ព័ត៌មាន

ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា គឺជាសក្ខីភាពបន្ថែមទៀតបញ្ជាក់ពី ការធ្វើពិពិធកម្មការទូត និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់

2024-10-12 10:17:36 ថ្ងៃសៅរ៍, 12 តុលា 2024 ម៉ោង 05:17 PM
អ្នកមើល 2364
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅ​រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោងនឹង​បើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសទាំងពីរ ដោយ ឯកឧត្ដម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូត នៅរាជធានីភ្នំពេញ នាពេលឆាប់ៗ​ខាង​មុខ។ នេះគឺជាការបង្ហាញអំពីដំណើរវិវឌ្ឍទៅមុខមួយកម្រិតថែមទៀត ទាំង​នៅ​ក្នុងទំនាក់​ទំនង​ទ្វេភាគី កម្ពុជា-កាណាដា និងការធ្វើពិពិធកម្មការទូតនៅក្នុងក្របខ័ណ្ឌ​នយោបាយ​ការ​បរទេស​​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ផ្ដើម​ចេញ​ពី​ការប្រកាសជំហរនយោបាយ​ការ​បរទេស “​ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” រាជ​រដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបោះជំហានយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងជាមួយនឹងអឺរ៉ុប ពិសេសបារាំងដែលជា​ក្បាលម៉ាស៊ីននាំមុខគេរបស់សហភាពអឺរ៉ុប និងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហ​ប្រតិបត្តិ​ការជាមួយនឹងសហរដ្ឋអាម៉េរិក នៅក្នុងអំឡុងរយៈពេល១​ឆ្នាំដំបូងនៃការឡើង​កាន់​តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិ​កាលទី៧នៃរដ្ឋសភា បានបន្តពង្រឹងគោល​នយោបាយឯករាជ្យ អព្យាក្រឹត្យ និងមិនចូល​បក្ស​សម្ព័ន្ធរបស់​ខ្លួន ដែលស្ដែងឱ្យឃើញតាម​រយៈការប្រកាន់ជំហរយ៉ាងមុតមាំ នៅចំពោះមុខការ​ប្រតិកម្មឬចោទប្រកាន់ពី​សំណាក់​បរទេសនិងប្រទេសជិតខាង ដែលបង្កប់ចរិតលក្ខណៈ​ភូមិសាស្ត្រ​នយោបាយពាក់ព័ន្ធ​នឹង​ការសម្រេចចិត្តលើកិច្ចការផ្ទៃក្នុងកម្ពុជា, ការចូលរួម​ចំណែកថែរក្សាសន្តិភាពពិភពលោក​នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិសេស​គឺជំហរ​ផ្ទាល់ខ្លួនរបស់​កម្ពុជានៅក្នុងបញ្ហា​អន្តរជាតិ ដូចជាសំណុំរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលការសម្រេចចិត្តរបស់កម្ពុជា​មិន​ចំណុះឱ្យមហាអំណាច ឬបក្ស​សម្ព័ន្ធណាមួយឡើយ។ ទាំងអស់នេះ បានបង្ហាញអំពី​ការ​រក្សាបានអធិប​តេយ្យ ឯករាជ្យ និងភាពម្ចាស់ការរបស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិ ដែល​ជាមូលដ្ឋានដ៏សំខាន់នៅក្នុងការធានាបាននូវទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយនឹង​បណ្ដា​ប្រទេសជាដៃគូនានា​លើពិភពលោក ពិសេសមហាអំណាចតំបន់ និងពិភពលោក ដើម្បីឈានទៅសម្រេចបានទំនាក់ទំនងដែលមានការគោរព​គ្នា និងកិច្ច​សហ​ប្រតិបត្តិការ​ដើម្បីផល​ប្រយោជន៍ទៅ​វិញ​ទៅមក។

ដូចបានលើកឡើងខាងលើ រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់យកជំហរ “​ពង្រឹង​មិត្តចាស់ បង្កើនមិត្តថ្មី” គឺជាការធ្វើពិពិធកម្មការទូត ប្រកបដោយថាមភាព ដើម្បីពង្រឹង​ទំនាក់​ទំនងជាមួយបណ្ដាប្រទេសជាដៃគូស្រាប់ឱ្យកាន់តែប្រសើរឡើង និងស្វែងរកកិច្ច​សហ​ប្រតិបត្តិការថ្មី ក៏ដូចជាជំរុញលើកកម្ពស់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា ដែល​អាចនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាការពិតណាស់ កាណាដា គឺជា​ដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧របស់កម្ពុជា ដែលបានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ​សម្រាប់យុវជន​កម្ពុជា ប៉ុន្តែដោយសារតែកត្តាគួបផ្សំផ្សេងៗ ប្រទេសទាំងពីរពុំទាន់មានស្ថាន​ទូតផ្លូវការដែល​ទទួលបន្ទុកលើទំនាក់ទំនងការទូតទ្វេភាគីនៅ​ឡើយទេ ដោយស្ថានទូត​កាណាដា ប្រចាំ​ប្រទេសថៃគឺជាអ្នកទទួលបន្ទុកទំនាក់ទំនងជាមួយកម្ពុជា ខណៈដែល​បេសក​កម្មការ​ទូត​កម្ពុជាប្រចាំអង្គការ​សហប្រជាជាតិ ជាអ្នកតំណាងឱ្យកម្ពុជា នៅក្នុងទំនាក់​ទំនងការទូតជាមួយនឹងកាណាដា។

ទោះជាយ៉ាងណា ដោយផ្អែកទៅលើភាពចាំបាច់ជាក់ស្ដែងនៃការវិវត្តស្ថានការណ៍​តំបន់​និង​ពិភពលោក, សារៈសំខាន់នៃការបន្តពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងតំបន់ ពិសេសដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុង​របៀប​វារៈនៃការធ្វើពិពិធកម្មការទូត និងការប្រកាន់ខ្ជាប់នូវនយោបាយការបរទេស​ផ្កា​ចម្រុះ​ពណ៌ កម្ពុជាបានសម្រេចបាននូវជោគជ័យថ្មីបន្ថែមទៀតនៅក្នុងទំនាក់ទំនងអន្តរ​ជាតិ​របស់​ខ្លួន គឺការបើកស្ថានទូតជាផ្លូវការរបស់កាណាដានៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ នៅពេលខាងមុខនេះ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សន​កិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា អំពី​ការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដែលមានសក្ដានុពល​ជា​ច្រើនទៀត។ នេះ​ក៏​ជា​ផ្នែកមួយនៃការទាញផលប្រយោជន៍ពីការធ្វើសមាហរកម្មនៅក្នុង​តំបន់ផងដែរ ដោយ​នា​ពេល​ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីអាស៊ាន-កាណាដា​ត្រូវបានអនុម័ត ហើយការគាំទ្ររបស់កម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់កាណាដា។

ជាតថភាពជាក់ស្ដែង កម្ពុជាដែលជាប្រទេសតូច និងមានតម្រូវការអភិវឌ្ឍ​នៅលើ​វិស័យ​នានាជាច្រើនដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម កម្ពុជាមានភាព​ចាំបាច់​នៅក្នុង​ការពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដា​ប្រទេស​នានាលើសាកល​លោក ដើម្បីទាក់ទាញនូវការវិនិយោគទុន ការផ្ទេរបច្ចេកវិទ្យា ការ​ចែក​រំលែកបទពិសោធន៍នៃការអភិវឌ្ឍ និងជំនួយអភិវឌ្ឍន៍ផ្សេងៗទៀត។ ទោះជាយ៉ាងណា កម្ពុជា​ក៏ពុំ​អាចចេះតែយល់ស្រប ឬដើរតាមតែការគូសវាសរបស់មហាអំណាចពិភពលោក ឬមហា​អំណាច​តំបន់ណាមួយ ដើម្បីដោះដូរយកជំនួយ ការវិនិយោគ ឬការផ្ដល់ឱ្យលក្ខ​ខណ្ឌ​​អនុ​គ្រោះក្នុងរូបភាពណាមួយ ដោយ​មិន​គិតគូរអំពីភាពគ្រោះថ្នាក់របស់ជាតិ ឬ​ហានិភ័យ​​ដែលអាច​បង្ក​ឡើង​ដោយសារការដើរតាមយុទ្ធសាស្ត្រ​ ដែលមហា​អំណាចប្រជែង​ឥទ្ធិពលគ្នា ឬទៅតាមតែ​របៀបវារៈភូមិ​សាស្ត្រ​នយោបាយរបស់មហាអំណាចនោះឡើយ។

ហេតុនេះហើយ កម្ពុជាត្រូវតែមានភាពរឹងមាំនៅក្នុងជំហរនយោបាយការបរទេស មាន​ការសម្រេចចិត្តផ្ទាល់របស់ខ្លួន ដោយយោងទៅលើឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ជាជាងទំនោរទៅរកតែមហាអំណាចណាមួយផ្ដាច់មុខ។ ជាមួយគ្នានេះ ឥទ្ធិពលដែលកម្ពុជា​អាច​ពឹង​ផ្អែក​បានក្នុងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោកគឺ អំណាច​ផ្លូវច្បាប់ អំណាចទន់ និង​ភាពស្មើមុខស្មើមាត់ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ដែលមាន​សិទ្ធិនៅក្នុង​ការចូលរួមធ្វើ​សេចក្ដី​សម្រេចចិត្តផ្សេងៗ ទាំងក្នុងនាមជាសមាជិកអង្គការតំបន់ (អាស៊ាន) និងជាសមាជិក​អង្គការ​សហ​ប្រជាជាតិ។ តាមរយៈមូលដ្ឋានទាំងអស់នេះ កម្ពុជា​អាចទាញឱ្យមហា​អំណាច​ក៏ដូចជាប្រទេសធំៗក្នុងតំបន់ ឱ្យងាកមកពិនិត្យនិងយកចិត្ត​ទុក​ដាក់ទៅ​លើ​​តម្រូវ​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង​គោរពអធិបតេយ្យរបស់កម្ពុជា ក្នុង​នាម​ជា​រដ្ឋឯករាជ្យមួយផងដែរ៕

អត្ថបទទាក់ទង

ឆ្នាំនេះជាខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុ...

2020-09-23 08:23:17   ថ្ងៃពុធ, 23 កញ្ញា 2020 ម៉ោង 03:23 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និង...

2020-09-23 01:54:27   ថ្ងៃពុធ, 23 កញ្ញា 2020 ម៉ោង 08:54 AM
«អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាស...

2020-09-22 12:26:31   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 07:26 PM
«ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការ...

2020-09-22 09:00:15   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 04:00 PM
«ការអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង    លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌ...

2020-09-15 07:41:04   ថ្ងៃអង្គារ, 15 កញ្ញា 2020 ម៉ោង 02:41 PM
តើស្រីលង្កានិងឡាវ កំពុងជាប់អន្ទាក់បំណុលចិនឬ? ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បាន​កើនឡើង១...

2020-09-14 08:09:57   ថ្ងៃចន្ទ, 14 កញ្ញា 2020 ម៉ោង 03:09 PM

សេចក្តីប្រកាស