Royal Academy of Cambodia
ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។
ការផ្លាស់ប្ដូរបែបនេះ ក៏ជាបច្ច័យល្អមួយដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។
ទោះជាយ៉ាងណា មិនថាវិស័យទេសចរណ៍ឬវិស័យណានោះទេ ការផ្លាស់ប្ដូររដ្ឋមន្ត្រីមិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលនោះទេ។ ភាពជោគជ័យឬបរាជ័យ ពាក់ព័ន្ធនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូលតែម្ដង ដែលយើងចាំបាច់ត្រូវពិនិត្យអំពីភាពជោគជ័យ ឬបរាជ័យនៃស្ថាប័នសាធារណៈ។
សម្រាប់វិស័យទេសចរណ៍ ភាពជោគជ័យឬបរាជ័យ គេត្រូវពិនិត្យមើលលើកត្តាពាក់ព័ន្ធជាច្រើនរួមមានដូចជា កត្តាច្បាប់ (តើការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈពេញលេញ ស្មើភាព និងមានស្តង់ដារតែមួយឬយ៉ាងណា), យន្តការស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ដូចជា កត្តាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម (ដែលគេត្រូវចៀសវាងឱ្យបាននូវព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខសម្រាប់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា), បញ្ហានៃការដឹកជញ្ជូន, សេវាកម្មស្នាក់នៅនិងម្ហូបអាហារ, ការធ្វើបដិសណ្ឋារកិច្ចនៅតាមច្រកចូលនៃច្រកទ្វារអន្តរជាតិ ពិសេសពាក់ព័ន្ធនឹងលុយក្រៅផ្លូវការ ដែលអាជ្ញាធរពាក់ព័ន្ធណាមួយយកលុយពីភ្ញៀវទេសចរជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាបច្ច័យដែលរុញច្រានវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះ មិនអាចងើបមុខស្គាល់កំណើនរួច។
ទន្ទឹមនឹងនេះ ការបង្កើតផលិតផលទេសចរណ៍ផ្សេងៗជាច្រើន ក៏ជាការចាំបាច់ផងដែរ។ គេមិនអាចពឹងផ្អែកតែទៅលើទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត តែមួយមុខ ដើម្បីអាចទាក់ទងភ្ញៀវទេសចររាប់លានរាប់សែននោះទេ។
កម្ពុជាត្រូវមានការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ជាច្រើនទេ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរណ៍បន្តស្នាក់នៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលកាន់តែយូរបន្ថែមទៀត។ ស្របជាមួយគ្នានេះដែរ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ គោលដៅទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍បរទេសតាមរយៈស្ថានតំណាងរបស់កម្ពុជានៅឯបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក គឺជារឿងចាំបាច់ដែលគេត្រូវយកចិត្តទុកដាក់ផងដែរ។
បន្ថែមពីនេះ ឆន្ទៈនយោបាយគឺជាកត្តាកំណត់សំខាន់ផងដែរ ស្របពេលដែលកម្ពុជាមានគោលនយោបាយល្អ មានយុទ្ធសាស្ត្រល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់នៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក៏ដូចជាការចាត់វិធានការចំពោះមន្ត្រីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ បង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលគួរតែហ៊ានអនុវត្តនូវវិធានការក្ដៅ ហ្មត់ចត់ ម៉ឺងម៉ាត់ ដោយមិនអាចបណ្ដែតបណ្ដោយស្ថានការណ៍នេះបានទេ។
លើសពីនេះ មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដែលកន្លងមកនេះ កេរ្តិ៍ឈ្មោះកម្ពុជា ត្រូវបានកាសែតបរទេសនានាសម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ និងមិនពិតខ្លះ ពាក់ព័ន្ធនឹងព័ត៌មានឆបោកតាមអ៊ីនធឺណិត ការជួញដូរអវៈយវៈ ការចាប់ជំរិត ឬអំពីឧក្រិដ្ឋផ្សេងៗ សុទ្ធសឹងតែបានជះឥទ្ធិពលអវិជ្ជមានដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ប្រសិនបើយើងពិនិត្យទៅមើលបញ្ហាផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ពិតជាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្នាជាប្រព័ន្ធ រួមគ្នាដោះស្រាយបញ្ហា រួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ចៀសវាងការសាចទឹកដាក់គ្នា។ ចំណែកនៅក្នុងកម្រិតក្រសួងសាមីវិញ ទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម រួមដៃគ្នាពីលើដល់ក្រោមក្នុងចរន្តបេះដូងតែមួយ ទើបយើងអាចដោះស្រាយបញ្ហានៅក្នុងវិស័យទេសចរណ៍បានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា នៅក្នុងវិស័យទេសចរណ៍នេះ ជាវិស័យដែលគេត្រូវធ្វើការងារពាក់ព័ន្ធទៅនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស។ ត្រង់ចំណុចនេះមានន័យថា លុះត្រាតែយើងយកបេះដូងគេបាន ទើបគេមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយប្រសិនបើមានរឿងណាមួយពាក់ព័ន្ធនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬក៏បង្កឱ្យមានការព្រួយបារម្ភណាមួយ នោះភ្ញៀវទេសចរនឹងមិនមកចំណាយថវិកាមកលេងកម្សាន្តទាំងអារម្មណ៍របស់គេមិនល្អនោះទេ។ ហេតុនេះហើយ ការកសាងមុខមាត់ សម្អាតមុខមាត់ប្រទេស គឺជារឿងចាំបាច់ និងត្រូវធ្វើបន្ទាន់បំផុត ដើម្បីការងើបឡើងនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូ...
ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅអគារE ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ ពិធីការពារគម្រោងបណ្តោះអាស...
អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (https://i.pinimg.com/originals/fe/53/31)នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើ...
«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែកដល...
តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថ...
(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវ...