ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍

2024-09-25 03:56:04 ថ្ងៃពុធ, 25 កញ្ញា 2024 ម៉ោង 10:56 AM
អ្នកមើល 9205
post_detail1

ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអ្នកផ្ចុចផ្ដើមនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ធ្វើឡើងដោយមានការប្រៀបធៀបនូវទិដ្ឋភាពនយោបាយមុននិងក្រោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋនេះ ហើយគេអាចសម្លឹងឃើញអំពីភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះ ថាតើត្រូវបន្តរក្សាទុក ឬដកខ្លួនចេញនៅក្នុងដំណាក់កាលក្រោយការអនុវត្តរួច។ ត្រង់ចំណុចនេះហើយ ដែលនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ តែងតែមានកំណត់នៅក្នុងខចែងអំពីការដកខ្លួននៃរដ្ឋជាភាគីហត្ថលេខី។ ជាឧទាហរណ៍ នៅពេលដែលឡើងកាន់តំណែងដំបូង ប្រធានាធិបតីអាម៉េរិមួួយរូបបានចុះហត្ថលេខាលើក្រឹត្យដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុ និងការសម្រេចចិត្តរបស់អង់គ្លេសចេញពីសហគមន៍អឺរ៉ុបជាដើម សុទ្ធសឹងតែឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តរប់សមេដឹកនាំរដ្ឋនីមួយៗ នៅក្នុងចេញពីកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តររដ្ឋផ្សេងៗ ដោយយោងលើការពិនិត្យនិងពិចារណារបស់មេដឹកនាំអំពីភាពចាំបាច់ផ្សេងៗ។ នៅក្នុងន័យដូចគ្នានេះដែរ ករណីប្រទេសថៃដែលបានដកខ្លួនចេញពីការទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិ (ICJ) នៅក្រោយពេលដែលខ្លួនចាញ់ក្ដីកម្ពុជា នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ។ ទាំងនេះ សុទ្ធសឹងតែជាហេតុការណ៍ដែលជាលំអាន។

នៅពេលដែលអ្នកនយោបាយសម្លឹងឃើញថា កិច្ចព្រមព្រៀងណាមួយបង្កផលរំខានដល់ការដឹកនាំ ឬនយោបាយដឹកនាំប្រទេសឬរដ្ឋរបស់ខ្លួន អ្នកដឹកនាំពិតជាមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការផ្លាស់ប្ដូរស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀង ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តររដ្ឋណាមួយបាន។ គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើជាលេស និងជាដាវនយោបាយ ដើម្បីវាយប្រហារ និងដុតរោលស្ថានការណ៍វិវត្តនយោបយានៅក្នុងប្រទេស ដែលបង្កជាការរំខានដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបំភ័ន្ត ការពិតនិងបំភ្លៃសាធារណៈមតិ ឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កន្លងទៅពុំសូវទទួលបានព័ត៌មានអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដែលអាចលង់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដោយមិនដឹងខ្លួន។ ត្រង់នេះហើយ ដែលក្រុមប្រឆាំងបានយកករណី CLV-DTA ធ្វើជាអាវុធមុខស្រួច ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

ហេតុនេះហើយ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់និងពេញលេញនៅក្នុងការសម្រេចចិត្តដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដើម្បីដកអាវុធនយោបាយចេញពីក្រុមប្រឆាំង ដែលជានិច្ចកាលតែងតែប្រើប្រាស់បញ្ហាផ្សេងៗ ដើម្បីបំផុសបំផុលប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតានយោបាយនិងផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន។

ជាមួយគ្នានេះដែរ នៅក្នុងសិទ្ធិអធិបតេយ្យរបស់រដ្ឋមួយ កម្ពុជាមានសិទ្ធិយ៉ាងពេញលេញនៅក្នុងការចូលរួម ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងឡាយណា ស្របតាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កម្ពុជា ដោយមិនចំណុះរដ្ឋាភិបាល ឬ​ប្រទេសណាមួយឡើយ។ ជាការពិតណាស់ មិនមានកិច្ចព្រមព្រៀងណាមួយដែលបានចែងកំណត់ថា រដ្ឋជាភាគីមិនអាចដើរចេញពីកិច្ចព្រមពៀងនោះឡើយ។ នេះជាការសម្រេចចិត្តរបស់ប្រទេសសាមី ដោយយោងទៅលើភាពចាំបាច់នៃការអភិវឌ្ឍ និងតម្រូវការជាក់ស្ដែងនៃស្ថានភាពរបស់ប្រទេសខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាអ្នកដឹកនាំប្រទេសដែលមានអធិបតេយ្យពេញលេញ មានសិទ្ធិនៅក្នុងការបន្តអភិវឌ្ឍតំបន់នានាដែលស្ថិតនៅក្នុងបូរណភាពដែនដីរបស់ខ្លួន គ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា នៅក្នុងរង្វង់អធិបតេយ្យរបស់ខ្លួន ដើម្បីផ្ដល់នូវសុខភាពសេដ្ឋកិច្ច សុខមាលភាព និងការរស់នៅប្រកបដោយភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ភូមិភាគឦសាន នឹងនៅតែជាតំបន់ជាអាទិភាពមួយ ក្នុងចំណោមតំបន់អាទិភាព ដែលរាជរដ្ឋាភិបាលត្រូវជំរុញការអភិវឌ្ឍ​បន្តទៀត ព្រោះជាតំបន់ដាច់ស្រយាល ដែលមានតម្រូវការអភិវឌ្ឍខ្ពស់ ហើយក្នុងភាពជាម្ចាស់អធិបតេយ្យ រាជរដ្ឋាភិបាលត្រូវតែបន្តអភិវឌ្ឍតំបន់នេះ ទោះជាមានឬគ្មានការវាយប្រហារពីសំណាក់ក្រុមប្រឆាំងក្ដី ដូចដែលសម្ដេចធិបតីបានលើកឡើងបញ្ជាក់ហើយថា រាជរដ្ឋាភិបាលនឹងនៅតែបន្តអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន បន្តជូនដំណើរប្រជាពលរដ្ឋទៅទស្សនាតំបន់ព្រំដែន និងបន្តការតភ្ជាប់តំបន់ដាច់ស្រយាលឱ្យមកជាប់នឹងតំបន់មជ្ឈមណ្ឌលកណ្ដាល ឱ្យកាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់។

ជាការពិតណាស់ នៅក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដូចដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងគឺ ការប្រកាសដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) គឺជាដកអាវុធនយោបាយចេញពីដៃក្រុមប្រឆាំង ដែលតែងតែលើកឡើងនូវទស្សនៈនយោបាយ ដែលមានលក្ខណៈដុតបញ្ឆេះកំហឹងជាតិនិយម សំដៅទៅដល់ការដុតកំដៅទំនាក់ទំនងកម្ពុជាជាមួយនឹងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម​ ដែលជាទូទៅក្រុមប្រឆាំងព្យាយាមភ្ជាប់ការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអធិបតេយ្យរបស់កម្ពុជាទៅនឹងហេតុការណ៍​ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមានការគិតជាប់ដិតដាមនៅឡើយនោះ។ ហេតុនេះហើយ រាល់កិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្រុមប្រឆាំងតែងតែទាញយកមកធ្វើជាអាវុធនយោបាយដ៏ស្រួលស្រាល់ ដើម្បីវាយប្រហារនិងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះមានន័យថា រាជរដ្ឋាភិបាលត្រូវតែពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាបញ្ចប់ឱ្យបាននូវលទ្ធភាព ដែលក្រុមប្រឆាំងអាចញុះញង់ប្រជាពលរដ្ឋមួយចំនួន ដែលមានការគិតគូរមិនបានសព្វគ្រប់ ហើយអាចក្លាយទៅជាឧបករណ៍របស់ក្រុមប្រឆាំងនៅក្នុងការដុតបញ្ឆេះប្រទេសកម្ពុជា ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ពួកគេ។

ការដកខ្លួនរបស់កម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) នឹងមិនមានផលរំខានជាបញ្ហាចោទនោះឡើយ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះរយៈពេល២៥ឆ្នាំកន្លងមកនេះ នៅក្រោយការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ និងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាលដើម្បីជំរុញការអភិវឌ្ឍប្រទេស ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ បានផ្ដល់លទ្ធភាពដល់កម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងអធិបតេយ្យ។​ បន្ថែមពីនេះ ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ ក៏នឹងមិនជះផលរំខានដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនោះដែរ ព្រោះនៅក្នុងទំនាក់ទំនងជាមួយនឹងវៀតណាម នៅមានកិច្ចសហប្រតិបត្តិជាច្រើនទៀត ដែលមានស្ទើតែគ្រប់ទិដ្ឋភាព ទាំងទ្វេភាគី និងពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្នុងតំបន់ផងដែរ។ ហេតុនេះហើយ ផលប្រយោជន៍នៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) របស់កម្ពុជា គឺការរក្សាបាននូវស្ថិរភាពនយោបាយនៅក្នុងសង្គម តាមរយៈការបញ្ចប់ការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនដែលកើតឡើងដោយសារតែការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាបញ្ចៀសឱ្យបាននូវការកើតឡើងនូវចរន្តជាតិនិយមជ្រុល។

លើសពីនេះទៅទៀត នៅក្នុងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាអ្នកដឹកនាំស្ថាប័ននយោបាយ និងជាអ្នកការពារអធិបតេយ្យប្រទេសជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលុបតាមរយៈការបោះឆ្នោត ត្រូវតែគ្រប់គ្រងសភាពការណ៍នយោបាយនៅក្នុងប្រទេសឱ្យបាន ព្រោះប្រសិនបើអ្នកដឹកនាំមិនអាចគ្រប់គ្រងសភាពការណ៍នយោបាយក្នុងស្រុកបានទេ នោះគឺជាបង្កើតកំហុស ដែលពលរដ្ឋបានផ្ដល់សេចក្ដីទុកចិត្តឱ្យក្លាយជាអ្នកកាច់ចង្កូតនាវារបស់កម្ពុជា។ គណបក្សកាន់អំណាចត្រូវតែគ្រប់គ្រងសភាពការណ៍ ដោះស្រាយបញ្ហានៅចំពោះមុខឱ្យបាន ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមឱ្យខាងតែបាន ដើម្បីធានាបរិយាកាសមួយដែលផ្ដល់ភាពសុខដុមទាំងផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខជាបន្តបន្ទាប់៕

 

RAC Medi | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អង្គរបុរី ដែនដីនៃអតីតរាជធានីខ្មែរសម័័យមុនអង្គរ (រាជធានីវ្យាធបុរៈ)

អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរ​បុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗ​របស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...

2020-06-14 04:34:22   ថ្ងៃអាទិត្យ, 14 មិថុនា 2020 ម៉ោង 11:34 AM
សកម្មភាពចុះសិក្សាស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ» នៅក្នុងស្រុកអង្គរបុរី នៃខេត្តតាកែវ ពីថ្ងៃសុក្រ ១៥កើត ដល់ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-06-12 06:58:40   ថ្ងៃសុក្រ, 12 មិថុនា 2020 ម៉ោង 01:58 PM
ឈ្មួញកណ្ដាលទិញនិងលក់បន្លែ នៅភូមិបឹងក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយ៖ យិន ពោ, ឈឿន សាវន, សាន ចេង និង ផុន កសិកា

ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...

2020-06-11 05:25:25   ថ្ងៃព្រហស្បតិ៍, 11 មិថុនា 2020 ម៉ោង 12:25 PM
ផលប៉ះពាល់នៃមេរោគកូរ៉ូណាលើវិស័យអាកាសចរណ៍អន្តរជាតិ ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាង​ខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...

2020-06-10 05:12:22   ថ្ងៃពុធ, 10 មិថុនា 2020 ម៉ោង 12:12 PM
ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអន...

2020-06-10 03:00:47   ថ្ងៃពុធ, 10 មិថុនា 2020 ម៉ោង 10:00 AM
បេសកកម្មសិក្សាស្រាវជ្រាវស្តីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបន្ទាយឆ្មារ

ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង...

2020-06-09 10:07:51   ថ្ងៃអង្គារ, 09 មិថុនា 2020 ម៉ោង 05:07 PM

សេចក្តីប្រកាស