។

លើសពីនេះទៅទៀត ដោយអនុវត្តតាមច្បាប់អន្តរជាតិ រក្សាបាននូវលំនឹងនយោបាយការទូត និងរក្សាលទ្ធភាពនៅក្នុងការអភិវឌ្ឍ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាដៃគូទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាច កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធម្មនុញ្ញអាស៊ានដែលជាអង្គការតំបន់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា រក្សាបាននូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។

កម្ពុជាមិនអាចចូលភ្ជាប់ខ្លួនទៅនឹងបក្សសម្ព័ន្ធណាមួយបានឡើយ បើពុំដូច្នោះទេ កម្ពុជានឹងត្រូវរងគ្រោះដូចអ្វីដែលបានកើតមានឡើងនៅក្នុងដំណាក់កាលសង្គ្រាមនៃសង្គ្រាមត្រជាក់។ នៅពេលនោះ ថ្វីដ្បិតតែសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានសម្រេចព្រះទ័យមិនចូលរួមទៅក្នុងបក្សសម្ព័ន្ធណាមួយរវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក៏ដោយក្ដី ក៏ប៉ុន្តែជាតថភាព កម្ពុជាបានចូលរួមបក្សសម្ព័ន្ធ ដោយមានឈ្មោះថា «ចលនាមិនចូលបក្សសម្ព័ន្ធ» ហើយកម្ពុជាត្រូវប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកសេនាប្រមុខ លន់ នល់ ក្រោយការទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ពីប្រមុខរដ្ឋ លោកបានសម្រេចចិត្តនាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ចូលរួមទៅក្នុងសម្ព័ន្ធភាពរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើសង្គ្រាមជាមួយនឹងវៀតណាមកុម្មុយនីស្តនៅតំបន់ឥណ្ឌូចិន ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យនាវាកម្ពុជាមិនអាចទប់លំនឹងបាននៅក្នុងសមុទ្រនៃសង្គ្រាមមនោគមវិជ្ជា និងការដណ្ដើមឥទ្ធិពលគ្នារវាងមហាអំណាចពិភពលោក។

ដូច្នេះហើយ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកម្ពុជាត្រូវតែចងចាំ ហើយបញ្ចៀសឱ្យបាននូវការដើរជាន់ដាលដដែលនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ សម្រាប់ពេលបច្ចុប្បន្ននេះ កម្ពុជាកាន់តែមានភាពចាំបាច់នៅក្នុងការរក្សាលំនឹងនៃនយោបាយឯករាជ្យ មិនចូលបក្សសម្ព័ន្ធឱ្យបានខ្ជាប់ខ្ជាប់បំផុត ដើម្បីគេចចេញផុតពីការប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បើទោះបីជាប្រទេសតូចដូចជាកម្ពុជា ពិតជាមិនអាចគេចផុតពីវិបត្តិ ដែលបង្កឡើងដោយការប្រកួតប្រជែងរបស់មហាអំណាចក៏ដោយក្ដី ប៉ុន្តែកម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន ដើម្បីចៀសវាងមហាអំណាចយកទៅធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ចុះផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ | ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍ​នៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន...

2019-01-05 06:42:40   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 01:42 PM
«ទិសដៅការងារសម្រាប់ដើមឆ្នាំ២០១៩របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ» ដោយ៖ លោក ហឿង សុធារស់

វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធ...

2019-01-04 09:48:38   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 04:48 PM
«ចំណងដៃឆ្នាំថ្មី ឆ្នាំ២០១៩ ពីវិទ្យាស្ថានភាសាជាតិ៖ សទ្ទានុក្រមពាក្យថ្មី»

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្...

2019-01-04 07:59:44   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:59 PM
«មូលហេតុនៃការសិក្សាវិស័យការទូត»​​​​​​​​​​​ ដោយ៖ លោក ស៊ឺន សម

យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...

2019-01-04 07:02:28   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:02 PM
«ជំនួបជាមួយអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...

2019-01-03 15:51:19   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 10:51 PM
«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»

សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយ​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា...

2019-01-03 08:31:30   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 03:31 PM

សេចក្តីប្រកាស