Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែកញ្ញានៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យផ្ដោតការយកចិត្តទុកដាក់ទៅលើការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានផ្នត់គំនិតថា ការរីកចម្រើនរបស់ស្ថាប័នគឺជាសមិទ្ធផលនិងមានចំណែកនៃការចូលរួមរបស់ខ្លួនផងដែរ។ បើតាមឯកឧត្ដមបណ្ឌិត នៅពេលដែលមានស្មារតីមនសិកាការងារ នោះមន្ត្រីទាំងអស់នឹងមានក្ដីសោមនស្សក្នុងការបំពេញការងារ និងអាចបំពេញការងារប្រកបដោយថាមភាពខ្ពស់ នៅក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពស្ថាប័ន។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ទៅកាន់អង្គប្រជុំផងដែរថា មន្ត្រីគ្រប់រូបនិងគ្រប់អង្គភាពទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំដំណើរការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដែលជាអាទិភាពមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជានាបច្ចុប្បន្ន ដែលជាការបើកទំព័រថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងមូលធនមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
តាមការគ្រោងទុក រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលកាលបរិច្ឆេទចូលរៀនលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ទៅលើមុខជំនាញសំខាន់ៗដូចខាងក្រោមគឺ៖
- វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ
- វិទ្យាសាស្ត្រសេដ្ឋកិច្ច
- វិទ្យាសាស្ត្របរិស្ថាន
- រដ្ឋបាលសាធារណៈ
- អក្សរសាស្ត្រខ្មែរ
- គណិតវិទ្យា
- តូរ្យតន្ត្រី និង
- វិចិត្រកម្ម៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...
(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ...
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dat...
វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...