Royal Academy of Cambodia
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយពីពេលកន្លងទៅនេះ។ នេះមិនមែនជាលើកទីមួយ ហើយក៏ពុំមែនជាលើកចុងក្រោយនោះដែរ ដែលប្រទេសកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅកាន់បរទេស ដើម្បីចូលរួមនៅក្នុងដំណើរការថែរក្សានិងកសាងសន្តិភាពសម្រាប់បណ្ដាប្រទេស ដែលមានតម្រូវការជំនួយពីអង្គការសហប្រជាជាតិនិងសមាជិកនៃអង្គការពិភពលោកនេះ។
រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពទៅលើគោលការណ៍សន្តិភាពនិយម ដែលជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំហរដ៏ចម្បងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនយោបាយការបរទេសរបស់ខ្លួននោះ ជានិច្ចកាលតែងតែបានរួមចំណែកក្នុងបេសកកម្ម ស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ទៅតាមលទ្ធភាពជាក់ស្ដែងរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ជាការពិតណាស់ ប្រមុខដឹកនាំកម្ពុជាពិតជាយល់យ៉ាងច្បាស់អំពីទុក្ខលំបាកនៃប្រទេសដែលទទួលរងគ្រោះដោយសារតែសង្គ្រាម និងភាពស្រេកឃ្លានសន្តិភាពរបស់ប្រជាជននិងប្រទេសទាំងនោះ ដែលកំពុងទទួលរងគ្រោះនាពេលបច្ចុប្បន្ន ព្រោះកម្ពុជាធ្លាប់បានទទួលរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងធ្លាប់ជាប្រទេសដែលមហាអំណាចយកធ្វើជាទីលានសាកអនុភាពសព្វាវុធ និងជាសមរភូមិមនោគមវិជ្ជាអស់រាប់ទសវត្សរ៍មកហើយនោះ។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែបានខិតខំចូលរួមអស់ពីលទ្ធភាព ដើម្បីបញ្ជូនកងកម្លាំងកម្ពុជាទៅក្នុងបេសកកម្មថែរក្សា និងស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានា ដែលកំពុងទទួលរងគ្រោះដូចអ្វីដែលកម្ពុជាធ្លាប់ជួបប្រទះនាអតីតកាល។
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលធ្លាប់ជាអ្នកខិតខំស្វះស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ពិតជាអាចជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព និងវិបុលភាពនៃសង្គមជាតិ នៅក្រោយអវត្តមាននៃសង្គ្រាម។ នៅក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី ពិតជាមានឆន្ទៈនៅក្នុងការរួមចំណែកស្វះស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ដោយឈរលើគោលជំហរមនុស្សធម៌ជាសាកលផង ក៏ដូចជាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៥៣ វាក្យខណ្ឌទី៤) ផងដែរ ដែលបានចែងថា «ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។»
ប្រការនេះបានសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាដែលពីអតីតកាលធ្លាប់រងគ្រោះ និងធ្លាប់ទទួលបានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពនោះ ពិតជាបានងើបឈរឡើងវិញក្នុងជំហរដ៏រឹងមាំនៅក្នុងការអភិវឌ្ឍនិងកសាងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាដែលធ្លាប់តែជាប្រទេសដង្ហើយរកការជួយទំនុកបម្រុង ដើម្បីទទួលបាននូវសន្តិភាពនៅដំណាក់កាលដំបូងនោះ បានក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅលើឆាកអន្តរជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់បណ្ដាប្រទេសនានាលើពិភពលោក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ប្រមុខដឹកនាំកម្ពុជាតែងតែបានបង្ហាញអំពីជំហរគាំទ្រទៅលើដំណោះស្រាយបញ្ហាអន្តរជាតិ និងបញ្ហាផ្ទៃក្នុងរបស់បណ្ដាប្រទេសនានា ដោយផ្អែកលើគោលការណ៍សន្តិវិធី និងសន្តិភាពនិយម ចៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ហើយនេះក៏ជាផ្នែកមួយនៃការជំរុញអំណាចទន់ (Soft Power) នៅក្នុងនយោបាយការបរទេសរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិផងដែរ។ ចំណែកឯការចូលរួមនៅក្នុងដំណើរការកសាងសន្តិភាពសម្រាប់បណ្ដាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែមានជំហរនៅលើវោហាសាស្ត្រការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាសកម្មភាពជាក់ស្ដែងថែមទៀតផង ដែលជាការបញ្ជាក់អំពីភាពប្រាកដប្រជារបស់កម្ពុជានៅក្នុងជំហរសន្តិភាពនិយម៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅ...
ដោយ៖ លឹម សុវណ្ណរិទ្ធ ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ...
យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉...