ព័ត៌មាន

តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច?

2024-10-11 09:05:25 ថ្ងៃសុក្រ, 11 តុលា 2024 ម៉ោង 04:05 PM
អ្នកមើល 2480
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

          អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នក​នយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួន ដើម្បីទទួល​បាន​​លាភ​សក្ការៈឬផ្ដល់/ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ដែលមិនអនុលោមទៅតាម​ច្បាប់​ជា​ធរមាន។ ទោះ​បី​ជាគ្មាននិយម​ន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដី ក៏ប៉ុន្តែ​នៅ​ពេល​ដែលលើក​ឡើងពីអំពើពុករលួយ ជាទូទៅ គេតែងតែនឹកទៅដល់ការរំលោភ​បំពាន​​អំណាច​សាធារណៈ ឬការប្រើប្រាស់មុខតំណែងសាធារណៈ​ដើម្បីទទួលបានផល​ប្រយោជន៍បុគ្គល​ផ្ទាល់ខ្លួន សម្រាប់ក្រុម​ខ្លួន ឬអ្នកដែលជិត​ស្និទ្ធទៅនឹងបុគ្គលជាអ្នកកំពុងស្ថិតនៅក្នុងមុខ​តំណែង​។

          អំពើពុករលួយ ការប្រើប្រាស់អំណាចសាធារណៈដោយខុសច្បាប់ ដើម្បីផល​ប្រយោជន៍​បុគ្គលឬក្រុមបក្ខពួកខ្លួន គឺ​ជាបញ្ហាសង្គមរ៉ាំរ៉ៃនៅក្នុងប្រទេសមានការអនុវត្តច្បាប់​នៅ​ទន់​ខ្សោយ ដែលបានបង្កផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ពិសេស​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេសជាតិទាំងមូល។ បន្ថែមពីនេះ អំពើពុករលួយបានក្លាយទៅជា​ហេតុ​ផល​ចម្បង​មួយ ដែល​នាំ​ទៅដល់ការបាត់បង់​ជំនឿ​ជាក់​ពី​​សំណាក់សាធារណ​ជនទៅ​លើ​របប​ដឹក​នាំ ឬរដ្ឋាភិ​បាល​នៃ​ប្រទេសមួយ ប្រសិន​បើមេដឹក​នាំ​នៃ​​ប្រទេស​នោះ មិនអាច​ចាត់​វិធានការ​ឱ្យបានម៉ឺង​ម៉ាត់ និងមានប្រសិទ្ធភាពទាន់ពេលវេលានោះទេ។ ជានិច្ច​កាល អំពើពុករលួយ​បាន​ក្លាយ​ទៅជា​ឧបសគ្គ​ដ៏ចម្បង នៅក្នុងដំណើរការ​អភិវឌ្ឍ​ប្រទេស​​ជាតិ ដោយសារតែវា​បានរួម​ចំណែកបង្កឱ្យមានកង្វះខាតធនធាន​មនុស្ស​ ធនធាន​ហិរញ្ញ​វត្ថុ និង/​ឬកង្វះ​យន្តការ/វិធានការ​អនុវត្ត​​ប្រកបដោយប្រសិទ្ធភាពនិងដោយស័ក្តិ​សិទ្ធិ​ភាព នៅ​ក្នុង​ការ​ផ្ដល់សេវា​សាធារណៈ​ និង​ការធានា​បាននូវមូលដ្ឋានអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។

          នៅក្នុងទិដ្ឋភាពសង្គម អំពើពុករលួយ​បង្ក​ហានិភ័យយ៉ាងធ្ងន់ធ្ងរទៅ​ដល់ប្រជាពល​រដ្ឋ​ក្រី​ក្រ និងក្រុមជន​ងាយ​រង​គ្រោះ តាមរយៈការបង្កើនការចំណាយ និងកាត់បន្ថយលទ្ធ​ភាព​របស់​​ពលរដ្ឋនៅក្នុងការ​ទទួល​​បាន​សេវានិងសិទ្ធិជាមូលដ្ឋាន ដូចជា សេវាសុខាភិបាល ការ​អប់រំ កម្ម​វិធី​សង្គម ហេដ្ឋារចនាសម្ព័ន្ធ ការ​ទទួល​បាននូវ​យុត្តិ​ធម៌ និងសិទ្ធិស្មើភាពក្នុងនាមជា​ពល​រដ្ឋ​ជា​ដើម។      បញ្ហាទាំងនេះ ជា​រឿង​ដែលមេដឹកនាំ​ត្រូវ​តែ​យកចិត្តទុកដាក់ឱ្យបាន​ហ្មត់ចត់ និង​ល្អិត​ល្អន់បំផុត ព្រោះអំពើពុករលួយ បានបង្កការគំរាមកំហែងដល់​ការកសាង​និងការ​ធានា​បាននូវធនធាន​មនុស្សប្រកបដោយគុណភាព ដែលជាចំណែកមិនអាចខ្វះ​បាន​នៅក្នុង​អភិវឌ្ឍប្រទេសជាតិមួយ ហើយអំពើពុករលួយក៏ថែមទាំងបានរារាំងការចូលរួម​របស់ប្រជាពលរដ្ឋនៅក្នុងការជំរុញ​​វឌ្ឍនភាពនៃ​វិស័យនានាផងដែរ។ លើសពីនេះ ផល​វិបាក​សង្គមចម្បងពីរដែលបង្ក​ឡើង​ដោយ​អំពើពុករលួយគឺ បញ្ហា​អយុត្តិ​ធម៌ និង​វិសមភាព​សង្គម (គម្លាតដ៏ធំរវាងអ្នកមាននិង​អ្នក​ក្រ រវាងអ្នកធំ​និង​​អ្នកតូច) ពិតជាអាច​ជះឥទ្ធិពល​អវិជ្ជ​មានដល់ស្ថិរភាពសង្គម ពោលគឺ​នៅក្នុង​ករណី​ខ្លះ ផលវិបាក​ទាំង​ពីរ​នេះ​អាចបង្ក​ទៅជា​កំហឹង​វណ្ណៈ​ ហើយត្រូវ​អ្នក​នយោបាយ​ឱកាសនិយមឬ​ភាគី​ខាង​ក្រៅ រុញស្ថាន​ការណ៍​ឱ្យ​ធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ រហូត​ដល់មិន​អាច​គ្រប់គ្រង​សភាព​ការណ៍​បាន ដូចដែល​បណ្ដា​ប្រទេស​​​មួយ​ចំនួនលើពិភព​លោក​បានជួប​ប្រទះ ពិសេសក្នុង​ប្រវត្តិ​សាស្ត្រ​​សាកលលោកនៅ​ក្នុង​​ដំណាក់​កាលដួលរលំនៃរបប​ស័ក្តិ​ភូមិ​នៃ​បណ្ដា​ប្រទេសទាំង​ឡាយ។

          គេក៏​គួរ​តែ​ទាញការចាប់អារម្មណ៍ផងដែរថា ភាពមានបាន និងស្ដុកស្ដម្ភ​របស់មន្ត្រី​ជាន់​ខ្ពស់ អ្នក​មាន​អំណាច​មួយចំនួននិងក្រុមមនុស្សជិតដិតនឹងពួកគេ ដែល​សម្ញែងទៅកាន់​មហាជន ពិសេសប្រជាជន​មាន​កម្រិត​ជីវភាពទាប​និង​មធ្យម មិនបានទទួលការអបអរសាទរ ឬស្ញប់ស្ញែងពី​សំណាក់​សាធារណជន​​នោះទេ ប៉ុន្តែការសម្ញែងទាំងនេះអាច​នឹងបង្កឱ្យមាន​ចំណោទ​សួរ​ត្រឡប់​មក​វិញ អំពី​ហេតុ​ផលដែលនាំ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់និងអ្នកមាន​អំណាច​ព្រម​​ទាំងអ្នកជិត​ដិតរបស់ពួកគេអាចមានបានស្ដុកស្ដម្ភទៅវិញ។ ស្ថិរភាពនិងភាពសុខដុម​រមនា​នៃ​សង្គម គឺជា​ចំណែក​មួយ​មិនអាចខ្វះ​បាននៅក្នុង​ដំណើរ​ការ​អភិវឌ្ឍសង្គម ហេតុនេះ​ហើយ ការធានា​ឱ្យ​បាន​នូវ​ការ​ចុះសម្រុង និង​សុខ​ដុម​នីយកម្មនឹងគ្នារវាង​មនុស្សគ្រប់ស្រទាប់​វណ្ណៈទាំងអស់នៅ​ក្នុង​សង្គម គឺជាការកសាង​នូវ​មូល​ដ្ឋានអភិវឌ្ឍប្រកបដោយនិរន្តរភាព។

          សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច អំពើពុករលួយពិតជាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង​ទៅដល់ការជំរុញដំណើរការសេដ្ឋកិច្ចនៃប្រទេសជាតិមួយ។ អំពើពុករលួយបាននាំមក​នូវ​ការបាត់បង់ថវិកាជាតិដ៏ច្រើនសន្ធឹកតាមរយៈការកេងបន្លំ និងការប្រមូលចំណូលដោយគ្មានតម្លាភាព គ្មានគណនេយ្យភាព និងគៃបន្លំយកថវិកាដាក់ចូលក្នុងហោប៉ៅបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ និងការសូកប៉ាន់ដែលធ្វើឡើងដោយភ្នាក់ងារប្រមូលចំណូលផ្ទាល់តែម្ដង។ បន្ថែមពីនេះ អំពើពុករលួយនិងការសូកប៉ាន់ បានបង្កើតជាទម្រង់​នៃការ​បែងចែក​ធនធានរបស់រដ្ឋដោយ​គ្មាន​ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ព្រោះនៅ​ពេលដែលអំពើពុក​រលួយកើត​មានឡើង ការកេងបន្លំ និងការ​ក្លែងព័ត៌មាន/​ទិន្នន័យ​ជាក់​ស្ដែង​នឹងកើតមានឡើង​ដូចគ្នា ដែលនាំឱ្យមានការវាយតម្លៃខុស និងដាក់ចេញនូវ​ដំណោះ​ស្រាយ​មិនសមស្របជាដើម។ ការណ៍នេះ​នឹង​បណ្ដាលឱ្យការជំរុញមូលដ្ឋានអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រទេស ដែលត្រូវ​ឆ្លើយ​តបទៅ​នឹង​បញ្ហា​កំពុង​​កើតមាន ​ប្រឈម​នឹង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ព្រោះធនធានមនុស្ស និង​ធនធានហិរញ្ញវត្ថុ​​ដែល​ត្រូវ​បាន​ប្រើប្រាស់ជាក់ស្ដែង មិន​អាច​សម្រេច​យន្តការដែលបានបម្រុងទុក ឬគ្មានការ​ចាត់​វិធាន​ការ​ពិតប្រាកដ ដើម្បី​ឈានទៅ​សម្រេច​គោលដៅសំខាន់​ៗនៃគោល​នយោបាយ ឬ​យុទ្ធ​សាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច​សង្គមជា​ដើម។ នៅពេលដែល​យន្ត​ការនិងវិធានការ​គាំទ្រដល់​គោល​នយោបាយ​​ឬ​យុទ្ធ​សាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ចជាតិត្រូវបរាជ័យ ដំណោះ​ស្រាយ​ដែលបាន​ដាក់​ចេញ​ទៅ​នឹងគ្មាន​ប្រសិទ្ធ​ភាព ឬ​មិនអាចជំរុញផលិតភាពសេដ្ឋកិច្ចបានឡើយ ហើយការណ៍​នេះនឹងរា​រាំងទៅ​ដល់ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

          ជាមួយគ្នានេះ អំពើពុករលួយបានរារាំង​វិនិយោគិន​ទាំងក្នុង​ស្រុក និងពី​បរទេស នៅ​ក្នុង​ការពិចារណាដាក់ទុនវិនិយោគនៅក្នុង​ប្រទេសមួយផងដែរ ព្រោះ​អំពើពុករលួយ​បង្កើត​បរិយាកាសវិនិយោគឬ​ពាណិជ្ជកម្មមួយ​ដែល​គ្មានភាព​ច្បាស់​លាស់ មិនអាចធានា​ដំណើរ​ការ​អាជីវ​កម្មដោយ​ស្ថិរភាព នីតិវិធីចុះបញ្ជីវិនិយោគស្មុគស្មាញ កំណើនការិយា​ធិប​តេយ្យ ព្រម​ទាំងរួមចំណែកនៅក្នុងការបង្កើនតម្លៃប្រតិបត្តិ​ការនៃអាជីវកម្មជាដើម។ ការណ៍​នេះនឹង​ធ្វើឱ្យសកម្មភាព​សេដ្ឋ​កិច្ចនៅក្នុង​ប្រទេសមានការ​ថយចុះ ​ហើយ​ប្រទេសនោះ ក៏នឹង​មិនអាច​បង្កើន​​ឱកាស​​ការងារដល់ប្រជាពលរដ្ឋ​របស់​ខ្លួន ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវការជាក់​ស្ដែង​ផង​ដែរ។ នៅពេល​ដែលវិបត្តិការងារបានបន្តកើនឡើង តម្លៃទំនិញឡើងខ្ពស់ អំណាច​ទិញរបស់ពលរដ្ឋថយចុះ អាជីវកម្មនានានឹងត្រូវប្រឈម​ការបិទទ្វារ ហើយផលប៉ះពាល់​ទៅលើសេដ្ឋកិច្ច​នឹងកាន់​តែ​ធ្ងន់​ធ្ងរឡើងៗ។

          បន្ថែមពីនេះ វិធានការលើកទឹកចិត្តនានារបស់​រដ្ឋាភិបាល ​ដើម្បី​ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​នេះ អាច​នឹង​អនុវត្តទៅបានប្រកបដោយ​ប្រសិទ្ធភាព គឺ​អាស្រ័យទៅលើតួអង្គដែល​ជាអ្នក​អនុវត្ត​ផ្ទាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកអនុវត្តផ្ទាល់មិនមានសមត្ថភាពគ្រប់គ្រាន់ (ដោយ​សារទទួល​បាន​តួនាទីតាមរយៈ​អំពើពុករលួយ) ឬអនុវត្តមិនមានប្រសិទ្ធភាព​ឬមិន​បានអនុវត្តតែម្ដង ដោយ​សារតែអំពើពុក​រលួយ នោះវិធានការដែលបានដាក់ចេញដោយ​រដ្ឋាភិបាល ពិតជា​មិនអាចទទួលជោគជ័យនោះឡើយ។

          នៅក្នុងទិដ្ឋភាពអភិបាលកិច្ចសង្គម អំពើពុករលួយបានធ្វើឱ្យដំណើរការប្រព្រឹត្តទៅ​នៃ​ស្ថាប័នរដ្ឋត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ តាមរយៈការធ្លាក់ចុះប្រសិទ្ធភាពនៃការបំពេញ​មុខ​ងារ ការបាត់បង់សុចរិតភាពរបស់ក្រសួងស្ថាប័នរដ្ឋ ដែលជាសេនាធិការរបស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​អនុវត្តគោលនយោបាយឬយុទ្ធសាស្ត្រឬកម្មវិធីសង្គមសំខាន់ៗ ដើម្បីដោះស្រាយ​បញ្ហានានានៅក្នុងសង្គម និង​ការ​ផ្តល់​សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ រាប់ចាប់តាំងពី​ការចាត់តាំងថ្នាក់ដឹកនាំក្រសួង​ស្ថាប័ន​រហូត​ដល់ការជ្រើសរើសមន្ត្រីរាជការ ឬបុគ្គលិកដែល​មានអាណត្តិបំពេញការងារ​នៅ​ក្នុង​ក្រសួងស្ថាប័ននានា អំពើពុក​រលួយ​និងបក្ខពួកនិយម បានរារាំងដល់ការចាត់តាំងឬ​ជ្រើស​រើស​បុគ្គលដែលមានលក្ខណៈ​សម្បត្តិសមស្រប និងមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​បំពេញ​​តួនាទី ដែលត្រូវឆ្លើយតបទៅនឹងសភាពការណ៍ ឬបញ្ហា​ដែល​កំពុងតែកើតមាន​ឡើង។ ការណ៍នេះទាក់ទងទៅដល់ប្រសិទ្ធភាពនៃការសម្រេចចិត្ត​ខាង​គោលនយោបាយ និង/ឬ​សមត្ថ​ភាព​នៃ​ការបំពេញមុខងាររបស់មន្ត្រីឬបុគ្គលិក ដែល​ត្រូវ​ប្រតិបត្តិផ្ទាល់ជាមួយ​នឹង​ការ​ងារ ឬត្រូវ​ដោះស្រាយបញ្ហាជាក់លាក់ក្នុងមុខនាទី​របស់​ពួក​គេ។

          បន្ថែមពីលើនេះ អំពើពុករលួយបានជះឥទ្ធិពលយ៉ាង​ធ្ងន់​ធ្ងរ​ដល់គណនេយ្យភាព របស់ក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាមន្ត្រីរាជការ​សាធារណៈផងដែរ ព្រោះអំពើ​ពុក​រលួយ​នឹង​បង្កើត​ទៅជាវប្បធម៌និទណ្ឌភាព ដែលមន្ត្រីនឹង​បំពេញ​ការងារដោយគ្មាន​ទំនួល​​ខុសត្រូវ​ចំពោះសកម្មភាពរបស់ពួកគេ ដោយសារតែការសម្អាងទៅ​លើការអន្តរាគមន៍ពីអ្នកនៅពី​ក្រោយ​ខ្នង ឋានៈសង្គម ឬប្រាក់កាសដែលពួកគេស្វែងរកមក​បានដោយសុចរិតឬ​ដោយ​ទុច្ច​រឹតក្ដី។ លើស​ពី​នេះ តាមរយៈវិសមភាព និងភាពអយុត្តិធម៌នៅក្រសួងស្ថាប័នឬអង្គភាព ដែល​កើតឡើង​ចេញពីអំពើពុករលួយនិងបក្ខពួកនិយម ក៏នឹងបង្ក​ទៅជាបាតុភាព​អសកម្ម​ផ្សេងបន្ថែមទៀត នៅពេលដែលអ្នកខិតខំប្រឹងប្រែងបំពេញការងារ មិនត្រូវបានលើក​ទឹក​ចិត្ត ឬមិន​ត្រូវបាន​យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយគេបែរជា​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់ឬលើកតម្កើង​តែក្រុមបក្ខពួកខ្លួន ឬអ្នកសូកប៉ាន់​ខ្លួន​ទៅ​វិញ​នោះ។

          ជារួម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គមជាតិមួយ ពិតជាមាន​សារៈ​សំខាន់ខ្លាំងណាស់ ដើម្បីជំរុញការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងនិរន្តរ​ភាព ព្រោះការ​កាត់​បន្ថយ ឬឈានទៅលុបបំបាត់បាននូវអំពើពុករលួយនៅក្នុងសង្គម នឹងធានា​បាននូវការ​កសាងនូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានដ៏ចម្បង​ក្នុង​ការអភិវឌ្ឍ​ប្រទេស, អាចបែងចែកធនធានរបស់រដ្ឋទៅក្នុងវិស័យនានាបានដោយពេញលេញ​និងត្រឹម​ត្រូវ​ដើម្បីជំរុញប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអភិវឌ្ឍតាមវិស័យនានា, ធានាបាននូវ​យុត្តិ​ធម៌សង្គម ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម, បង្កបរិយាកាសបើកទូលាយចំពោះការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងពីគ្រប់មជ្ឈដ្ឋាន និង​ឈានទៅ​ពន្លឿនការអភិវឌ្ឍប្រទេស ស្របតាមចក្ខុវិស័យ​និង​ទស្សន​វិស័យ​ដែល​ត្រឹម​ត្រូវ។ ទោះជា​យ៉ាង​ណា ដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកប​ដោយ​ប្រសិទ្ធ​ភាព ទាម​ទារ​ឱ្យមានឆន្ទៈនយោ​បាយយ៉ាងមុតមាំ ពីសំណាក់​ថ្នាក់ដឹកនាំ​និង​អ្នក​នយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់អង្គភាពឬ​ភ្នាក់ងារអនុវត្តនៃ​ប្រទេស​នោះ, ការរៀបចំពង្រឹងការអនុវត្តច្បាប់ប្រកប​ដោយភាពម៉ឺង​ម៉ាត់ តម្លាភាព និងសុចរិតភាព, ការបណ្ដុះផ្នត់គំនិតរបស់មហាជននិងមន្ត្រីរាជការ ​អំពីការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុក​រលួយ​តាម​រយៈការអប់រំជាប្រព័ន្ធជាក់លាក់និងដោយចីរភាព និង​ការបើក​ទូលាយ​ឱ្យ​មាន​ការចូល​រួម​ចំណែកនៅក្នុងការប្រយុទ្ធប្រឆាំង​នឹង​អំពើពុក​រលួយ​ពី​គ្រប់​មជ្ឈដ្ឋាន​​ទាំង​អស់៕

(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

អត្ថបទទាក់ទង

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់

សេចក្តី​ជូន​ដំណឹង៖​ ស្តីពី​ការ​កែសម្រួល​ខ្សែ​រត់​រថយន្ត​ក្រុង​ចាស់​ និង​បន្ថែម​បណ្ដាញ​ខ្សែ​រត់​ថ្មី​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​(City Bus) រាជធានីភ្នំពេញ​។ស្វែងយល់ពីស្លាកសំគាល់រ...

2018-10-02 03:07:52   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:07 AM
«ជក់បារីក្នុងហាងនឹងត្រូវពិន័យ២ម៉ឺនរៀល ឯម្ចាស់ហាង៤ម៉ឺនរៀល...»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការក...

2018-09-30 14:34:26   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:34 PM
«ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​នៅ​កំពង់ឆ្នាំង នឹង​ត្រូវ​បម្លាស់​​ទី​ឡើង​​គោកវិញ​ឱ្យ​អស់ ត្រឹម​ចុង​ឆ្នាំ​នេះនៅថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ២០១៨ ខាងមុខ​នេះ...»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំងនឹង​ចាប់ផ្តើម​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ ជិត​១ពាន់គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើ​គោកវិញ​ឱ្យ​អស់​​ត្រឹម...

2018-09-30 14:19:49   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:19 PM
«រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញ​​កសិករ​ចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារ ស្រប​តាមទីផ្សារអន្តរជាតិ»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨(កំពង់ធំ)​៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ ​លោក វេង សាខុន រដ្ឋមន្...

2018-09-30 14:12:01   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:12 PM
«ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...

2018-09-30 07:22:35   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:22 PM
«ក្រសួង​សេដ្ឋកិច្ច ពុំទាន់​ពិភាក្សា​យន្តការ និង​ការកំណត់​លើ​ពន្ធ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និ​ចក្នុងស្រុកទេ»

​ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុំទាន់បាន​ពិភាក្សា​ទៅលើ​យន្តការ ឬ​កំណត់​ពេលវេលា​ក្នុងការ​ប្រមូល​ពន្ធ លើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​(Online)​ក្នុងស្រុក​ទេ​...

2018-09-30 07:04:20   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:04 PM

សេចក្តីប្រកាស