Royal Academy of Cambodia
ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។
ការផ្លាស់ប្ដូរបែបនេះ ក៏ជាបច្ច័យល្អមួយដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។
ទោះជាយ៉ាងណា មិនថាវិស័យទេសចរណ៍ឬវិស័យណានោះទេ ការផ្លាស់ប្ដូររដ្ឋមន្ត្រីមិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលនោះទេ។ ភាពជោគជ័យឬបរាជ័យ ពាក់ព័ន្ធនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូលតែម្ដង ដែលយើងចាំបាច់ត្រូវពិនិត្យអំពីភាពជោគជ័យ ឬបរាជ័យនៃស្ថាប័នសាធារណៈ។
សម្រាប់វិស័យទេសចរណ៍ ភាពជោគជ័យឬបរាជ័យ គេត្រូវពិនិត្យមើលលើកត្តាពាក់ព័ន្ធជាច្រើនរួមមានដូចជា កត្តាច្បាប់ (តើការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈពេញលេញ ស្មើភាព និងមានស្តង់ដារតែមួយឬយ៉ាងណា), យន្តការស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ដូចជា កត្តាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម (ដែលគេត្រូវចៀសវាងឱ្យបាននូវព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខសម្រាប់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា), បញ្ហានៃការដឹកជញ្ជូន, សេវាកម្មស្នាក់នៅនិងម្ហូបអាហារ, ការធ្វើបដិសណ្ឋារកិច្ចនៅតាមច្រកចូលនៃច្រកទ្វារអន្តរជាតិ ពិសេសពាក់ព័ន្ធនឹងលុយក្រៅផ្លូវការ ដែលអាជ្ញាធរពាក់ព័ន្ធណាមួយយកលុយពីភ្ញៀវទេសចរជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាបច្ច័យដែលរុញច្រានវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះ មិនអាចងើបមុខស្គាល់កំណើនរួច។
ទន្ទឹមនឹងនេះ ការបង្កើតផលិតផលទេសចរណ៍ផ្សេងៗជាច្រើន ក៏ជាការចាំបាច់ផងដែរ។ គេមិនអាចពឹងផ្អែកតែទៅលើទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត តែមួយមុខ ដើម្បីអាចទាក់ទងភ្ញៀវទេសចររាប់លានរាប់សែននោះទេ។
កម្ពុជាត្រូវមានការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ជាច្រើនទេ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរណ៍បន្តស្នាក់នៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលកាន់តែយូរបន្ថែមទៀត។ ស្របជាមួយគ្នានេះដែរ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ គោលដៅទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍បរទេសតាមរយៈស្ថានតំណាងរបស់កម្ពុជានៅឯបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក គឺជារឿងចាំបាច់ដែលគេត្រូវយកចិត្តទុកដាក់ផងដែរ។
បន្ថែមពីនេះ ឆន្ទៈនយោបាយគឺជាកត្តាកំណត់សំខាន់ផងដែរ ស្របពេលដែលកម្ពុជាមានគោលនយោបាយល្អ មានយុទ្ធសាស្ត្រល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់នៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក៏ដូចជាការចាត់វិធានការចំពោះមន្ត្រីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ បង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលគួរតែហ៊ានអនុវត្តនូវវិធានការក្ដៅ ហ្មត់ចត់ ម៉ឺងម៉ាត់ ដោយមិនអាចបណ្ដែតបណ្ដោយស្ថានការណ៍នេះបានទេ។
លើសពីនេះ មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដែលកន្លងមកនេះ កេរ្តិ៍ឈ្មោះកម្ពុជា ត្រូវបានកាសែតបរទេសនានាសម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ និងមិនពិតខ្លះ ពាក់ព័ន្ធនឹងព័ត៌មានឆបោកតាមអ៊ីនធឺណិត ការជួញដូរអវៈយវៈ ការចាប់ជំរិត ឬអំពីឧក្រិដ្ឋផ្សេងៗ សុទ្ធសឹងតែបានជះឥទ្ធិពលអវិជ្ជមានដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ប្រសិនបើយើងពិនិត្យទៅមើលបញ្ហាផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ពិតជាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្នាជាប្រព័ន្ធ រួមគ្នាដោះស្រាយបញ្ហា រួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ចៀសវាងការសាចទឹកដាក់គ្នា។ ចំណែកនៅក្នុងកម្រិតក្រសួងសាមីវិញ ទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម រួមដៃគ្នាពីលើដល់ក្រោមក្នុងចរន្តបេះដូងតែមួយ ទើបយើងអាចដោះស្រាយបញ្ហានៅក្នុងវិស័យទេសចរណ៍បានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា នៅក្នុងវិស័យទេសចរណ៍នេះ ជាវិស័យដែលគេត្រូវធ្វើការងារពាក់ព័ន្ធទៅនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស។ ត្រង់ចំណុចនេះមានន័យថា លុះត្រាតែយើងយកបេះដូងគេបាន ទើបគេមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយប្រសិនបើមានរឿងណាមួយពាក់ព័ន្ធនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬក៏បង្កឱ្យមានការព្រួយបារម្ភណាមួយ នោះភ្ញៀវទេសចរនឹងមិនមកចំណាយថវិកាមកលេងកម្សាន្តទាំងអារម្មណ៍របស់គេមិនល្អនោះទេ។ ហេតុនេះហើយ ការកសាងមុខមាត់ សម្អាតមុខមាត់ប្រទេស គឺជារឿងចាំបាច់ និងត្រូវធ្វើបន្ទាន់បំផុត ដើម្បីការងើបឡើងនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ...
នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ច...
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅប្រទេសវៀតណាម ក្នុងទ្រង់ទ្រាយធំ និងទូទាំងប្រទេស បានបោះជំហានទៅមុខ យ៉ាងរឹងមាំ និងពេញទំហឹង។ ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅវៀតណាម គឺចាប់ផ្តើមតាំ...
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃ...
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិ...