Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួន ដើម្បីទទួលបានលាភសក្ការៈឬផ្ដល់/ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ដែលមិនអនុលោមទៅតាមច្បាប់ជាធរមាន។ ទោះបីជាគ្មាននិយមន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដី ក៏ប៉ុន្តែនៅពេលដែលលើកឡើងពីអំពើពុករលួយ ជាទូទៅ គេតែងតែនឹកទៅដល់ការរំលោភបំពានអំណាចសាធារណៈ ឬការប្រើប្រាស់មុខតំណែងសាធារណៈដើម្បីទទួលបានផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន សម្រាប់ក្រុមខ្លួន ឬអ្នកដែលជិតស្និទ្ធទៅនឹងបុគ្គលជាអ្នកកំពុងស្ថិតនៅក្នុងមុខតំណែង។
អំពើពុករលួយ ការប្រើប្រាស់អំណាចសាធារណៈដោយខុសច្បាប់ ដើម្បីផលប្រយោជន៍បុគ្គលឬក្រុមបក្ខពួកខ្លួន គឺជាបញ្ហាសង្គមរ៉ាំរ៉ៃនៅក្នុងប្រទេសមានការអនុវត្តច្បាប់នៅទន់ខ្សោយ ដែលបានបង្កផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ពិសេសរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិទាំងមូល។ បន្ថែមពីនេះ អំពើពុករលួយបានក្លាយទៅជាហេតុផលចម្បងមួយ ដែលនាំទៅដល់ការបាត់បង់ជំនឿជាក់ពីសំណាក់សាធារណជនទៅលើរបបដឹកនាំ ឬរដ្ឋាភិបាលនៃប្រទេសមួយ ប្រសិនបើមេដឹកនាំនៃប្រទេសនោះ មិនអាចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពទាន់ពេលវេលានោះទេ។ ជានិច្ចកាល អំពើពុករលួយបានក្លាយទៅជាឧបសគ្គដ៏ចម្បង នៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយសារតែវាបានរួមចំណែកបង្កឱ្យមានកង្វះខាតធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និង/ឬកង្វះយន្តការ/វិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងដោយស័ក្តិសិទ្ធិភាព នៅក្នុងការផ្ដល់សេវាសាធារណៈ និងការធានាបាននូវមូលដ្ឋានអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។
នៅក្នុងទិដ្ឋភាពសង្គម អំពើពុករលួយបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ តាមរយៈការបង្កើនការចំណាយ និងកាត់បន្ថយលទ្ធភាពរបស់ពលរដ្ឋនៅក្នុងការទទួលបានសេវានិងសិទ្ធិជាមូលដ្ឋាន ដូចជា សេវាសុខាភិបាល ការអប់រំ កម្មវិធីសង្គម ហេដ្ឋារចនាសម្ព័ន្ធ ការទទួលបាននូវយុត្តិធម៌ និងសិទ្ធិស្មើភាពក្នុងនាមជាពលរដ្ឋជាដើម។ បញ្ហាទាំងនេះ ជារឿងដែលមេដឹកនាំត្រូវតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ និងល្អិតល្អន់បំផុត ព្រោះអំពើពុករលួយ បានបង្កការគំរាមកំហែងដល់ការកសាងនិងការធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាចំណែកមិនអាចខ្វះបាននៅក្នុងអភិវឌ្ឍប្រទេសជាតិមួយ ហើយអំពើពុករលួយក៏ថែមទាំងបានរារាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការជំរុញវឌ្ឍនភាពនៃវិស័យនានាផងដែរ។ លើសពីនេះ ផលវិបាកសង្គមចម្បងពីរដែលបង្កឡើងដោយអំពើពុករលួយគឺ បញ្ហាអយុត្តិធម៌ និងវិសមភាពសង្គម (គម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រ រវាងអ្នកធំនិងអ្នកតូច) ពិតជាអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពសង្គម ពោលគឺនៅក្នុងករណីខ្លះ ផលវិបាកទាំងពីរនេះអាចបង្កទៅជាកំហឹងវណ្ណៈ ហើយត្រូវអ្នកនយោបាយឱកាសនិយមឬភាគីខាងក្រៅ រុញស្ថានការណ៍ឱ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ រហូតដល់មិនអាចគ្រប់គ្រងសភាពការណ៍បាន ដូចដែលបណ្ដាប្រទេសមួយចំនួនលើពិភពលោកបានជួបប្រទះ ពិសេសក្នុងប្រវត្តិសាស្ត្រសាកលលោកនៅក្នុងដំណាក់កាលដួលរលំនៃរបបស័ក្តិភូមិនៃបណ្ដាប្រទេសទាំងឡាយ។
គេក៏គួរតែទាញការចាប់អារម្មណ៍ផងដែរថា ភាពមានបាន និងស្ដុកស្ដម្ភរបស់មន្ត្រីជាន់ខ្ពស់ អ្នកមានអំណាចមួយចំនួននិងក្រុមមនុស្សជិតដិតនឹងពួកគេ ដែលសម្ញែងទៅកាន់មហាជន ពិសេសប្រជាជនមានកម្រិតជីវភាពទាបនិងមធ្យម មិនបានទទួលការអបអរសាទរ ឬស្ញប់ស្ញែងពីសំណាក់សាធារណជននោះទេ ប៉ុន្តែការសម្ញែងទាំងនេះអាចនឹងបង្កឱ្យមានចំណោទសួរត្រឡប់មកវិញ អំពីហេតុផលដែលនាំឱ្យមន្ត្រីជាន់ខ្ពស់និងអ្នកមានអំណាចព្រមទាំងអ្នកជិតដិតរបស់ពួកគេអាចមានបានស្ដុកស្ដម្ភទៅវិញ។ ស្ថិរភាពនិងភាពសុខដុមរមនានៃសង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម ហេតុនេះហើយ ការធានាឱ្យបាននូវការចុះសម្រុង និងសុខដុមនីយកម្មនឹងគ្នារវាងមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងសង្គម គឺជាការកសាងនូវមូលដ្ឋានអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច អំពើពុករលួយពិតជាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ការជំរុញដំណើរការសេដ្ឋកិច្ចនៃប្រទេសជាតិមួយ។ អំពើពុករលួយបាននាំមកនូវការបាត់បង់ថវិកាជាតិដ៏ច្រើនសន្ធឹកតាមរយៈការកេងបន្លំ និងការប្រមូលចំណូលដោយគ្មានតម្លាភាព គ្មានគណនេយ្យភាព និងគៃបន្លំយកថវិកាដាក់ចូលក្នុងហោប៉ៅបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ និងការសូកប៉ាន់ដែលធ្វើឡើងដោយភ្នាក់ងារប្រមូលចំណូលផ្ទាល់តែម្ដង។ បន្ថែមពីនេះ អំពើពុករលួយនិងការសូកប៉ាន់ បានបង្កើតជាទម្រង់នៃការបែងចែកធនធានរបស់រដ្ឋដោយគ្មានប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ព្រោះនៅពេលដែលអំពើពុករលួយកើតមានឡើង ការកេងបន្លំ និងការក្លែងព័ត៌មាន/ទិន្នន័យជាក់ស្ដែងនឹងកើតមានឡើងដូចគ្នា ដែលនាំឱ្យមានការវាយតម្លៃខុស និងដាក់ចេញនូវដំណោះស្រាយមិនសមស្របជាដើម។ ការណ៍នេះនឹងបណ្ដាលឱ្យការជំរុញមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលត្រូវឆ្លើយតបទៅនឹងបញ្ហាកំពុងកើតមាន ប្រឈមនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ ព្រោះធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដែលត្រូវបានប្រើប្រាស់ជាក់ស្ដែង មិនអាចសម្រេចយន្តការដែលបានបម្រុងទុក ឬគ្មានការចាត់វិធានការពិតប្រាកដ ដើម្បីឈានទៅសម្រេចគោលដៅសំខាន់ៗនៃគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។ នៅពេលដែលយន្តការនិងវិធានការគាំទ្រដល់គោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជាតិត្រូវបរាជ័យ ដំណោះស្រាយដែលបានដាក់ចេញទៅនឹងគ្មានប្រសិទ្ធភាព ឬមិនអាចជំរុញផលិតភាពសេដ្ឋកិច្ចបានឡើយ ហើយការណ៍នេះនឹងរារាំងទៅដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ជាមួយគ្នានេះ អំពើពុករលួយបានរារាំងវិនិយោគិនទាំងក្នុងស្រុក និងពីបរទេស នៅក្នុងការពិចារណាដាក់ទុនវិនិយោគនៅក្នុងប្រទេសមួយផងដែរ ព្រោះអំពើពុករលួយបង្កើតបរិយាកាសវិនិយោគឬពាណិជ្ជកម្មមួយដែលគ្មានភាពច្បាស់លាស់ មិនអាចធានាដំណើរការអាជីវកម្មដោយស្ថិរភាព នីតិវិធីចុះបញ្ជីវិនិយោគស្មុគស្មាញ កំណើនការិយាធិបតេយ្យ ព្រមទាំងរួមចំណែកនៅក្នុងការបង្កើនតម្លៃប្រតិបត្តិការនៃអាជីវកម្មជាដើម។ ការណ៍នេះនឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសមានការថយចុះ ហើយប្រទេសនោះ ក៏នឹងមិនអាចបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងផងដែរ។ នៅពេលដែលវិបត្តិការងារបានបន្តកើនឡើង តម្លៃទំនិញឡើងខ្ពស់ អំណាចទិញរបស់ពលរដ្ឋថយចុះ អាជីវកម្មនានានឹងត្រូវប្រឈមការបិទទ្វារ ហើយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនឹងកាន់តែធ្ងន់ធ្ងរឡើងៗ។
បន្ថែមពីនេះ វិធានការលើកទឹកចិត្តនានារបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ អាចនឹងអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទៅលើតួអង្គដែលជាអ្នកអនុវត្តផ្ទាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកអនុវត្តផ្ទាល់មិនមានសមត្ថភាពគ្រប់គ្រាន់ (ដោយសារទទួលបានតួនាទីតាមរយៈអំពើពុករលួយ) ឬអនុវត្តមិនមានប្រសិទ្ធភាពឬមិនបានអនុវត្តតែម្ដង ដោយសារតែអំពើពុករលួយ នោះវិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាល ពិតជាមិនអាចទទួលជោគជ័យនោះឡើយ។
នៅក្នុងទិដ្ឋភាពអភិបាលកិច្ចសង្គម អំពើពុករលួយបានធ្វើឱ្យដំណើរការប្រព្រឹត្តទៅនៃស្ថាប័នរដ្ឋត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ តាមរយៈការធ្លាក់ចុះប្រសិទ្ធភាពនៃការបំពេញមុខងារ ការបាត់បង់សុចរិតភាពរបស់ក្រសួងស្ថាប័នរដ្ឋ ដែលជាសេនាធិការរបស់រដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយឬយុទ្ធសាស្ត្រឬកម្មវិធីសង្គមសំខាន់ៗ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ រាប់ចាប់តាំងពីការចាត់តាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នរហូតដល់ការជ្រើសរើសមន្ត្រីរាជការ ឬបុគ្គលិកដែលមានអាណត្តិបំពេញការងារនៅក្នុងក្រសួងស្ថាប័ននានា អំពើពុករលួយនិងបក្ខពួកនិយម បានរារាំងដល់ការចាត់តាំងឬជ្រើសរើសបុគ្គលដែលមានលក្ខណៈសម្បត្តិសមស្រប និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតួនាទី ដែលត្រូវឆ្លើយតបទៅនឹងសភាពការណ៍ ឬបញ្ហាដែលកំពុងតែកើតមានឡើង។ ការណ៍នេះទាក់ទងទៅដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តខាងគោលនយោបាយ និង/ឬសមត្ថភាពនៃការបំពេញមុខងាររបស់មន្ត្រីឬបុគ្គលិក ដែលត្រូវប្រតិបត្តិផ្ទាល់ជាមួយនឹងការងារ ឬត្រូវដោះស្រាយបញ្ហាជាក់លាក់ក្នុងមុខនាទីរបស់ពួកគេ។
បន្ថែមពីលើនេះ អំពើពុករលួយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គណនេយ្យភាព របស់ក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាមន្ត្រីរាជការសាធារណៈផងដែរ ព្រោះអំពើពុករលួយនឹងបង្កើតទៅជាវប្បធម៌និទណ្ឌភាព ដែលមន្ត្រីនឹងបំពេញការងារដោយគ្មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដោយសារតែការសម្អាងទៅលើការអន្តរាគមន៍ពីអ្នកនៅពីក្រោយខ្នង ឋានៈសង្គម ឬប្រាក់កាសដែលពួកគេស្វែងរកមកបានដោយសុចរិតឬដោយទុច្ចរឹតក្ដី។ លើសពីនេះ តាមរយៈវិសមភាព និងភាពអយុត្តិធម៌នៅក្រសួងស្ថាប័នឬអង្គភាព ដែលកើតឡើងចេញពីអំពើពុករលួយនិងបក្ខពួកនិយម ក៏នឹងបង្កទៅជាបាតុភាពអសកម្មផ្សេងបន្ថែមទៀត នៅពេលដែលអ្នកខិតខំប្រឹងប្រែងបំពេញការងារ មិនត្រូវបានលើកទឹកចិត្ត ឬមិនត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយគេបែរជាផ្ដោតការយកចិត្តទុកដាក់ឬលើកតម្កើងតែក្រុមបក្ខពួកខ្លួន ឬអ្នកសូកប៉ាន់ខ្លួនទៅវិញនោះ។
ជារួម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គមជាតិមួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជំរុញការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងនិរន្តរភាព ព្រោះការកាត់បន្ថយ ឬឈានទៅលុបបំបាត់បាននូវអំពើពុករលួយនៅក្នុងសង្គម នឹងធានាបាននូវការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍប្រទេស, អាចបែងចែកធនធានរបស់រដ្ឋទៅក្នុងវិស័យនានាបានដោយពេញលេញនិងត្រឹមត្រូវដើម្បីជំរុញប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអភិវឌ្ឍតាមវិស័យនានា, ធានាបាននូវយុត្តិធម៌សង្គម ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម, បង្កបរិយាកាសបើកទូលាយចំពោះការចូលរួមចំណែកអភិវឌ្ឍសង្គមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងពីគ្រប់មជ្ឈដ្ឋាន និងឈានទៅពន្លឿនការអភិវឌ្ឍប្រទេស ស្របតាមចក្ខុវិស័យនិងទស្សនវិស័យដែលត្រឹមត្រូវ។ ទោះជាយ៉ាងណា ដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានឆន្ទៈនយោបាយយ៉ាងមុតមាំ ពីសំណាក់ថ្នាក់ដឹកនាំនិងអ្នកនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់អង្គភាពឬភ្នាក់ងារអនុវត្តនៃប្រទេសនោះ, ការរៀបចំពង្រឹងការអនុវត្តច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងសុចរិតភាព, ការបណ្ដុះផ្នត់គំនិតរបស់មហាជននិងមន្ត្រីរាជការ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការអប់រំជាប្រព័ន្ធជាក់លាក់និងដោយចីរភាព និងការបើកទូលាយឱ្យមានការចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពីគ្រប់មជ្ឈដ្ឋានទាំងអស់៕
(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...