ព័ត៌មាន

ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ

2024-10-10 14:59:42 ថ្ងៃព្រហស្បតិ៍, 10 តុលា 2024 ម៉ោង 09:59 PM
អ្នកមើល 3864
post_detail1

ដោយ៖ បណ្ឌិត គិន ភា

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។ សារព័ត៌មាននេះបានគូសបញ្ជាក់ថា ក្តីបារម្ភដូចនេះរបស់ថៃគឺដោយសារតែទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាមានចម្ងាយប្រហែលតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ផែកងទ័ពជើងទឹករបស់ថៃមួយមានឈ្មោះ«សាតាហីប» ហើយតាមរយៈមូលដ្ឋានទ័ពរាមរបស់កម្ពុជា ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងបន្ថែមក្នុងតំបន់អាស៊ី ពិសេសអាចក្តោបក្តាប់ដែនសមុទ្រចិនខាងត្បូង ដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន។

ការព្រួយបារម្ភរបស់ថៃ ជាការព្រួយបារម្ភជ្រុលហួសហេតុបើធៀបទៅនឹងតថភាពជាក់ស្ដែងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា។ ការបារម្ភនេះជាការបារម្ភដែលបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ ដើម្បីបង្ហាញថាខ្លួនមានជំហរគាំទ្រអាម៉េរិកនិងបស្ចិមប្រទេស ខណៈដែលការសម្ដែងការព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ពីសំណាក់សហរដ្ឋអាម៉េរិក និងបស្ចិមប្រទេស គឺមានគោលបំណងពិតប្រាកដដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិនក្នុងតំបន់ ទាំងឥទ្ធិពលនយោបាយ ការទូត សន្តិសុខ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការសម្ដែងការព្រួយបារម្ភរបស់អាម៉េរិកនិងសម្ព័ន្ធមិត្ត ចំពោះវត្តមានកងទ័ពចិននៅកម្ពុជានេះ គឺជាការផ្ញើសារទៅកាន់ចិនថា ចិនមិនអាចបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់បានទេ ទោះបីជានៅប្រទេសណាក៏ដោយ។

ការសម្ដែងការព្រួយបារម្ភរបស់ថៃ ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតក្ដី នៅជុំវិញមូលដ្ឋានកងទ័ពជើងទឹករាមរបស់ប្រទេសកម្ពុជា គឺគ្រាន់តែជាលេសដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍសមត្ថភាពការពារជាតិផង និងដើម្បីបង្ហាញថាខ្លួនមានជំហររួមជាមួយនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសផង នៅក្នុងល្បែងសន្តិសុខភូមិសាស្ត្រនយោបាយ។

ជាការពិតណាស់ ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម គឺជាសិទ្ធិផ្ដាច់មុខរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យពេញលេញមួយ។ កម្ពុជាមានតម្រូវការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួន ដែលមិនមែនជាការត្រៀមធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ តែកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួនដើម្បីប្រឈមចំពោះលការឈ្លានពាន ឬការរំលោភបំពានណាមួយមកលើបូរណភាពទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសជំហរយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាររួចមកហើយ អំពីករណីដាក់ការសង្ស័យពីសំណាក់បណ្ដាប្រទេសនានា ពិសេសសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសនេះ។ ម្យ៉ាងវិញទៀត នៅក្រោមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រះរាជាណាចក្រកម្ពុជាអនុវត្តនូវគោលនយោបាយការបរទេសប្រកបដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសទាំងអស់ ទាំងក្នុងតំបន់និងពិភពលោក។

ប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ហេតុនេះហើយ កម្ពុជាតែងតែផ្ដល់សារៈសំខាន់ និងអាទិភាពខ្ពស់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួនគឺ សន្តិភាព ស្ថិរភាព និងវិបុលភាព ទាំងនៅក្នុងក្របខណ្ឌក្នុងប្រទេស តំបន់ និងនៅក្នុងពិភពលោក។ ប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្ឡួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីបរទេសផងដែរ។

កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានបញ្ជាក់ជំហរជាផ្លូវការរបស់ខ្លួនជុំវិញការដាក់ការសង្ស័យ ក៏ដូចជាការសម្ដែងការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកការទូត និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅកាន់តំបន់មូលដ្ឋានកងទ័ពជើងទឹករាមនេះផងដែរ។ បន្ថែមពីលើនេះ កម្ពុជាក៏ថែមទាំងបានអនុញ្ញាតឱ្យនាវាចម្បាំងកងទ័ពបរទេសចូលចត និងធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះថែមទៀតផង។ ​នៅលើពិភពលោកនេះ តើប្រទេសណាខ្លះដែលអនុញ្ញាតឱ្យបរទេសចេញចូលធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធារបស់ខ្លួនប្រៀបបីដូចជារោងល្ខោន ដូចជាប្រទេសកម្ពុជានោះ?

ក្នុងនាមជារដ្ឋសន្តិភាពនិយម កម្ពុជាមិនដែលសម្ដែងការព្រួយបារម្ភ ឬក៏ប្រតិកម្មទៅនឹងប្រទេសជិតខាងណាមួយ ឬប្រទេសក្នុងតំបន់ណាមួយ នៅពេលដែលប្រទេសទាំងនោះអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ពួកគេនោះទេ លើកលែងតែការអភិវឌ្ឍសមត្ថភាពយោធានោះ មានលក្ខណៈផ្ទុយទៅនឹងសន្ធិសញ្ញាអន្តរជាតិ ឬធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាឧទាហរណ៍ប្រសិនបើប្រទេសណាមួយក្នុងតំបន់ មានបំណងសាកល្បងកសាងសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ឬដាក់គោលដៅផលិតអាវុធនុយក្លេអ៊ែរ ឬត្រូវបានមហាអំណាចណាមួយបំពាក់អាវុធនុយក្លេអ៊ែរ នោះកម្ពុជាអាចនឹងចេញមុខប្រតិកម្មប្រឆាំងដាច់ខាត ព្រោះវាផ្ទុយទៅនឹងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

RAC Medi | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM

សេចក្តីប្រកាស