ព័ត៌មាន

គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

2018-05-25 17:45:04 ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 12:45 AM
អ្នកមើល 5677
post_detail

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ថានឹងចូលរួមក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។​ 


ឯកឧត្តមបណ្ឌិត គិន ភា អ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល បានបញ្ជាក់ឱ្យដឹងថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលមិនបានជ្រួតជ្រាប និងយល់ឱ្យបានស៊ីជម្រៅអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលនឹងចូលរួមក្នុងការបោះឆ្នោត​ខាងមុខនេះទេ។ ប្រធានវិទ្យាស្ថានរូបនេះ ក៏បានបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងនឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «កម្មវិធីនយោបាយរបស់គណបក្សនយោបាយ» នានា ចំនួន​០៦លើកជាបន្តបន្ទាប់ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ តទៅរហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលរំដួល អាគារ A​ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញវាគ្មិន​ជា​តំណាង​នៃគណបក្សនយោបាយទាំងអស់​ មកបង្ហាញអំពីព័ត៌មាន​ទូទៅ​របស់​គណបក្ស​របស់​ខ្លួន ហើយនិងកម្មវិធីនយោបាយទូទៅរបស់គណបក្សនីមួយៗ ម​កពិភាក្សា​ដេញដោលគ្នា។ ក្នុង​នាមជា​អ្នក​រៀប​ចំ​កម្មវិធី និងជាអ្នកសម្របសម្រួលកិច្ចពិភាក្សាផងនោះ ឯកឧត្តម គិន ភា បាន​មានប្រសាសន៍ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមអាចមានសំណួរសួរទៅ​កាន់​តំណាង​គណបក្ស​នីមួយៗផងដែរ។ ការលើកឡើងនេះ គឺច្បាស់ណាស់ថា ការរៀបចំ​កម្មវិធី​កិច្ចពិភាក្សា​តុ​មូលកន្លងមកនៅរាជបណ្ឌិត្យសភាកម្ពុជា អ្នកចូលរួមអាចលើកជាសំណួរ​សួរ​ទៅ​កាន់​វាគ្មិន​ណាមួយដែលខ្លួនពេញចិត្ត។

ការរៀបចំកម្មវិធីនេះឡើងមានគោលបំណង៖

  • ផ្តល់ឱកាសស្មើៗគ្នាដល់គណបក្សនយោបាយទាំងអស់ ដែលចូលរួមបោះ​ឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងការបង្ហាញ និងពិភាក្សាដេញ​ដោលអំពីកម្មវិធីនយោបាយរបស់ខ្លួន។
  • ផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានចូលរួមស្តាប់ និង​សាក​សួរ​ដេញដោលអំពីកម្មវិធីនយោបាយសំខាន់របស់គណបក្សនានា ដែល​ចូល​រួម​បោះឆ្នោត។
  • ប្រមូលចងក្រងកម្មវិធីនយោបាយ និងការសន្យានយោបាយរបស់គណបក្ស​នយោបាយជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ ដើម្បីតាមដានការអនុវត្តការ​សន្យានយោបាយទាំងនោះនៅពេលជាប់ឆ្នោត។
  • ចូលរួមលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។​

រហូតមកទល់នឹងល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ ឯកឧត្តម គិន ភា បាន​ប្រាប់ឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលរាជបណ្ឌិត្យសភាកម្ពុជា​ បាន​ទាក់ទងអញ្ជើញនោះ មានគណបក្សនយោបាយ​មួយមិនអាចចូលរួមក្នុងពិភាក្សានេះ និងគណបក្សនយោបាយមួយទៀតមិនទាន់ឆ្លើយតប ដូច្នេះសូមគណបក្សនយោបាយទាំងអស់ ពិនិត្យកាលបរិច្ឆេទសម្រាប់កម្មវិធីបង្ហាញរបស់គណបក្សនយោបាយនានាដូចមានតារាងជូនភ្ជាប់ខាងលើបន្ថែមទៀត។
បើពិនិត្យឱ្យច្បាស់ទៅគណបក្សដែលមិនបានចូលរួមនោះគឺ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ (LDP) ចំណែក​គណបក្សខ្មែរឈប់ក្រ ក៏មិនមាន​ការឆ្លើយតប​ តែទោះយ៉ាងណាក៏ដោយ រាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមទុកថា គណបក្សនយោបាយនានា នឹងឆ្លៀតចាប់យកឱកាសដ៏កម្រ​នេះ ដើម្បីបង្ហាញជូនសាធារណជនពីគោលនយោបាយសំខាន់ៗរបស់ខ្លួន។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​កិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗ ដោយទទួលបានការគាំទ្រពីសំណាក់សាធារណជន និងអ្នកសារព័ត៌មានជាច្រើនផងដែរ។ នៅចាំបានថា កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ​ រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមរៀបចំកម្ម​វិ​ធី​កិច្ចពិភាក្សាតុមូលប្រភេទនេះ​យ៉ាង​ផុសផុល ដោយមានវត្តមានរបស់វាគ្មិនមកពីគណបក្សនយោបាយ និងអ្នកស្រាវជ្រាវ មកពិភាក្សាដេញដោលគ្នានៅលើវេទិកា និងបញ្ចប់ទៅដោយមានការសួរសំណួរជាច្រើនពីសំណាក់អ្នក​ចូលរួមជាសមាសភាពមកពីគ្រប់និន្នាការបក្សនយោបាយ មន្ត្រីរាជការ សិស្សនិស្សិត និង​ប្រជា​ពលរដ្ឋ​ជាច្រើនរូបផងដែរ៕

ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនពីការរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជា​នាពេលកន្លងមក៖




ព័ត៌មានដោយ សេង សុធា | RAC Media

អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM

សេចក្តីប្រកាស