ព័ត៌មាន

«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ

2024-10-08 03:13:15 ថ្ងៃអង្គារ, 08 តុលា 2024 ម៉ោង 10:13 AM
អ្នកមើល 2705
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាអង្គកឋិនទានផ្ដួចផ្ដើមគំនិតដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានការចូលរួមដង្ហែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទានខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា កំណត់ឈ្មោះថាជា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» គឺជាអង្គកឋិនទានដ៏ធំជាងគេជាលើកដំបូង ដែលផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់កម្ពុជា។

«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ធ្វើឡើងដោយផ្អែកលើទិដ្ឋភាពសង្គម សាសនា និងប្រវត្តិសាស្ត្រ ហើយក៏បង្ហាញពីភាពជាអ្នកជិតខាងល្អ ពិសេសការរក្សាឈាមជ័រជាជាតិខ្មែរតែមួយ៖

+ ទិដ្ឋភាពសង្គម និងសាសនា

កម្ពុជាក្រោម គឺជាដែនដីដែលមានប្រជាពលរដ្ឋដើមកំណើតខ្មែររស់នៅជាច្រើនតំណនិងជំនាន់ ដោយរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវការប្រតិបត្តិព្រះពុទ្ធសាសនារបៀបខ្មែរ (មា​នពិធីបុណ្យប្រពៃណីទំនៀមទម្លាប់បែបខ្មែរលាយឡំចម្រុះគ្នានឹងពិធីបុណ្យពុទ្ធសាសនា) តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ដូចប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នផងដែរ។ នៅទីនោះ មានការរៀបចំពិធីបុណ្យកឋិនទាន បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យសាសនាដទៃទៀតជាច្រើន។ ចំណែកសង្គមនៃការរស់នៅរបស់បងប្អូនខ្មែរកម្ពុជាក្រោម ក៏មានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុងផងដែរ ដែលនេះមានន័យថា ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរនៅកម្ពុជា គឺជាការរៀបចំពិធីនៅក្នុងសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរតែមួយដូចគ្នារវាងខ្មែរនៅកម្ពុជាកណ្ដាល និងខ្មែរនៅកម្ពុជាក្រោម។ កន្លងទៅនេះ ទោះបីជាមិនមានថ្នាក់ដឹកនាំខ្មែរណាដង្ហែរអង្គកឋិនទានទៅទីនោះក្ដី ក៏មានព្រះសង្ឃ ពុទ្ធសាសនិកខ្មែរ ដង្ហែរអង្គកឋិនទានទៅវិញទៅមកផងដែរ ព្រមទាំងមានព្រះសង្ឃខ្មែរកម្ពុជាក្រោម និមន្តមកគង់នៅរាជធានីភ្នំពេញ និងនៅតាមខេត្តផ្សេងៗផងដែរ។ ទាំងនេះ គឺជាទំនៀមទម្លាប់ខ្មែរដែលបានធ្វើឡើងនាពេលកន្លងទៅ ហើយទិដ្ឋភាពនេះ ក៏មិនមានមានតែប្រជាពលរដ្ឋខ្មែរនោះទេ ក៏មានផងដែរប្រជាពលរដ្ឋនៃជាតិសាសន៍ និងសាសនិកនានា ក៏បានប្រារព្ធពិធីសាសនាឆ្លងប្រទេសផងដែរ ដូចជា ពិធីបុណ្យរ៉ាម៉ាដនរបស់សាសនិកអ៊ិស្លាម និងការដង្ហែរអង្គកឋិនទានពីខ្មែរទៅថៃ និងពីរាជវាំងថៃឬរដ្ឋាភិបាលថៃមកកាន់កម្ពុជាផងដែរ។ នេះគឺជាការអនុវត្តទំនៀមទម្លាប់សាសនារវាងប្រទេសនៅជិតខាងភូមិផងរបងជាមួយគ្នា។

+ ទិដ្ឋភាពប្រវត្តិសាស្ត្រ

ដែនដីកម្ពុជាក្រោម គឺជាអតីតដែនអធិបតេយ្យប្រទេសកម្ពុជា នៅក្នុងសម័យកាលប្រវត្តិសាស្ត្រ ដែលត្រូវកាត់កងរួចជាស្រេចហើយនៅឆ្នាំ១៩៤៩ ដោយបារាំងដែលជាប្រទេសដាក់អាណានិគមមកលើតំបន់ឥណ្ឌូចិន-បារាំង ដែលទឹកដីមួយភាគធំនៅដែនដីកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍ប្រវ​ត្តិសាស្ត្រនេះ បានបន្សល់នូវក្បួនខ្នាត និងប្រពៃណីទំនៀមទម្លាប់ជារបៀបខ្មែរ ជាការប្រារព្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាប្រជាជាតិតែមួយដូចគ្នា។ ដូច្នេះហើយ ប្រជាជនរស់នៅក្នុងដែនដីទាំងពីរ កម្ពុជាកណ្ដាល និងកម្ពុជាក្រោម សុទ្ធសឹងតែមានសញ្ចេតនាដូចគ្នា ដែលនាំឱ្យមានការធ្វើបុណ្យរៀបចំពិធីសាសនាដូចគ្នាផងដែរ។

+ ទិដ្ឋភាពនយោបាយ

នៅក្នុងធម្មនុញ្ញរបស់កម្ពុជា ក៏បានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ បើទោះបីជារស់នៅទីណាក៏ដោយ ក៏ពួកគេត្រូវបានរដ្ឋគាំពារផងដែរ។ មួយវិញទៀត កន្លងមក បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏ដូចជាអ្នកវិភាគនយោបាយមួយចំនួនតូច តែងតែលើកឡើងអំពីបញ្ហាផ្សេងៗដូចជា ១. ភាពរងាររបស់ប្រជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជាក្រោម ២. ទិដ្ឋភាពនយោបាយផ្សេងៗគ្នារវាងវៀតណាមនិងកម្ពុជា ៣. ការចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាពុំសូវបានយកចិត្តទុកដាក់ទៅដល់ប្រជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជា ៤. ការដែលឥស្សរជនវៀតណាមតែងតែផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំកម្ពុជា អំពីការស្នើសុំការពិនិត្យមើលសុខទុក្ខរបស់ប្រជាជនវៀតណាមនៅកម្ពុជា ៥. គណបក្សប្រឆាំងតែងតែដុតរោលបញ្ហាទាំងអស់ខាងលើ។ ដូច្នេះហើយ ការប្រកាសអំពីការដង្ហែរអង្គកឋិនទានពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម គឺជាមហាសាមគ្គីខ្មែរ ការចូលរួមធ្វើបុណ្យទានជាមួយគ្នា បញ្ជាក់ថាគ្មានការរើសអើងគ្នារវាងខ្មែរកម្ពុជាក្រោម និងខ្មែរកណ្ដាល ហើយបើទោះបីជាអ្នកមាននិន្នាការប្រឆាំង ឬគាំទ្ររាជរដ្ឋាភិបាលក្ដី សុទ្ធសឹងតែអាចចូលរួមធ្វើបុណ្យជាមួយគ្នាក្នុងពិធីសាសនា ដែលរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ។ នេះជាការប្រមូលផ្ដុំប្រជាជាតិខ្មែរ មិនថាខ្មែរលើ ឬខ្មែរក្រោម អាចធ្វើបុណ្យរួមគ្នាបាន។ បន្ថែមពីនេះ បើទោះបីជាកន្លងទៅ គេមើលឃើញថា ថ្នាក់ដឹកនាំវៀតណាមតែងតែបានផ្ដាំផ្ញើ និងស្នើសុំការយកចិត្តទុកដាក់ពីមេដឹកនាំកម្ពុជាចំពោះប្រជាជនវៀតណាមនៅកម្ពុជា ប៉ុន្តែពេលនេះ ថ្នាក់ដឹកនាំកម្ពុជា ក៏មានរៀបចំធ្វើបុណ្យទានជាទ្រង់ទ្រាយធំនៅមាននៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុងវិស័យពុទ្ធសាសនា ទៅកាន់កម្ពុជាក្រោម គឺជាការផ្ដល់ភាពកក់ក្ដៅ ក៏ដូចជាការបង្ហាញទៅដល់ភាគីវៀតណាម ដោយសុំឱ្យវៀតណាមទទួលស្គាល់ប្រពៃណីទំនៀមទម្លាប់បងប្អូនខ្មែរ រស់នៅដែនដីកម្ពុជា ដែលជាកត្តាសត្យានុម័តនៃប្រវត្តិសាស្ត្រ។

+ ទិដ្ឋភាពនៃទំនាក់ទំនងល្អរវាងប្រទេសជិតខាង

ដូចបានលើកឡើងខាងលើ ឥស្សរជនវៀតណាមតែងតែផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំកម្ពុជា អំពីការស្នើសុំការពិនិត្យមើលសុខទុក្ខរបស់ប្រជាជនវៀតណាមនៅកម្ពុជា ដូច្នេះហើយ ក្នុងនាមជាប្រទេសមានទំនាក់ទំនងល្អ និងស្មើមុខស្មើមាត់គ្នា មេដឹកនាំកម្ពុជា ក៏គួរតែបង្ហាញចេតនាដើម្បីស្នើសុំឱ្យវៀតណាមយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋដើមកំណើតខ្មែរដែលកំពុងរស់នៅក្នុងដែនដីសណ្ដទន្លេមេង្គក្នុងប្រទេសវៀតណាមផងដែរ។ ប្រការនេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស មិនត្រឹមតែប្រជាពលរដ្ឋដើមកំណើតខ្មែរនៅក្នុងប្រទេសវៀតណាម ឬថៃនោះទេ ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯក្រៅប្រទេសទាំងអស់ ក៏ត្រូវតែទទួលបាននូវភាពកក់ក្ដៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាឈាមជ័រប្រជាជាតិខ្លួនផងដែរ។ នៅត្រង់ចំណុចនេះក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងល្អរវាងប្រទេសជិតខាង បានផ្ដល់នូវភាពសុខុដមដល់ប្រជាជាតិរៀងខ្លួន ដែលរស់នៅ ឬធ្វើអន្តោប្រវេសន៍នៅក្នុងប្រទេសជិតខាងនីមួយៗ។ ប្រទេសជិតខាងដែលមានទំនាក់ទំនងល្អ ត្រូវតែបើកសេរីភាពដល់ប្រជាពលរដ្ឋផងគ្នា ឱ្យអាចគោរពប្រតិបត្តិប្រពៃណី និងទំនៀមទម្លាប់ និងប្រារព្ធនូវពិធីសាសនាទៅតាមជំនឿរបស់បុគ្គលម្នាក់ៗ ដែលទាំងនេះគឺជាសិទ្ធមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញនៃប្រជាជាតិនីមួយៗ នៅក្នុងការការពារសិទ្ធិរបស់ពលរដ្ឋជាជនជាតិទាំងអស់នៅក្នុងប្រទេស។

+ ទិដ្ឋភាពនៃការរក្សាឈាមជ័រជាប្រជាជាតិខ្មែរ

អ្វីដែលបានលើកឡើងខាងលើ បានបង្ហាញអំពីភាពដូចគ្នាដែលខ្មែរកណ្ដាល និងខ្មែរក្រោមមានរួមគ្នានោះគឺ ឈាមជ័រជាជាតិខ្មែរ ដែលមានជាប់ពីកំណើតរៀងដរាបមក មិនអាចកាត់ផ្ដាច់បានឡើយ។ ទោះជារស់នៅទីណាក៏ដោយ ក៏ខ្មែរមានរបៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ សាសនា រួមទាំងការហូរចុក កត្តាចិត្តសាស្ត្រសង្គម ជារបៀបខ្មែរ ដែលយើងអាចមើលឃើញបានថា បើទោះបីជាខ្មែររស់នៅសហរដ្ឋអាម៉េរិក នៅបណ្ដាុប្រទេសអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗក៏ដោយ ក៏ខ្មែរនៅតែមានការរស់នៅរបៀបខ្មែរដដែលផងដែរ កុំថាឡើយខ្មែររាប់លាននាក់ដែលកំពុងរស់នៅលើអតីតដែនដីជារបស់ខ្មែរក្នុងអតីតកាល ដែលត្រូវបានកាត់បញ្ចូលទៅប្រទេសវៀតណាមក្ដី។ ដូច្នេះហើយ ខ្មែរកម្ពុជាក្រោមនៅតែប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់ជារបៀបខ្មែរហើយ។ ដូច្នេះហើយ ការរក្សាទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋខ្មែរកណ្ដាល និងប្រជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជាក្រោម ដែលស្ថិតនៅជាប់ខាងគ្នា គឺជាការរក្សានូវឈាមជ័រជាជាតិខ្មែរ បង្កនូវបរិយាកាសជិតស្និទ្ធិ និងបង្កើនភាពកក់ក្ដៅជាជនជាតិខ្មែរតែមួយ ព្រមទាំងលើកតម្លៃនៃវប្បធម៌នៃប្រជាជាតិខ្មែរតែមួយ ដែលទាំងនេះ គឺជាកាយវិការដ៏ប្រពៃមួយនៅក្នុងការគោរពប្រពៃណីសាសនារបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អត្ថបទ នានាភាពនៃអក្សរសិល្ប៍សម័យអាណានិគមនិយមបារាំង ដោយ៖ លោក ឃិន យ៉ង់ មន្ត្រីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសា...

2022-03-25 02:13:48   ថ្ងៃសុក្រ, 25 មីនា 2022 ម៉ោង 09:13 AM
កត្តាបង្កការលំបាកនៅក្នុងការរៀនគណិតវិទ្យានៅកម្ពុជា៖ករណីសិក្សាសិស្សថ្នាក់ទី១០និងទី១១សាលារដ្ឋ ឆ្នាំ២០១៩ ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា នាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេក...

2022-03-23 04:07:25   ថ្ងៃពុធ, 23 មីនា 2022 ម៉ោង 11:07 AM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

វិទ្យាស្ថានគេុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានមានកិត្តិយស សូមជម្រាបជូនសិស្សានុសិស្ស សាធារ ណជនមេត្តាជ្រាបថា វិទ្យាស្ថាននឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការ...

2022-03-19 07:09:26   ថ្ងៃសៅរ៍, 19 មីនា 2022 ម៉ោង 02:09 PM
«ការកំណត់សំណេរអក្សរឡាតាំងស្ថាននាមអគារនៃរាជបណ្ឌិត្យសភាកម្ពុជា»

ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...

2022-03-17 07:14:35   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 02:14 PM
បច្ចុប្បន្នភាពនៃយេនឌ័រ និងតួនាទីយេនឌ័រនៅកម្ពុជា ដោយ៖បណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

RAC Mediaប្រភព៖ វិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

2022-03-17 06:50:32   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 01:50 PM
អាស៊ានកុងសង់ស៊ុស និងឥទ្ធិពលមហាអំណាចក្នុងតំបន់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រ៊ិក និងមជ្ឈិមបូព៌ា នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរ​វេន​​របស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ាន​របស់កម្ពុជា...

2022-03-11 15:26:29   ថ្ងៃសុក្រ, 11 មីនា 2022 ម៉ោង 10:26 PM

សេចក្តីប្រកាស