ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រួ​តពិនិត្យនិងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា

2024-10-14 04:44:33 ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 11:44 AM
អ្នកមើល 2081
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែកញ្ញានៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យផ្ដោតការយកចិត្តទុកដាក់ទៅលើការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានផ្នត់គំនិតថា ការរីកចម្រើនរបស់ស្ថាប័នគឺជាសមិទ្ធផលនិងមានចំណែកនៃការចូលរួមរបស់ខ្លួនផងដែរ។ បើតាមឯកឧត្ដមបណ្ឌិត នៅពេលដែលមានស្មារតីមនសិកាការងារ នោះមន្ត្រីទាំងអស់នឹងមានក្ដីសោមនស្សក្នុងការបំពេញការងារ និងអាចបំពេញការងារប្រកបដោយថាមភាពខ្ពស់ នៅក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពស្ថាប័ន។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ទៅកាន់អង្គប្រជុំផងដែរថា មន្ត្រីគ្រប់រូបនិងគ្រប់អង្គភាពទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំដំណើរការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដែលជាអាទិភាពមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជានាបច្ចុប្បន្ន ដែលជាការបើកទំព័រថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងមូលធនម​នុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

តាមការគ្រោងទុក រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលកាលបរិច្ឆេទចូលរៀនលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ទៅលើមុខជំនាញសំខាន់ៗដូចខាងក្រោមគឺ៖

- វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ

- វិទ្យាសាស្ត្រសេដ្ឋកិច្ច

- វិទ្យាសាស្ត្របរិស្ថាន

- រដ្ឋបាលសាធារណៈ

- អក្សរសាស្ត្រខ្មែរ

- គណិតវិទ្យា

- តូរ្យតន្ត្រី និង

- វិចិត្រកម្ម៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស