ព័ត៌មាន

បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល

2024-09-21 09:55:19 ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 04:55 PM
អ្នកមើល 3367
post_detail1

ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។

ការផ្លាស់ប្ដូរបែបនេះ ក៏ជាបច្ច័យល្អមួយដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។

ទោះជាយ៉ាងណា មិនថាវិស័យទេសចរណ៍ឬវិស័យណានោះទេ ការផ្លាស់ប្ដូររដ្ឋមន្ត្រី​មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលនោះទេ។ ភាពជោគជ័យឬបរាជ័យ ពាក់ព័ន្ធនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូលតែម្ដង ដែលយើងចាំបាច់ត្រូវពិនិត្យអំពីភាពជោគជ័យ ឬបរាជ័យនៃស្ថាប័នសាធារណៈ។ 

សម្រាប់វិស័យទេសចរណ៍ ភាពជោគជ័យឬបរាជ័យ គេត្រូវពិនិត្យមើលលើកត្តាពាក់ព័ន្ធជាច្រើនរួមមានដូចជា កត្តាច្បាប់ (តើការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈពេញលេញ ស្មើភាព និងមានស្តង់ដារតែមួយឬយ៉ាងណា), យន្តការស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ដូចជា កត្តាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម (ដែលគេត្រូវចៀសវាងឱ្យបាននូវព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខសម្រាប់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា),  បញ្ហានៃការដឹកជញ្ជូន, សេវាកម្មស្នាក់នៅនិងម្ហូបអាហារ, ការធ្វើបដិសណ្ឋារកិច្ចនៅតាមច្រកចូលនៃច្រកទ្វារអន្តរជាតិ ពិសេសពាក់ព័ន្ធនឹងលុយក្រៅផ្លូវការ ដែលអាជ្ញាធរពាក់ព័ន្ធណាមួយយកលុយពីភ្ញៀវទេសចរជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាបច្ច័យដែលរុញច្រានវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះ មិនអាចងើបមុខស្គាល់កំណើនរួច។

ទន្ទឹមនឹងនេះ ការបង្កើតផលិតផលទេសចរណ៍ផ្សេងៗជាច្រើន ក៏ជាការចាំបាច់ផងដែរ។ គេមិនអាចពឹងផ្អែកតែទៅលើទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត តែមួយមុខ ដើម្បីអាចទាក់ទងភ្ញៀវទេសចររាប់លានរាប់សែននោះទេ។

កម្ពុជាត្រូវមានការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ជាច្រើនទេ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរណ៍បន្តស្នាក់នៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលកាន់តែយូរបន្ថែមទៀត។ ស្របជាមួយគ្នានេះដែរ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ គោលដៅទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍បរទេសតាមរយៈស្ថានតំណាងរបស់កម្ពុជានៅឯបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក គឺជារឿងចាំបាច់ដែលគេត្រូវយកចិត្តទុកដាក់ផងដែរ។

បន្ថែមពីនេះ ឆន្ទៈនយោបាយគឺជាកត្តាកំណត់សំខាន់ផងដែរ ស្របពេលដែលកម្ពុជាមានគោលនយោបាយល្អ មានយុទ្ធសាស្ត្រល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់នៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក៏ដូចជាការចាត់វិធានការចំពោះមន្ត្រីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ បង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលគួរតែហ៊ានអនុវត្តនូវវិធានការក្ដៅ ហ្មត់ចត់ ម៉ឺងម៉ាត់ ដោយមិនអាចបណ្ដែតបណ្ដោយស្ថានការណ៍នេះបានទេ។

លើសពីនេះ មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដែលកន្លងមកនេះ កេរ្តិ៍ឈ្មោះកម្ពុជា ត្រូវបានកាសែតបរទេសនានាសម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ និងមិនពិតខ្លះ ពាក់ព័ន្ធនឹងព័ត៌មានឆបោកតាមអ៊ីនធឺណិត ការជួញដូរអវៈយវៈ ការចាប់ជំរិត ឬអំពីឧក្រិដ្ឋផ្សេងៗ សុទ្ធសឹងតែបានជះឥទ្ធិពលអវិជ្ជមានដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ប្រសិនបើយើងពិនិត្យទៅមើលបញ្ហាផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ពិតជាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្នាជាប្រព័ន្ធ រួមគ្នាដោះស្រាយបញ្ហា រួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ចៀសវាងការសាចទឹកដាក់គ្នា។ ចំណែកនៅក្នុងកម្រិតក្រសួងសាមីវិញ ទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម រួមដៃគ្នាពីលើដល់ក្រោមក្នុងចរន្តបេះដូងតែមួយ ទើបយើងអាចដោះស្រាយបញ្ហានៅក្នុងវិស័យទេសចរណ៍បានប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា នៅក្នុងវិស័យទេសចរណ៍នេះ ជាវិស័យដែលគេត្រូវធ្វើការងារពាក់ព័ន្ធទៅនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស។ ត្រង់ចំណុចនេះមានន័យថា លុះត្រាតែយើងយកបេះដូងគេបាន ទើបគេមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយប្រសិនបើមានរឿងណាមួយពាក់ព័ន្ធនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬក៏បង្កឱ្យមានការព្រួយបារម្ភណាមួយ នោះភ្ញៀវទេសចរនឹងមិនមកចំណាយថវិកាមកលេងកម្សាន្តទាំងអារម្មណ៍របស់គេមិនល្អនោះទេ។ ហេតុនេះហើយ ការកសាងមុខមាត់ សម្អាតមុខមាត់ប្រទេស គឺជារឿងចាំបាច់ និងត្រូវធ្វើបន្ទាន់បំផុត ដើម្បីការងើបឡើងនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស