Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែកញ្ញានៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យផ្ដោតការយកចិត្តទុកដាក់ទៅលើការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានផ្នត់គំនិតថា ការរីកចម្រើនរបស់ស្ថាប័នគឺជាសមិទ្ធផលនិងមានចំណែកនៃការចូលរួមរបស់ខ្លួនផងដែរ។ បើតាមឯកឧត្ដមបណ្ឌិត នៅពេលដែលមានស្មារតីមនសិកាការងារ នោះមន្ត្រីទាំងអស់នឹងមានក្ដីសោមនស្សក្នុងការបំពេញការងារ និងអាចបំពេញការងារប្រកបដោយថាមភាពខ្ពស់ នៅក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពស្ថាប័ន។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ទៅកាន់អង្គប្រជុំផងដែរថា មន្ត្រីគ្រប់រូបនិងគ្រប់អង្គភាពទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំដំណើរការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដែលជាអាទិភាពមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជានាបច្ចុប្បន្ន ដែលជាការបើកទំព័រថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងមូលធនមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
តាមការគ្រោងទុក រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលកាលបរិច្ឆេទចូលរៀនលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ទៅលើមុខជំនាញសំខាន់ៗដូចខាងក្រោមគឺ៖
- វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ
- វិទ្យាសាស្ត្រសេដ្ឋកិច្ច
- វិទ្យាសាស្ត្របរិស្ថាន
- រដ្ឋបាលសាធារណៈ
- អក្សរសាស្ត្រខ្មែរ
- គណិតវិទ្យា
- តូរ្យតន្ត្រី និង
- វិចិត្រកម្ម៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...