ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន

2024-09-26 02:24:36 ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 09:24 AM
អ្នកមើល 2445
post_detail1

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយពីពេលកន្លងទៅនេះ។ នេះមិនមែនជាលើកទីមួយ ហើយក៏ពុំមែនជាលើកចុងក្រោយនោះដែរ ដែលប្រទេសកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅកាន់បរទេស ដើម្បីចូលរួមនៅក្នុងដំណើរការថែរក្សានិងកសាងសន្តិភាពសម្រាប់បណ្ដាប្រទេស ដែលមានតម្រូវការជំនួយពីអង្គការសហប្រជាជាតិនិងសមាជិកនៃអង្គការពិភពលោកនេះ។

រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពទៅលើគោលការណ៍សន្តិភាពនិយម ដែលជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំហរដ៏ចម្បងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនយោបាយការបរទេសរបស់ខ្លួននោះ ជានិច្ចកាលតែងតែបានរួមចំណែកក្នុងបេសកកម្ម ស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ទៅតាមលទ្ធភាពជាក់ស្ដែងរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ជាការពិតណាស់ ប្រមុខដឹកនាំកម្ពុជាពិតជាយល់យ៉ាងច្បាស់អំពីទុក្ខលំបាកនៃប្រទេសដែលទទួលរងគ្រោះដោយសារតែសង្គ្រាម និងភាពស្រេកឃ្លានសន្តិភាពរបស់ប្រជាជននិងប្រទេសទាំងនោះ ដែលកំពុងទទួលរងគ្រោះនាពេលបច្ចុប្បន្ន ព្រោះកម្ពុជាធ្លាប់បានទទួលរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងធ្លាប់ជាប្រទេសដែលមហាអំណាចយកធ្វើជាទីលានសាកអនុភាពសព្វាវុធ និងជាសមរភូមិមនោគមវិជ្ជាអស់រាប់ទសវត្សរ៍មកហើយនោះ។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែបានខិតខំចូលរួមអស់ពីលទ្ធភាព ដើម្បីបញ្ជូនកងកម្លាំងកម្ពុជាទៅក្នុងបេសកកម្មថែរក្សា និងស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានា ដែលកំពុងទទួលរងគ្រោះដូចអ្វីដែលកម្ពុជាធ្លាប់ជួបប្រទះនាអតីតកាល។

ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលធ្លាប់ជាអ្នកខិតខំស្វះស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ពិតជាអាចជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព និងវិបុលភាពនៃសង្គមជាតិ នៅក្រោយអវត្តមាននៃសង្គ្រាម។ នៅក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី ពិតជាមានឆន្ទៈនៅក្នុងការរួមចំណែកស្វះស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ដោយឈរលើគោលជំហរមនុស្សធម៌ជាសាកលផង ក៏ដូចជាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៥៣ វាក្យខណ្ឌទី៤) ផងដែរ ដែលបានចែងថា «ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។»

ប្រការនេះបានសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាដែលពីអតីតកាលធ្លាប់រងគ្រោះ និងធ្លាប់ទទួលបានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពនោះ ពិតជាបានងើបឈរឡើងវិញក្នុងជំហរដ៏រឹងមាំនៅក្នុងការអភិវឌ្ឍនិងកសាងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាដែលធ្លាប់តែជាប្រទេសដង្ហើយរកការជួយទំនុកបម្រុង ដើម្បីទទួលបាននូវសន្តិភាពនៅដំណាក់កាលដំបូងនោះ បានក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅលើឆាកអន្តរជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់បណ្ដាប្រទេសនានាលើពិភពលោក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ប្រមុខដឹកនាំកម្ពុជាតែងតែបានបង្ហាញអំពីជំហរគាំទ្រទៅលើដំណោះស្រាយបញ្ហាអន្តរជាតិ និងបញ្ហាផ្ទៃក្នុងរបស់បណ្ដាប្រទេសនានា ដោយផ្អែកលើគោលការណ៍សន្តិវិធី និងសន្តិភាពនិយម ចៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ហើយនេះក៏ជាផ្នែកមួយនៃការជំរុញអំណាចទន់ (Soft Power) នៅក្នុងនយោបាយការបរទេសរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិផងដែរ។ ចំណែកឯការចូលរួមនៅក្នុងដំណើរការកសាងសន្តិភាពសម្រាប់បណ្ដាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែមានជំហរនៅលើវោហាសាស្ត្រការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាសកម្មភាពជាក់ស្ដែងថែមទៀតផង ដែលជាការបញ្ជាក់អំពីភាពប្រាកដប្រជារបស់កម្ពុជានៅក្នុងជំហរសន្តិភាពនិយម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស