ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង

2024-09-21 11:10:11 ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 06:10 PM
អ្នកមើល 2760
post_detail1

រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងនាំមកនូវហានិភ័យនៃការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា បើទោះបីជាកិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ និងគ្មានការបាត់បង់ទឺកដីដូចការញុះញង់របស់ក្រុមប្រឆាំងក្ដី។

 

ដោយបានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំផ្សេងៗទៀត សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  ដើម្បីបញ្ចប់ការដុតរោលក្នុងរូបភាពញុះញង់ពីសំណាក់ក្រុមប្រឆាំងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ ដែលធ្វើឡើងនៅក្នុងគោលដៅបង្កទៅជាចរន្តជាតិនិយមជ្រុល ដើម្បីបង្កស្ថិរភាពសង្គម ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់បង្កដោយវិបត្តិដែលមានលក្ខណៈជាសាកល។ នេះគឺជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាអាចអភិវឌ្ឍប្រទេសឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមផង និងរក្សាឱ្យបាននូវភាមសុដុមរមនានៅក្នុងសង្គមផងដែរ។

 

បើទោះបីជា ការសម្រេចដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់ ចៀសវាងការបំភ្លៃនិងបំភ័ន្តមហាជនឱ្យបន្តមានការយល់ច្រឡំទៅនឹងឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក៏ប៉ុន្តែកម្ពុជាក៏មិនអាចគេចផុតអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងភូមិផងរបងជាមួយនឹងខ្លួននោះដែរ។ ភាពចាំបាច់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ កម្ពុជានៅតែត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសជាប់ខាងរបស់ខ្លួន ហើយកិច្ចសហប្រតិបត្តិការដែលកម្ពុជាកំពុងតែ​ចូលរួមស្រាប់នេះពេលនេះ មានដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងប្រទេស កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌ CLMV, ACMECS និង GMS ជាដើម។ មានន័យថា បើទោះបីជាកម្ពុជាប្រកាសបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ក្ដី កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការនៅក្នុងភាពស្មើមុខស្មើមាត់គ្នាជាមួយបណ្ដាប្រទេសជិតខាង និងប្រទេសជាដៃគូជាច្រើនទៀតនៅលើពិភពលោកផងដែរ។

 

បន្ថែមពីនេះផងដែរ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះ សម្រាប់កម្ពុជាពុំមានការខាតបង់ឬចំណេញអ្វីនោះទេ ព្រោះដំណើរការអភិវឌ្ឍប្រទេសកម្ពុជា នៅតែបន្តឆ្ពោះទៅមុខជាប្រក្រតីដដែល ហើយប្រសិនបើរាជរដ្ឋាភិបាលមានបំណងជំរុញការអភិវឌ្ឍឆ្ពោះនៅភូមភាគឦសានប្រទេស រាជរដ្ឋាភិបាលកម្ពុជានៅតែអាចធ្វើទៅបានដដែល នៅក្នុងអធិបតេយ្យ និងសិទ្ធិសម្រេចផ្ទាល់របស់ខ្លួន ទោះជាមានឬគ្មានកិច្ចសហប្រតិបត្តិការនេះក្ដី។ ពោលគឺរាជរដ្ឋាភិបាលនៅតែអាចបន្តផែនការអភិវឌ្ឍប្រទេសរបស់ខ្លួនដូចដើមដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្សារភ្ជាប់តំបន់ជនបទដាច់ស្រយាលនិងទីប្រជុំជន តាមរយៈការអភិវឌ្ឍនៅតំបន់តាមព្រំដែនទាំងនោះ ដែលជាភាពចាំបាច់ត្រូវធ្វើ។

 

គួរបញ្ជាក់ផងដែរថា ក្រុមចលនាដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជន តែងតែយកបញ្ហាជាតិនិយម ពិសេសរឿងទឹកដីនិងព្រំដែន ធ្វើជាឧបករណ៍ឬជាដាវនយោបាយ យកទៅបំភ្លៃ និងបំភ័ន្ដ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល ទាំងដែលខ្លួនមិនបានយល់ច្បាស់អំពីបញ្ហាទាំងនោះផង ស្របពេលដែលប្រជាពលរដ្ឋមួយចំនួន ពុំបានពិនិត្យនិងតាមដានទៅលើឯកសារ ឬលិខិតបទដ្ឋានពាក់ព័ន្ធ អាចនឹងលង់ជឿទៅលើការវាយប្រហារពីក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ។ នេះគឺជាដាវនយោបាយដែលក្រុមប្រឆាំងតែងតែយកមកប្រើប្រាស់ ហេតុនេះហើយ ការប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រាន់តែចង់ដកដាវចេញពីដៃក្រុមប្រឆាំងតែប៉ុណ្ណោះ ចំណែកឯការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួប្រទេសជិតខាង ក៏ដូចជាដៃគូអភិវឌ្ឍនានា និងបណ្ដាប្រទេសនានាលើពិភពលោក នៅតែប​ន្តដំណើរការជាប្រក្រតីដដែល នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា៕

 

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស