Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសទាំងពីរ ដោយ ឯកឧត្ដម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូត នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។ នេះគឺជាការបង្ហាញអំពីដំណើរវិវឌ្ឍទៅមុខមួយកម្រិតថែមទៀត ទាំងនៅក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា និងការធ្វើពិពិធកម្មការទូតនៅក្នុងក្របខ័ណ្ឌនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ផ្ដើមចេញពីការប្រកាសជំហរនយោបាយការបរទេស “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបោះជំហានយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងជាមួយនឹងអឺរ៉ុប ពិសេសបារាំងដែលជាក្បាលម៉ាស៊ីននាំមុខគេរបស់សហភាពអឺរ៉ុប និងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិក នៅក្នុងអំឡុងរយៈពេល១ឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានបន្តពង្រឹងគោលនយោបាយឯករាជ្យ អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលស្ដែងឱ្យឃើញតាមរយៈការប្រកាន់ជំហរយ៉ាងមុតមាំ នៅចំពោះមុខការប្រតិកម្មឬចោទប្រកាន់ពីសំណាក់បរទេសនិងប្រទេសជិតខាង ដែលបង្កប់ចរិតលក្ខណៈភូមិសាស្ត្រនយោបាយពាក់ព័ន្ធនឹងការសម្រេចចិត្តលើកិច្ចការផ្ទៃក្នុងកម្ពុជា, ការចូលរួមចំណែកថែរក្សាសន្តិភាពពិភពលោកនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិសេសគឺជំហរផ្ទាល់ខ្លួនរបស់កម្ពុជានៅក្នុងបញ្ហាអន្តរជាតិ ដូចជាសំណុំរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលការសម្រេចចិត្តរបស់កម្ពុជាមិនចំណុះឱ្យមហាអំណាច ឬបក្សសម្ព័ន្ធណាមួយឡើយ។ ទាំងអស់នេះ បានបង្ហាញអំពីការរក្សាបានអធិបតេយ្យ ឯករាជ្យ និងភាពម្ចាស់ការរបស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងការធានាបាននូវទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយនឹងបណ្ដាប្រទេសជាដៃគូនានាលើពិភពលោក ពិសេសមហាអំណាចតំបន់ និងពិភពលោក ដើម្បីឈានទៅសម្រេចបានទំនាក់ទំនងដែលមានការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ដូចបានលើកឡើងខាងលើ រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់យកជំហរ “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” គឺជាការធ្វើពិពិធកម្មការទូត ប្រកបដោយថាមភាព ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាដៃគូស្រាប់ឱ្យកាន់តែប្រសើរឡើង និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មី ក៏ដូចជាជំរុញលើកកម្ពស់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា ដែលអាចនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាការពិតណាស់ កាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ប៉ុន្តែដោយសារតែកត្តាគួបផ្សំផ្សេងៗ ប្រទេសទាំងពីរពុំទាន់មានស្ថានទូតផ្លូវការដែលទទួលបន្ទុកលើទំនាក់ទំនងការទូតទ្វេភាគីនៅឡើយទេ ដោយស្ថានទូតកាណាដា ប្រចាំប្រទេសថៃគឺជាអ្នកទទួលបន្ទុកទំនាក់ទំនងជាមួយកម្ពុជា ខណៈដែលបេសកកម្មការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ជាអ្នកតំណាងឱ្យកម្ពុជា នៅក្នុងទំនាក់ទំនងការទូតជាមួយនឹងកាណាដា។
ទោះជាយ៉ាងណា ដោយផ្អែកទៅលើភាពចាំបាច់ជាក់ស្ដែងនៃការវិវត្តស្ថានការណ៍តំបន់និងពិភពលោក, សារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ពិសេសដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរបៀបវារៈនៃការធ្វើពិពិធកម្មការទូត និងការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសផ្កាចម្រុះពណ៌ កម្ពុជាបានសម្រេចបាននូវជោគជ័យថ្មីបន្ថែមទៀតនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន គឺការបើកស្ថានទូតជាផ្លូវការរបស់កាណាដានៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ នៅពេលខាងមុខនេះ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដែលមានសក្ដានុពលជាច្រើនទៀត។ នេះក៏ជាផ្នែកមួយនៃការទាញផលប្រយោជន៍ពីការធ្វើសមាហរកម្មនៅក្នុងតំបន់ផងដែរ ដោយនាពេលខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាត្រូវបានអនុម័ត ហើយការគាំទ្ររបស់កម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់កាណាដា។
ជាតថភាពជាក់ស្ដែង កម្ពុជាដែលជាប្រទេសតូច និងមានតម្រូវការអភិវឌ្ឍនៅលើវិស័យនានាជាច្រើនដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានាលើសាកលលោក ដើម្បីទាក់ទាញនូវការវិនិយោគទុន ការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ និងជំនួយអភិវឌ្ឍន៍ផ្សេងៗទៀត។ ទោះជាយ៉ាងណា កម្ពុជាក៏ពុំអាចចេះតែយល់ស្រប ឬដើរតាមតែការគូសវាសរបស់មហាអំណាចពិភពលោក ឬមហាអំណាចតំបន់ណាមួយ ដើម្បីដោះដូរយកជំនួយ ការវិនិយោគ ឬការផ្ដល់ឱ្យលក្ខខណ្ឌអនុគ្រោះក្នុងរូបភាពណាមួយ ដោយមិនគិតគូរអំពីភាពគ្រោះថ្នាក់របស់ជាតិ ឬហានិភ័យដែលអាចបង្កឡើងដោយសារការដើរតាមយុទ្ធសាស្ត្រ ដែលមហាអំណាចប្រជែងឥទ្ធិពលគ្នា ឬទៅតាមតែរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។
ហេតុនេះហើយ កម្ពុជាត្រូវតែមានភាពរឹងមាំនៅក្នុងជំហរនយោបាយការបរទេស មានការសម្រេចចិត្តផ្ទាល់របស់ខ្លួន ដោយយោងទៅលើឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ជាជាងទំនោរទៅរកតែមហាអំណាចណាមួយផ្ដាច់មុខ។ ជាមួយគ្នានេះ ឥទ្ធិពលដែលកម្ពុជាអាចពឹងផ្អែកបានក្នុងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោកគឺ អំណាចផ្លូវច្បាប់ អំណាចទន់ និងភាពស្មើមុខស្មើមាត់ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ដែលមានសិទ្ធិនៅក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗ ទាំងក្នុងនាមជាសមាជិកអង្គការតំបន់ (អាស៊ាន) និងជាសមាជិកអង្គការសហប្រជាជាតិ។ តាមរយៈមូលដ្ឋានទាំងអស់នេះ កម្ពុជាអាចទាញឱ្យមហាអំណាចក៏ដូចជាប្រទេសធំៗក្នុងតំបន់ ឱ្យងាកមកពិនិត្យនិងយកចិត្តទុកដាក់ទៅលើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគោរពអធិបតេយ្យរបស់កម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យមួយផងដែរ៕
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្...
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្...
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក...
ដោយ៖ បណ្ឌិត យង់ ពៅ ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិប...
ដោយ៖ បណ្ឌិត យង់ ពៅ ការឈោងចាប់យកអំណាចដឹកនាំរដ្ឋនៃបណ្ដាគណបក្សនយោបាយ ឬកម្លាំងនយោបាយនានានៅក្នុងប្រទេសប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើរបបនយោបាយ ប្រព័ន្ធច្បាប់ និងស្ថានភ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្ដីពី «ដំណើរថ្...